លោក Biden បង្ហាញការប្តេជ្ញាចិត្ត​ចំពោះយុវជនកម្ពុជានៅក្នុងជំនួបជាមួយសមាជិក​នៃគម្រោង YSEALI

ភ្នំពេញ៖ លោកប្រធានាធិបតី Joseph R. Biden បានមានការប្រាស្រ័យជាមួយសមាជិក​នៃ គម្រោងនៃគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ ឬហៅថា YSEALI នៅក្នុងអំឡុងពេល​នៃកិច្ចប្រជុំកំពូល អាស៊ាន នៅក្រុងភ្នំពេញ។ មេដឹកនាំសង្គមស៊ីវិល និងសហគ្រិនកម្ពុជា បានពិភាក្សាពីការងារផ្សេងៗ របស់គេដើម្បីជំរុញសិទ្ធិមនុស្ស ការអភិវឌ្ឍន៍​ប្រកបដោយនិរន្តរភាព និងការអប់រំ ហើយនិងដើម្បីប្រឆាំងការជួញដូរមនុស្ស និងការខូចបរិស្ថាន នៅព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានាធិបតី  Biden បានមានប្រសាសន៍ថា៖ «យើងពិតជាយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់យើងជាមួយអាស៊ាន និងទំនាក់ទំនងរបស់យើងជាមួយនឹងប្រជាជន ហើយ​នេះ គឺជាមូលហេតុដែលខ្ញុំមានវត្តមាន​នៅ​ទី​នេះ ក្នុងពេល​នេះ»។ លោកប្រធានាធិបតីក៏បានថ្លែងសង្កត់ផងដែរ ពីការប្តេជ្ញាចិត្ត​របស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមនុស្សជំនាន់ក្រោយនៅអាស៊ី​អាគ្នេយ៍។

ដោយសម្តែងការវាយតម្លៃខ្ពស់ចំពោះគម្រោងកម្មវិធីនេះ សមាជិក YSEALI ម្នាក់បាននិយាយថា៖ «បទពិសោធន៍របស់ខ្ញុំ​នៅក្នុងកម្មវិធី YSEALI បានធ្វើឱ្យជីវិតខ្ញុំមានការប្រែប្រួល។ ក្នុងនាមជាយុវតីម្នាក់ដែលមកពីខេត្តនៅប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៍ជាលើកដំបូងថាគេ​​មានជំនឿមកលើខ្ញុំ»។ 

ជំនួបជាមួយយុវជននេះបានកើតឡើងបន្ទាប់ពីមានសេចក្តីប្រកាសរបស់លោកប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលពិសេសហរដ្ឋអាមេរិក អាស៊ាន កាលពីខែឧសភា ឆ្នាំ២០២២ ថាក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងបង្កើនទ្វេដង នូវទំហំ​នៃកម្មវិធី YSEALI នៅក្នុងរយៈពេល ៣ឆ្នាំ ដោយធ្វើឱ្យមេដឹកនាំថ្មីៗ ចំនួន ៩០០​នាក់ទទួលបានផលល្អ​ពីឱកាសទាក់ទងនឹងអាជីពការងារ និងការសិក្សាស្រាវជ្រាវ​របស់ YSEALI នៅរាល់ឆ្នាំ។ យុវជននៅកម្ពុជា និងនៅទូទាំងតំបន់អាស៊ី​អាគ្នេយ៍ក៏​នឹងចូលរួមផងដែរ នៅក្នុងកិច្ចប្រជុំកំពូលរបស់ YSEALI ពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែធ្នូ នៅរាជធានីភ្នំពេញ។

ដោយត្រូវបានបង្កើតឡើង​នៅឆ្នាំ២០១៣ YSEALI គឺជាកម្មវិធីសំខាន់មួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពង្រឹងភាពជាដៃគូជាមួយមេដឹកនាំថ្មីៗ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បង្កើនជំនាញ​របស់ពួកគេក្នុងនាមជាអ្នកជំរុញដ៏ល្អក្នុងកិច្ចការនៃការចូលរួម​របស់ពលរដ្ឋ សេដ្ឋកិច្ច និងកិច្ចការមិនមែនរដ្ឋាភិបាលនៅក្នុងតំបន់ និងដើម្បី​លើកទឹកចិត្តពួកគេឱ្យធ្វើការជាលក្ខណៈអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។

YSEALI រួមបញ្ចូលប្រទេសជាសមាជិកអាស៊ា​នទាំង ១០ រួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្តូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបូរី ថៃ និងប្រទេសវៀតណាម ព្រមទាំងប្រទេស ទីម៉រ ដែលមេដឹកនាំអាស៊ានបានយល់ព្រមឱ្យចូលជារដ្ឋសមាជិកទី១១ ​នៃសមាគម​នេះទៅអនាគតកាលពីថ្ងៃទី១១ ខែវិច្ឆិកា៕

ប្រភព៖ ស្ថានទូតអាមេរិក​ប្រចាំកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here