ឯកឧត្តម សុខ ស៊ីទ្បូ៖ អត្ថបទចំនួន ៦៥៧ ស្តីពីអាហារូបត្ថម្ភត្រូវបានចុះផ្សាយដោយសារព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម សុខ ស៊ីទ្បូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានលើកឡើងនាឱកាសបិទសិក្ខាសាលាស្តីពីសារព័ត៌មានអាហារូបត្ថម្ភ និងពិធីប្រគល់រង្វាន់ដល់អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភសម្រាប់ជុំទី២ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ថាប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃប្រព័ន្ឋស្បៀង សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារក្នុងការរួមចំណែកដល់ការរអភិវឌ្ឍមូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ។​

កន្លងមកឯកឧត្តម សុខ ស៊ីទ្បូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានសង្កេតឃើញថាការផ្សព្វផ្សាយព័ត៌មានក្នុងវិស័យនេះ មិនសូវបានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកសារព័ត៌មាន ដោយសារតែកត្តាជាច្រើនរួមទាំងចំណេះដឹង និងការខ្វះទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងអ្នកធ្វើការលើវិស័យប្រព័ន្ឋស្បៀង សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារ។

តាមរយៈអង្គការ Helen Keller គម្រោង MUSEFO នៃអង្គការ GIZ បានសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងព័ត៌មាន អង្គការ Alive & Thrive សកលវិទ្យាល័យ MSVU ប្រទេសកាណាដា បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការរាយការណ៍ព័ត៌មានអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនេះ​​ឡើងក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពក្នុងចំណោមអ្នកសារព័ត៌មាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយជាមួយអ្នកធ្វើការលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ។

បន្ទាប់ពីគម្រោងបានផ្តល់ការបណ្តុះបណ្តាល​ដល់អ្នកសារព័ត៌មានកន្លងមក​ លោកសង្គេតឃើញថា​មានអត្ថបទសារព័ត៌មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភក្នុងវិស័យសុខាភិបាល និងអាហារូបត្ថម្ភក្រៅពីវិស័យសុខាភិបាលជាច្រើនបានផ្សព្វផ្សាយដោយអ្នកសារព័ត៌មានបន្ទាប់ពីការបង្កើតក្រុមការងារអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភនេះឡើង។

ដើម្បីលើកទឹកចិត្តអ្នកសារព័ត៌មានក្នុងការបង្កើនការផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យអាហារូបត្ថម្ភអង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ បានបង្កើតកម្មវិធីប្រកួតប្រជែងដោយការប្រកួតប្រជែងលើកទី១ បានចាប់ផ្តើមពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រកួតប្រជែងជាលើកទី២ បានចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២  ហើយនៅជុំ ទី២ មានសារព័ត៌មានចំនួន ៦៥៧ អត្ថបទពាក់ព័ន្ធនឹងអាហារូបត្ថម្ភ វិស័យសុខាភិបាល និងអាហារូបត្ថម្ភក្រៅពីវិស័យសុខាភិបាលត្រូវបានផ្សព្វផ្សាយរួមជាមួយខ្លឹមសារទាក់ទងនឹងការអនុវត្តន៍អនុក្រិត្យលេខ១៣៣ គោលនយោបាយអាហារូបត្ថម្ភ ការបំបៅដោះកូន ការផ្តល់អាហារបន្ថែម ការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ប្រព័ន្ធស្បៀង អាហារូបត្ថម្ភមាតា ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ សុវត្ថិភាពចំណីអាហារ ស្លាកសញ្ញាចំណីអាហារ ផលិតកម្មស្បៀង ការធ្វើកសិកម្មគិតគូរដល់អាហារូបត្ថម្ភ អនាម័យ ទឹកស្អាត ជំនួយសង្គម ទីផ្សារកសិកម្ម ទិន្នន័យពាក់ព័ន្ធអាហារូបត្ថម្ភ និងសកម្មភាពផ្សេងៗ ទៀតដែលគិតគូរពីអាហារូបត្ថម្ភ។

ក្រៅពីលើកទឹកចិត្តអ្នកសារព័ត៌មានឱ្យបន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភកាន់តែច្រើនឡើង កម្មវិធីប្រកួតប្រជែងក៏ផ្តោតសំខាន់ក្នុងការពង្រឹងគុណភាពអត្ថបទសារព័ត៌មាន​ឱ្យកាន់តែល្អប្រសើរផងដែរ។ កម្មវិធីបានធ្វើវាយតំលៃខ្ពស់ដល់អ្នកសារព័ត៌មានដែលខិតខំយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយព័ត៌មានលើវិស័យទាំងនេះ៕

រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)