ភ្នំពេញ៖ លោកប្រធានាធិបតី Joseph R. Biden បានមានការប្រាស្រ័យជាមួយសមាជិកនៃ គម្រោងនៃគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ ឬហៅថា YSEALI នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល អាស៊ាន នៅក្រុងភ្នំពេញ។ មេដឹកនាំសង្គមស៊ីវិល និងសហគ្រិនកម្ពុជា បានពិភាក្សាពីការងារផ្សេងៗ របស់គេដើម្បីជំរុញសិទ្ធិមនុស្ស ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការអប់រំ ហើយនិងដើម្បីប្រឆាំងការជួញដូរមនុស្ស និងការខូចបរិស្ថាន នៅព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា៖ «យើងពិតជាយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់យើងជាមួយអាស៊ាន និងទំនាក់ទំនងរបស់យើងជាមួយនឹងប្រជាជន ហើយនេះ គឺជាមូលហេតុដែលខ្ញុំមានវត្តមាននៅទីនេះ ក្នុងពេលនេះ»។ លោកប្រធានាធិបតីក៏បានថ្លែងសង្កត់ផងដែរ ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមនុស្សជំនាន់ក្រោយនៅអាស៊ីអាគ្នេយ៍។
ដោយសម្តែងការវាយតម្លៃខ្ពស់ចំពោះគម្រោងកម្មវិធីនេះ សមាជិក YSEALI ម្នាក់បាននិយាយថា៖ «បទពិសោធន៍របស់ខ្ញុំនៅក្នុងកម្មវិធី YSEALI បានធ្វើឱ្យជីវិតខ្ញុំមានការប្រែប្រួល។ ក្នុងនាមជាយុវតីម្នាក់ដែលមកពីខេត្តនៅប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៍ជាលើកដំបូងថាគេមានជំនឿមកលើខ្ញុំ»។
ជំនួបជាមួយយុវជននេះបានកើតឡើងបន្ទាប់ពីមានសេចក្តីប្រកាសរបស់លោកប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលពិសេសហរដ្ឋអាមេរិក អាស៊ាន កាលពីខែឧសភា ឆ្នាំ២០២២ ថាក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងបង្កើនទ្វេដង នូវទំហំនៃកម្មវិធី YSEALI នៅក្នុងរយៈពេល ៣ឆ្នាំ ដោយធ្វើឱ្យមេដឹកនាំថ្មីៗ ចំនួន ៩០០នាក់ទទួលបានផលល្អពីឱកាសទាក់ទងនឹងអាជីពការងារ និងការសិក្សាស្រាវជ្រាវរបស់ YSEALI នៅរាល់ឆ្នាំ។ យុវជននៅកម្ពុជា និងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ក៏នឹងចូលរួមផងដែរ នៅក្នុងកិច្ចប្រជុំកំពូលរបស់ YSEALI ពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែធ្នូ នៅរាជធានីភ្នំពេញ។
ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ YSEALI គឺជាកម្មវិធីសំខាន់មួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពង្រឹងភាពជាដៃគូជាមួយមេដឹកនាំថ្មីៗ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បង្កើនជំនាញរបស់ពួកគេក្នុងនាមជាអ្នកជំរុញដ៏ល្អក្នុងកិច្ចការនៃការចូលរួមរបស់ពលរដ្ឋ សេដ្ឋកិច្ច និងកិច្ចការមិនមែនរដ្ឋាភិបាលនៅក្នុងតំបន់ និងដើម្បីលើកទឹកចិត្តពួកគេឱ្យធ្វើការជាលក្ខណៈអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។
YSEALI រួមបញ្ចូលប្រទេសជាសមាជិកអាស៊ានទាំង ១០ រួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្តូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបូរី ថៃ និងប្រទេសវៀតណាម ព្រមទាំងប្រទេស ទីម៉រ ដែលមេដឹកនាំអាស៊ានបានយល់ព្រមឱ្យចូលជារដ្ឋសមាជិកទី១១ នៃសមាគមនេះទៅអនាគតកាលពីថ្ងៃទី១១ ខែវិច្ឆិកា៕
ប្រភព៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា