ប្រជាពលរដ្ឋជាង៤០០០គ្រួសារក្នុងខេត្តចំនួន៣នឹងទទួលបានគម្រោងលើកកម្ពស់សន្តិសុខស្បៀងអាហារ

ភ្នំពេញ៖ ថ្ងៃសុក្រ ទី៣០ ខែឆ្នូ ឆ្នាំ២០២២ នេះ អង្គការហេឡែន ខេលល័រ អន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងគម្រោង MUSEFO បានផ្តល់ការគាំទ្រថវិកាសម្រាប់គំម្រោង លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវីធីផលិតកម្មស្បៀង ជាលក្ខណៈគ្រួសារ នៅសណ្ឋាគារ ភ្នំពេញ។

Helen Keller International-Cambodiaលោក ហ៊ូ ក្រើន នាយអង្គការហេឡែន ខេលល័រ អន្តរជាតិ បានប្រាប់ឱ្យដឹងនៅក្នុងពិធីបើកសិក្ខាសាលាណែនាំគម្រោង«លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវីធីផលិតកម្មស្បៀង ជាលក្ខណៈគ្រួសារ» គម្រោងផ្តោតសំខាន់លើការផ្តល់បច្ចេកទេសពាក់ព័ន្ធនឹងការធ្វើកសិកម្មឆ្លាតវៃ ការផ្លាស់ប្តូរឥរិយាបថអាហារូបត្ថម្ភ ព្រមជាមួយការផ្តល់ធនធានកសិកម្មកមួយចំនួនដូចជាពូជបន្លែនិងស្រូវ ជីធម្មជាតិ សួនបន្លែសំណាញ់ ម៉ាស៊ីនដាំស្រូវ ផ្ទាំងប៉ាណូផ្សព្វផ្សាយព័ត៌មានកសិកម្ម និងផ្ទាំង Solar Panel ជាដើម។

លោក ហ៊ូ ក្រើន ថា៖ «គម្រោងនឹងមានផែនការជ្រើសប្រជាពលរដ្ឋក្នុងសហគមន៍កសិកម្មចំនួន១០០ មានអ្នកផលិតបន្លែ និងស្រូវចំនួន៤,០០០ គ្រួសារ នៅក្នុងខេត្តតាកែវ កំពត និងកំពង់ធំ ដែលនឹងផ្តល់ប្រយោជន៍ដល់អ្នកបរិភោគចំនួនប្រហែល ៤ ទៅ ៥ លាននាក់»។ 

Helen Keller International-Cambodiaលោកបន្តប្រាប់ទៀតថា ដោយគម្រោងនេះមានកិច្ចសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានគាំទ្រតាមរយៈការសហករណ៍ពីកសិកម្មដើម្បីពង្រឹងសមត្ថភាពក្នុងការផលិតអាហារចម្រុះមុខ មានសារជាតិចិញ្ចឹមល្អ និងប្រកបដោយសុវត្ថិភាពសម្រាប់បរិភោគ និងលក់ដូរលើទីផ្សារក្នុងតម្លៃសមស្រប។ ស្បៀងអាហារដែលនឹងផលិតនឹងត្រូវលក់បញ្ចុះតម្លៃដល់គ្រួសារកសិករដែលមានប័ណ្ណ ក្រ1 និង ក្រ2 ព្រមទាំងគ្រួសារដែលមានស្ត្រីមានផ្ទៃពោះ និងគ្រួសារមានកូនអាយុក្រោម២ឆ្នាំ។

អ្វីដែលកាន់តែល្អប្រសើរជាងនេះទៀត គឺតាមរយៈការសហការជាមួយកម្មវិធីជាតិអាហារូបត្ថម្ភក្នុងការបណ្តុះបណ្តាលយុវជនលើប្រធានបទអាហារូបត្ថម្ភ លើរបបអាហារសុខភាពដើម្បីបន្តការអប់រំផ្សព្វផ្សាយតាមរយៈកម្មវិធីមិត្តអប់រំមិត្ត និងកម្មវិធីអប់រំសហគមន៍។ យុវជនបានរួមរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសារគន្លឹះស្តីពីការទទួលទានអាហារដែលនាំឱ្យមានសុខភាពល្អ និងការផ្លាស់ប្តូរឥរិយាបថវិជ្ជមានលើអាហារូបត្ថម្ភ នៅក្នុងសហគមន៍គោលដៅ ក៏ដូចជាតាមរយៈបណ្តាញទំនាក់ទំនងសង្គម និងវេទិកាប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតផងដែរ។

តាមរយៈគម្រោងនឹងបន្តរួមចំណែកជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទក្នុងការពង្រឹងសម្ថភាពក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្តក្នុងការសម្របសម្រួលភាគីពាក់ព័ន្ធឱ្យធ្វើការរួមគ្នាក្នុងលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងខេត្តនីមួយៗ។

លោក ហ៊ូ ក្រើន បន្ថែមថា៖ «គម្រោងនឹងសហការជាមួយអង្គការ IRRI ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើការប្រើប្រាស់ម៉ាស៊ីនដាំស្រូវរបស់កសិករក្នុងបំណងដើម្បីកំណត់នូវអត្ថប្រយោជន៍ និងហានិភ័យនៃការប្រើប្រាស់ម៉ាស៊ីនដាំស្រូវស្វ័យប្រវត្តិប្រភេទនេះ»។

Helen Keller International-Cambodiaឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានថ្លែងក្នុងឱកាសបើកសិក្ខាសាលាណែនាំគម្រោងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធកម្មសេដ្ឋកិច្ចល្អ និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព មានវិសាលភាពកាន់តែទូលំទូលាយ ព្រមទាំងបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាមួយដ៏ខ្ពស់ បើទោះបីប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់យ៉ាងនេះក៏ដោយក៏វិសមភាពនៅតែបន្តមាននៅឡើយប្រជាពលរដ្ឋ ២២% នៅពុំអាចមានលទ្ធភាពទទួលបានរបបអាហារសុខភាពគ្រប់គ្រាន់នៅឡើយ។

ឯកឧត្ដម សុខ ស៊ីឡូថ្លែងថា៖ «ការលើកលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ គឺជាការងារអន្តរវិស័យដែលតម្រូវឱ្យមានកិច្ចសហការល្អនិងការចូលរួមដោយយកចិត្តទុកពីសំណាក់ភាគីពាក់ព័ន្ធទៅលើកិច្ចអន្តរាគមន៍ចាំបាច់និងការវិនិយោគជាក់ស្តែងទៅលើវិស័យពាក់ព័ន្ធមួយចំនួនជាពិសេសវិស័យកសិកម្ម សុខាភិបាល អប់រំ យេនឌ័រ សេដ្ឋកិច្ច និងការងារគាំពារសង្គម»។

Helen Keller International-Cambodiaឯកឧត្ដមបានធ្វើការអំពាវនាវដល់ភាគីដែលជាប់ពាក់ព័ន្ធគម្រោង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវីធីផលិតកម្មស្បៀង ជាលក្ខណៈគ្រួសារ» ថ្មីនេះ ពិតជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្ត យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ និងផែនទីបង្ហាញផ្លូវកម្ពុជាសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ ក្នុងការការកែលម្អស្ថានភាពសន្តិសុខស្បៀង អាហារូបត្ថម្ភ យេនឌ័រ យុវជននិងការលើកកម្ពស់ជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រប់ទម្រង់សម្រាប់ប្រជាជនទាំងអស់ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានប្តេជ្ញាខិតខំសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ ពិសេសគោលដៅទី២នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពគឺ បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាព ហើយបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យ និងអន្តរ   វិស័យជាច្រើន ព្រមទាំងបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម រួមមាន ផ្លូវថ្នល់ អគ្គិសនី ទឹក ប្រព័ន្ធធារាសាស្ត្រ វិស័យអប់រំ វិស័យសុខាភិបាល និងសេវាគាំពារសង្គមផ្សេងទៀតដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងធានាកាត់បន្ថយភាពក្រីក្រឲ្យបានតាមគោលដៅកំណត់គឺជាង ១% ក្នុងមួយឆ្នាំ។

Helen Keller International-Cambodia លោកក៏បានបន្ថែមថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានធ្វើការសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជាសហការជាមួយក្រសួងស្ថាប័នពាក់ពន្ឋ័ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល រៀបចំ យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ និងរៀបចំផែនការសកម្មភាពការងារ ក្នុងគោលបំណងធ្វើការអន្តរាគមន៍ ដើម្បីកាត់បន្ថយអត្រាក្រិសក្រិន ស្គមស្គាំង និងទប់ស្កាត់ការកើនឡើងនៃអត្រាលើសទម្ងន់ និងធាត់ជ្រុលរបស់កុមារអាយុក្រោម៥ឆ្នាំ និងស្រ្តីក្នុងវ័យបន្តពូជឲ្យបានជាអតិបរិមាដែលបច្ចុប្បន្ននេះអត្រាក្រិសក្រិនរបស់កុមារបានធ្លាក់មកនៅត្រឹម ២២% ។

ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាលបានរៀបចំផែនទីបង្ហាញផ្លូវកម្ពុជាសម្រាប់ប្រព័ន្ធស្បៀងប្រកប ដោយចីរភាពឆ្នាំ២០៣០ដោយបានផ្តល់អាទិភាពខ្ពស់លើសរបបអាហារសុខភាពជាពិសេសបានរំលេចនូវខ្លឹមសារសំខាន់លើការផ្តល់ប្រឹក្សាផ្នែកសុខភាពនិងអាហារូបត្ថម្ភដោយផ្តោតលើឱកាសមាស១០០០ថ្ងៃដំបូងនៃជីវិតតាមរយៈការបង្កើនចំណេះដឹងនិងការផ្លាស់ប្ដូរឥរិយាបថបុគ្គល និងសង្គមដើម្បីជំរុញលើកកម្ពស់អាហារូបត្ថម្ភកាតែប្រសើរដល់ស្តី និងកុមារ។

ឯកឧត្ដម សុខ ស៊ីឡូ៖ «ក្នុងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាក្នុងការអនុវត្តគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវីធីផលិតកម្មស្បៀង ជាលក្ខណៈគ្រួសារ នេះឱ្យបានជោគជ័យតាមសកម្មភាព និងពេលវេលាដែលបានកំណត់»។

Helen Keller International-Cambodiaឯកឧត្តម ម៉ក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ថ្លែងក្នុងឱកាសបិទសិក្ខាសាលាណែនាំគម្រោងថាគម្រោងបានការសហការចូលរួមពីភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយបង្ហាញពីភាពជាម្ចាស់ការ ការទទួលខុសត្រូវ តម្លាភាពរ និងសម្រេចបានគោលដៅរួមលើគំនិតផ្តួចផ្តើមនានា។

ជាក់ស្តែងគម្រោងដែលបាននឹងកំពុងប្រកាសបើកដំណើរនេះជាឱកាសជាដៃគូជាមួយក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ និងសហគមន៍កសិកម្ម ក្នុងខេត្តកំពង់ធំ តាកែវ និងកំពត ពិតជាបានចូលរួមលើកកម្ពស់ និងកែលម្អសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពគ្រួសារកសិករក្រីក្រនៅជនបទ តាមរយៈកម្មវីធីផលិតកម្មស្បៀង ជាលក្ខណៈគ្រួសារពិតប្រាកដមែន នៅថ្ងៃខាងមុខនេះ។

ឯកឧត្តម ម៉ក់ សឿន បានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តន៍បច្ចេកទេសកសិកម្មឆ្លាតវៃ ក្នុងបរិបទអាកាសធាតុប្រែប្រួល ធ្វើយ៉ាងណាជម្រុញកំណើនផលិតកម្មស្បៀងនៅក្នុងចំណោមសមាជិកសហគមន៍កសិកម្មដើម្បីឆ្លើយតបបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពគ្រួសារក្រីក្រនៅក្នុងសហគមន៍។

ឯកឧត្តម ម៉ក់ សឿនថា៖ «ជំរុញលើកទឹកចិត្តសហគមន៍កសិកម្ម ឱ្យបង្កើតផែនការផលិតកម្មច្បាស់លាស់ ក្នុងចំណោមសមាជិករបស់ខ្លួន ដើម្បីធានាបានស្បៀងសម្រាប់គ្រួសារ និងលក់បញ្ចុះតម្លៃដល់គ្រួសារក្រ១ និងក្រ២ នៅក្នុងសហគមន៍របស់ខ្លួន»។

រូបថតដោយ៖ អង្គការហេឡែន ខេលល័រ អន្តរជាតិ

Helen Keller International-CambodiaHelen Keller International-Cambodia