ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៨០,៣៧៨ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិជំនួយឥតសំណងគូសាណូណិ។ ដោយកិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នេះអញ្ជើញចូលរួមដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងអង្គភាពទទួលជំនួយទំាងបី។
ថវិកាចំនួន ៩៨,៣១៧ ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យអូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ផ្តល់ទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី។ ក្នុងគម្រោងមានអគារសិក្សា១ខ្នង ចំនួន៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមថ្នាក់រៀន បង្គន់អនាម័យចំនួន៤បន្ទប់ និងស៊ីទែនទឹកចំនួន១ នឹងត្រូវបានសាងសង់នៅអនុវិទ្យាល័យអូរយ៉ាដាវ ក្នុងខេត្តរតនគិរី។ នៅសាលារៀនដែលភាគច្រើនជាជនជាតិភាគតិច សិក្សាក្នុងថ្នាក់រៀនដែលមានគ្នាច្រើនកកកុញ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធសាលាដែលអាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការគ្រប់គ្រងថ្នាក់រៀន និងការជម្រុញទឹកចិត្តក្នុងការសិក្សា។ គម្រោងរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន៤៥៥ នាក់ និងគ្រូបង្រៀនចំនួន១៥នាក់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសិក្សា និងគុណភាពនៃការអប់រំ។
ថវិកាចំនួន៩១,៥៦៦ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាអូរឬស្សីលើ១ និងសាលាបឋមសិក្សាអូរ ឬស្សីលើ២ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែងផ្តល់ទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង។ ក្នុងគម្រោងនេះមានអគារសិក្សា១ខ្នង ចំនួន៣បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមថ្នាក់រៀន និងស៊ីទែនទឹកចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាអូរឬស្សីលើ១ ហើយអគារសិក្សា១ខ្នងចំនួន៣បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមថ្នាក់រៀន បង្គន់អនាម័យចំនួន១បន្ទប់ និងទែនទឹកចំនួន១នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាអូរឬស្សីលើ២ ក្នុងខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន សិស្សដែលជាជនជាតិភាគតិចនៅសាលាទាំងពីរមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាចាស់សង់ពីឈើមានសភាពទ្រុឌទ្រោម។ គម្រោងនឹងធានាបាននូវបរិយាកាសសិក្សាប្រកប ដោយសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹងថាគម្រោងនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន២០១នាក់ និងគ្រូបង្រៀនចំនួន៨នាក់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំ។
ថវិកាចំនួន៩០,៤៩៥ដុល្លារអាមេរិកសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរសំបួរក្នុងខេត្តកំពង់ស្ពឺដែលបានផ្តល់ទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ។ ជំនួយឥតសំណងត្រូវបានប្រើសម្រាប់ស្តារឡើងវិញនូវទំនប់ទឹកចាស់មួយដែលមានស្រាប់ និងលូប្រអប់ចំនួន២កន្លែង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គម្រោងរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ ជាង៣,៣០០នាក់ តាមរយៈការធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកដែលមានស្ថេរភាពសម្រាប់ការរស់នៅ និងសកម្មភាពកសិកម្មនានា។ គម្រោងនឹងបង្កើនបរិមាណផលិតផលកសិកម្ម និងប្រាក់ចំណូលរបស់ប្រជាកសិករ ហើយក៏នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋផងដែរ។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជា សហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៤លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៥១គម្រោងនៅទូទាំងប្រទេសកម្ពុជា៕
រូបភាពដោយ៖ សហការី