ក្រុមហ៊ុន Yeo’s និងអង្គការមូលនិធិកុមារកម្ពុជា «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា»

សាលាមត្តេយ្យថ្មីមួយខ្នងត្រូវបានបើកដំណើរការឱ្យកុមារកំពុងតែជួបការខ្វះខាត បានចុះឈ្មោះចូលរៀនដោយជោគជ័យ​ ហើយសាលាមួយនេះនឹងផ្តល់ឱ្យកុមារទាំងអស់នោះ នូវលទ្ធភាពទទួលបានការអប់រំកាន់តែប្រសើរឡើង និងអាចបើកផ្លូវឱ្យដំណើរជីវិតរបស់ពួកគេ ឆ្ពោះទៅរកភាពជោគជ័យ និងក្លាយជាអ្នកដឹកនាំរបស់កម្ពុជានាពេលអនាគត។

ភ្នំពេញ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Yeo’s Cambodia ដែលជាក្រុមហ៊ុនភេសជ្ជៈអាស៊ីឈានមុខគេនៅកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការមិនរកប្រាក់ចំណេញក្នុងស្រុក បានរួមគ្នាបើកសម្ពោធជាផ្លូវការនូវសាលាមត្តេយ្យថ្មីដែលមានឈ្មោះថា សាលាមត្តេយ្យ Yeo’s។

សាលាមត្តេយ្យដែលអាចទទួលសិស្សបានចំនួន ៥០ នាក់នេះ គឺជាលទ្ធផលនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) នៃក្រុមហ៊ុន Yeo’s ដើម្បីធានាថា កុមារដែលមិនសូវមានឱកាស អាចទទួលបានការអប់រំមួយដែលល្អ និងអាចទទួលបានជំនាញផ្សេងៗទៅតាមតម្រូវការ និងឆ្ពោះទៅរកការបញ្ចប់ភាពក្រីក្រនៅកម្ពុជា។

ក្នុងពិធិសម្ពោធដាក់ឱ្យប្រើប្រាស់សាលាមត្តេយ្យ Yeo’s ជាផ្លូវការមានការអញ្ជើញចូលរួមជាគណអធិបតីពីសំណាក់ ឯកឧត្តម គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ លោក ឈួន ប៊ុនឈឿន ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៃគណកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាអនុប្រធាននាយកដ្ឋានអប់រំកុមារតូច លោក Ozgur Simsek អគ្គនាយកក្រុមហ៊ុន Yeo’s ប្រចាំប្រទេសកម្ពុជា និងលោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជារួមជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនព្រមទាំងពលរដ្ឋនៅសហគមន៍មូលដ្ឋានផ្ទាល់ បានចូលរួមក្នុងពិធីបើកសម្ពោធនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Yeo’s Cambodia បានបរិច្ចាគជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិកសម្រាប់ការសាង សង់សាលាមត្តេយ្យទីពីរនេះ។ ជំនួយដ៏ច្រើននេះបានផ្តល់លទ្ធភាពឱ្យសាលាមត្តេយ្យថ្មីមួយដែលស្ថិតនៅភាគខាងត្បូងនៃអតីតទីលានចាក់សំរាមស្ទឹងមានជ័យត្រូវបានសាងសង់ជាស្ថាពរក្នុងនោះមានថ្នាក់រៀនចំនួន៤ ការិយាល័យចំនួន៤ ចំណតម៉ូតូមួយកន្លែង និងទីធ្លាសម្រាប់ក្មេងលេងមួយ។

សាលាមត្តេយ្យ Yeo’s នឹងអាចបំពេញចន្លោះខ្វះខាតនៅក្នុងតំបន់ស្ទឹងមានជ័យដែលជាតំបន់ពុំសូវមានសុវត្ថិភាព និងកង្វះការអប់រំសម្រាប់កុមារតូចៗ។ កន្លងមកគ្រួសារនៅទីនោះមិនអាចបញ្ជូនកូនរបស់ពួកគេទៅកាន់សាលាមត្តេយ្យដើមរបស់អង្គការមូលនិធិកុមារកម្ពុជាបាននោះទេ ​​ពីព្រោះវាមានចំងាយឆ្ងាយ និងត្រូវការចំណាយច្រើនសម្រាប់ការធ្វើដំណើរ។ ដមានន័យថាកុមារនៅភាគខាងត្បូងនៃតំបន់នេះត្រូវបានបាត់បង់ឱកាសចូលរៀននៅសាលាដោយត្រូវរស់នៅតាមដងផ្លូវ ខណៈដែលឪពុកម្តាយរបស់ពួកគេត្រូវធ្វើការជាប្រចាំ។ សាលាមត្តេយ្យមួយនេះនឹងមិនត្រឹមតែជាស្ថាប័នអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដ៏មានសុវត្ថិភាពសម្រាប់កុមារនៅពេលថ្ងៃផងដែរ។

យុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា» គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ Yeo’s ដែលមើលឃើញថា Yeo’s មិនមែនត្រឹមតែក្រុមហ៊ុនភេសជ្ជៈមួយប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម។

លោក Ozgur Simsek បានលើកឡើងថា៖ «វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ខ្លាំងណាស់នៅក្នុងសង្គម។ សម្រាប់ Yeo’s យើងខ្ញុំជឿជាក់ថា យើងអាចរួមគ្នាកសាងពិភពលោកមួយដែលគួរឱ្យចង់រស់នៅបាន ដូច្នេះហើយនេះជាហេតុផលដែលយើងបានចាប់ដៃគូជាមួយអង្គការមូលនិធិកុមារកម្ពុជាក្នុងការបន្តធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍។ នេះ គឺជាអ្វីដែលលោក Scott Neeson តែងតែស្រមៃចង់បាន ហើយវាក៏បានក្លាយជាការពិតត្រង់ថាយើងបានផ្ដល់ជូនដល់ជនក្រីក្រ និងខិតទៅជិតទៅរកការបញ្ចប់វដ្ដនៃភាពក្រីក្រនៅកម្ពុជា ទាំងអស់នេះ គឺជារឿងមួយដែលយើងពេញចិត្តយ៉ាងខ្លាំង»។

យុទ្ធនាការនេះ គឺជាជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកការបញ្ចប់ភាពក្រីក្រនៅកម្ពុជា និងជាសក្ខីភាពមួយក្នុងការបង្ហាញអំពីឥទ្ធិពលវិជ្ជមានរបស់វិស័យឯកជនទៅលើសង្គមជាតិ។ យុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា» បានបំពេញបន្ថែមនូវចំណុចខ្វះចន្លោះនៅក្នុងសហគមន៍ ដោយធានាឱ្យមានការអប់រំមួយប្រកបដោយគុណភាព និងសមធម៌សម្រាប់ទាំងអស់គ្នា។ ការលើកកម្ពស់ការទទួលបាននូវការសិក្សាពេញមួយជីវិត គឺជាបេសកកម្មតម្រង់ទិសមួយ ដែលស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិផងដែរ។

លើសពីនេះ សាលាមត្តេយ្យ Yeo’s នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រទិសដៅយុទ្ធសាស្ត្ររបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ក្នុងការផ្តល់ការអប់រំ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីគាំទ្រដោយផ្ទាល់ក៏ដូចជាកម្មវិធីគាំទ្រសហគមន៍ផ្សេងៗ។ គំនិតផ្តួចផ្តើមរបស់ ក្រុមហ៊ុន Yeo’s  និងអង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសាធារណៈថា វាពិតជាមានភាពចាំបាច់ក្នុងការលើកកម្ពស់សហគមន៍ក្រីក្រ និងផ្តល់ជូននូវឱកាសដែលពួកគេគួរតែទទួលបាន។

លោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជាបានលើកឡើងថា៖ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានសាងសង់កន្លែងអប់រំថ្មីមួយនេះប្រកបដោយភាពជោគជ័យសម្រាប់កុមារតូចៗ ជាច្រើនដែលកំពុងរស់នៅតំបន់ស្ទឹងមានជ័យនេះ។ សាលាមត្តេយ្យនេះមិនត្រឹមតែផ្តល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សានាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងសម្រាប់កុមារដើម្បីទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ក៏ដូចជាសុវត្ថិភាពសម្រាប់ពួកគេគ្រប់ៗ គ្នា ខណៈពេលដែលឪពុកម្តាយរបស់ពួកគេកំពុងធ្វើការនៅខាងក្រៅ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Yeo’s Cambodia សម្រាប់ការបរិច្ចាគ និងរួមចំណែកដ៏ធំធេងមួយនេះ»

លោកបន្ថែមថា៖ «បច្ចុប្បន្ននេះអង្គការមូលនិធិកុមារកម្ពុជា កំពុងផ្ដល់ជំនួយ និងគាំទ្រដល់ការអប់រំដល់កុមារចំនួនប្រមាណជាជាង ១៧០០នាក់ ដើម្បីផ្លាស់ប្តូរជីវិតក្មេងៗ រាប់ពាន់នាក់ ដែលរស់នៅសហគមន៍ខ្វះខាតបំផុតក្នុងប្រទេសកម្ពុជា»។

ក្រុមហ៊ុន Yeo’s មានប្រវត្តិច្រើនជាង ១២០ឆ្នាំមកហើយ ក្រុមហ៊ុនត្រូវបានគេហៅម៉្យាងទៀតថា YHS ឬ Yeo Hiap Seng។ នៅក្នុងឧស្សាហកម្មភេសជ្ជៈ និងអាហារ Yeo’s គឺជាម៉ាកយីហោល្បីល្បាញលំដាប់អន្តរជាតិមួយដែលគួរឱ្យទុកចិត្តបំផុត។ ជាម៉ាកភេសជ្ជៈអាស៊ីឈានមុខគេនៅកម្ពុជា Yeo’s ប្ដេជ្ញាបំពេញតម្រូវការរបស់អ្នកទទួលទានជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ ល្អចំពោះសុខភាព និងជាផលិតផលដែលប្រកបដោយភាពច្នៃប្រឌិត។

Yeo’s ជាភេសជ្ជៈល្បីឈ្មោះឈានមុខគេក្នុងទីផ្សារភេសជ្ជៈនៅអាស៊ី Yeo’s បានពង្រីកវិសាលភាពទៅកាន់អតិថិជនកាន់តែច្រើន និងពង្រឹងវត្តមានឧស្សាហកម្មរបស់ខ្លួន តាមរយៈការពង្រីកសាខាទៅកាន់តំបន់ជុំវិញពិភពលោក និងការធ្វើពិពិធកម្មផលិតផលផងដែរ។ ធ្វើយ៉ាងណានៅក្នុងទីផ្សារប្រកួតប្រជែងលើវិស័យភេសជ្ជៈ ក្រុមការងាររបស់ Yeo’s អាចរក្សាបាននូវគុណប្រយោជន៍ ភាពទាន់សម័យទៅតាមតម្រូវការ និងការវិវត្តរបស់អ្នកទទួលទានក៏ដូចជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ដោយផ្អែកលើរបៀបរបបរស់នៅ និងភាពខុសគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗ។

នៅឆ្នាំ២០២០ ​ Yeo’s ចាប់ផ្តើមបើកដំណើរការរោងចក្រផលិតនៅកម្ពុជាដោយផ្ទាល់។ នៅឆ្នាំ២០២១ Yeo’s បានទទួល ពានរង្វាន់ស្តង់ដារមាសសម្រាប់ផ្នែកពន្ធ។ Yeo’s គឺជាភេសជ្ជៈអាស៊ីជម្រើសទី១ នៅប្រទេសកម្ពុជា នេះបើយោងទៅលើការស្រាវជ្រាវរបស់ Kantar នៅដើមខែមីនា ឆ្នាំ២០២១។​

នៅឆ្នាំ២០២១ Yeo’s បានចូលរួមសហការជាមួយអង្គការ CCF ដែលជាផ្នែកមួយនៃការគាំទ្រសហគមន៍ដែល Yeo’s ក៏បានខិតខំប្រឹងប្រែងលើកទឹកចិត្តឱ្យអតិថិជនរបស់ខ្លួនចូលរួមជាផ្នែកមួយនៃយុទ្ធនាការសង្គមនេះផងដែរ។ ចាប់ពីឆ្នាំ២០២២ នេះតទៅ Yeo’s  នឹងចាប់ផ្តើមពង្រីកទីផ្សារ ដោយនាំចេញផលិតផល របស់ខ្លួនពីប្រទេសកម្ពុជាទៅ កាន់ប្រទេសផ្សេងដ៏ទៃទៀតនៅ តំបន់អាស៊ី។

Yeo’s បានឈ្នះពានរង្វាន់ក្នុងអំឡុងពេល ២ឆ្នាំចុងក្រោយនេះ​ ដោយនៅឆ្នាំ២០១៧ Yeo’s ទទួលបានពានរង្វាន់ម៉ាកយីហោដែលមានកិត្យានុភាពនៅសិង្ហបុរី (Singapore Prestige Brand Award) សម្រាប់ម៉ាកយីហោពេញនិយមបំផុតប្រចាំតំបន់។ នៅឆ្នាំ២០១៨ Yeo’s ទទួលបានពានរង្វាន់ឈ្មោះថា The Brand Laureate World Halal Brand Award 2018 ដែលជាពានសម្រាប់ម៉ាកយីហោល្អបំផុតក្នុងចំណោមប្រភេទទំនិញអាហារ និងភេសជ្ជៈដែលលក់ដាច់លឿនរហ័សជាងគេ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ Yeo’s Cambodia៖ https://www.yeos.com.sg/ ឬគេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/yeos.kh

អង្គការមូលនិធិកុមារកម្ពុជាជឿជាក់ថាជាមួយនឹងការអប់រំប្រកបដោយគុណភាព និងភាពជាអ្នកដឹកនាំកុមារម្នាក់អាចមានសក្តានុពលក្នុងការលើកស្ទួយជីវភាពគ្រួសារទាំងមូលចេញពីភាពក្រីក្របាន ហើយក្រុមកុមារដែលមានការអប់រំបានខ្ពង់ខ្ពស់ អាចមានឱកាសក្នុងការផ្លាស់ប្តូរសង្គមមួយបាន។

សាលាមត្តេយ្យរបស់អង្គការមូលនិធិកុមារកម្ពុជាផ្ដល់នូវកម្មវិធីសិក្សាពេញម៉ោងសម្រាប់កុមារតូចៗ ដែលមានអាយុចាប់ពី ៣ ទៅ ៦ ឆ្នាំ ដែលជាធម្មតា ពួកគេត្រូវបានផ្លាស់ប្ដូរពីកម្មវិធីថែទាំកុមាររបស់អង្គការមូលនិធិកុមារកម្ពុជាដោយផ្ទាល់។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រតាំងពីនៅវ័យកុមារ ក្នុងបរិយាកាសសប្បាយរីករាយ សុវត្ថិភាព និងការយកចិត្តទុកដាក់ ដែលទាំងអស់នេះជាការលើកកម្ពស់ការអភិវឌ្ឍរាងកាយ ការចេះរស់នៅក្នុងសង្គម អារម្មណ៍ផ្លូវចិត្តល្អ និងការយល់ដឹងរបស់កុមារទាំងអស់គ្នា។

កម្មវិធីនេះ គឺជាការរៀបចំសិស្សានុសិស្សឱ្យមានការត្រៀមខ្លួនរួចជាស្រេចមុននឹងបញ្ចូនទៅកាន់ប្រព័ន្ធអប់រំសាធារណៈ រួមទាំងក្នុងកម្មវិធីអប់រំដ៏ទូលំទូលាយរបស់អង្គការមូលនិធិកុមារកម្ពុជាផ្ទាល់។ សិស្សានុសិស្សទាំងអស់ទទួលបានអាហារ ៣ ពេលក្នុងមួយថ្ងៃ បូករួមទាំងអាហារសម្រន់ដែលល្អចំពោះសុខភាព ព្រមទាំងជំនួយផ្នែកវេជ្ជសាស្ត្រ និងសុខភាពផងដែរ។ អង្គការមូលនិធិកុមារកម្ពុជាតែងតែរក្សាការពារកុមារឱ្យនៅឆ្ងាយពីស្ថានភាពមិនមានសុវត្ថិភាពជាមួយឪពុកម្តាយរបស់ពួកគេ ខណៈពេលដែលពួកគេកំពុងរើសអេតចាយ ឬនៅតាមកន្លែងសំណង់ដែលគ្រោះថ្នាក់។ នៅឆ្នាំ២០២០ កម្មវិធីនេះបានបណ្ដុះបណ្ដាលសិស្សចំនួន ៩០ នាក់រួចមកហើយ៕

រូបថតដោយ៖ ទុយ អេងលី​ (សាគូរ៉ា)