ក្រុមយុវជនអាហាររូបករណ៍អាស៊ានឆ្នាំ២០២២ ធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី

យុវជនដែលជាមេដឹកនាំជំនាន់ក្រោយមកពីបណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ បានស្វែងរកឱកាសកសាងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ តាមរយៈកម្មវិធីអាហាររូបករណ៍យុវជនអាស៊ានដែលសហការរៀបចំដោយអង្គការមូលនិធិអន្តរជាតិសិង្ហបុរី  (SIF) និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី (NYC)។

ប្រទេសសិង្ហបុរី នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ យុវជនដែលជាមេដឹកនាំជំនាន់ក្រោយចំនួន ៤៥នាក់ មកពីបណ្ដាប្រទេសសមាជិកអាស៊ានបានជួបជុំគ្នានៅប្រទេសសិង្ហបុរី ក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ និងទំនាក់ទំនងរវាងយុវជនអាស៊ាន (ASEAN Youth Fellowship) លើកទី៤ ដែលមានការសហការរៀបចំដោយអង្គការមូលនិធិអន្តរជាតិសិង្ហបុរី និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី។

កម្មវិធីនេះ បានធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ក្នុងនោះរួមមាន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ដែលជាជុំទីពីរ ធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរ និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។

កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ និងទំនាក់ទំនងរវាងយុវជនអាស៊ានឆ្នាំ២០២២ ដែលត្រូវបានបំផុសគំនិតដោយមូលបទដ៏មានអត្ថន័យរបស់កម្ពុជាដែលជាម្ចាស់ផ្ទះអាស៊ានគឺ «អាស៊ាន A.C.T៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» តាមរយៈការផ្តោតលើសកម្មភាពអាស៊ានរួមគ្នាដើម្បីជម្នះបញ្ហាជាច្រើន និងភាពមិនច្បាស់លាស់ផ្សេងៗ ក្នុងតំបន់។

យុវជនទាំងអស់បានចូលរួមក្នុងវគ្គសិក្ខាសាលាជាច្រើនក៏ដូចជាកិច្ចសន្ទនា និងការជជែកគ្នាផ្សេងៗ ដើម្បីឈ្វេងយល់ពីនិន្នាការ និងភាពច្នៃប្រឌិតនៃសង្គមដែលរឹងមាំមួយ ជាពិសេសបច្ចេកវិទ្យាដើម្បីសុខុមាលភាព ទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។ លើសពីនេះ កម្មវិធីក៏បានផ្ដោតលើតួនាទីដែលយុវជនអាស៊ានអាចធ្វើបានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដើម្បីនាំមកនូវភាពវិជ្ជមានសម្រាប់ទាំងអស់គ្នា និងសិក្សាអំពីផលប៉ះពាល់រយៈពេលវែងទៅដល់អនាគតរួមរបស់ពួកគេ។

យុវជនទាំងអស់នោះក៏បានមានឱកាសធ្វើទំនាក់ទំនងជាមួយមេដឹកនាំដែលមានគំនិតល្អៗ ជាច្រើនមកពីវិស័យផ្សេងៗ គ្នា រួមមាន មន្ត្រីការិយាល័យសាធារណៈជាន់ខ្ពស់ ដូចជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី លោក អុង យៀ ខុង (Ong Ye Kung) និងរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យារបស់ឥណ្ឌូនេស៊ី លោក ណាដៀម អានវ៉ា ម៉ាខារីម (Nadiem Anwar Makarim) ជាដើម។

ក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីផងដែរ លោក ណាដៀម អានវ៉ា ម៉ាខារីម បានមានប្រសាសអំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំក្នុងចំណោមយុវជនជំនាន់ក្រោយដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត។

លោកបានលើកឡើងថា៖ «បញ្ហាប្រឈមមួយដែលយុវជនមេដឹកនាំជំនាន់ក្រោយនឹងត្រូវប្រឈមនាពេលអនាគតនោះគឺ ការបង្រូបបង្រួមវិស័យផ្សេងៗ ឱ្យមានការសហការជាមួយគ្នា។ ពីព្រោះពេលនេះជាពេលដែលវិស័យសាធារណៈ ឯកជន និងប្រជាជនត្រូវសហការគ្នា ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព។ យុវជនជំនាន់ក្រោយត្រូវនាំមុខដឹកនាំឲ្យមានការសហការរួមគ្នាកើតឡើងដើម្បីបង្កើតផលវិជ្ជមានក្នុងសង្គម»។

នៅក្នុងប្រទេសទាំងពីរខាងលើនេះ យុវជនទាំងអស់បានរៀនសូត្រនូវបទពិសោធន៍ផ្ទាល់ពីដំណើរការសិក្សា ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យពួកគេនូវការយល់ដឹងអំពីភាពច្នៃប្រឌិតក្នុងសង្គម សន្តិសុខស្បៀង និងការគ្រប់គ្រងវិបត្តិស្បៀងអាហារ និងជាពិសេសនិរន្តរភាពនៃបរិស្ថាន។

នៅក្នុងប្រទេសសិង្ហបុរី យុវជនទាំងនោះបានទៅទស្សនាភូមិមួយដែលមានឈ្មោះថា Enabling Village ដែលជាកន្លែងសហគមន៍រួមបញ្ចូលគ្នាដើម្បីគាំទ្រជនពិការ។ បន្ទាប់មកទៀត ពួកគេបានទៅទស្សនកិច្ចបន្តនៅតំបន់ Geylang  ដឹកនាំដោយក្រុមការងាររបស់ Citizen Adventures ដែលជាសហគ្រាសសង្គមមួយ តែងតែធ្វើការផ្តោតសំខាន់ និងចែករំលែកនូវចំណេះដឹងទៅក្នុងតំបន់ជិតខាងអំពីទំនាក់ទំនងគ្នាជាប្រព័ន្ធអេកូសង្គម។ លើសពីនេះ ពួកគេក៏បានទៅទស្សនកិច្ចនៅក្រុមហ៊ុន Innovate 360 ដែលជាក្រុមហ៊ុនផលិតចំណីអាហារដំបូងគេរបស់ប្រទេសសិង្ហបុរី។ កន្លងមក ក្រុមហ៊ុននេះធ្លាប់បានជួយដល់ការចាប់ផ្ដើមអាជីវកម្ម Start-up លើចំណីអាហារប្រមាណជាជាង ៨០ ឱ្យមានភាពរីកចម្រើន និងពង្រីកទីផ្សារទៅកាន់តំបន់អាស៊ីរួចមកហើយ។

ដោយឡែក នៅឯទីក្រុងហ្សាការតា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា វិញ យុវជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ បានទៅទស្សនកិច្ចនៅកន្លែងកែឆ្នៃ និងកន្លែងចាក់សំរាម ដែលគ្រប់គ្រងដោយ Waste4Change ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាស្វែងរកដំណោះស្រាយផ្នែកការគ្រប់គ្រងកាកសំណល់ប្រកបដោយការទទួលខុសត្រូវនៅប្រទេសឥណ្ឌូនេស៊ី។ ពួកគេក៏បានបន្តធ្វើទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននាទីក្រុងហ្សាការតា ហើយនៅក្នុងកម្មវិធីជជែកពិភាក្សាមួយ ពួកគេក៏បានជួបជាមួយនាយកផ្នែកនយោបាយ និងសន្តិសុខ គឺលោកបណ្ឌិត តាង ស៊ូ មុន (Tang Siew-Mun) ផងដែរ។ ការពិភាក្សានេះ បានលើកយកបញ្ហាសំខាន់ៗ ដែលអាស៊ានកំពុងប្រឈមមុខ និងរបៀបដែលយុវជនអាចធ្វើការរួមគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ។

លោក គឹម បូរា សមាជិកមកពីប្រទេសកម្ពុជា ដៃគូជាន់ខ្ពស់និងនាយកនៅដៃគូយុទ្ធសាស្ត្រមេគង្គបាននិយាយថា៖ «ការចូលរួមកម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន គឺជាឱកាសមួយដ៏កម្រក្នុងជីវិត។ ខ្ញុំមានភាពត្រេកអរណាស់ដែលបានជួបជាមួយអ្នកបង្កើតគោលនយោបាយជាន់ខ្ពស់ និងអ្នកជំនាញក្នុងវិស័យផ្សេងៗ​ ពីប្រទេសសិង្ហបុរីនិងឥណ្ឌូនេស៊ី ដែលកំពុងធ្វើឱ្យមានផលវិជ្ជមាននៅក្នុងវិស័យនីមួយៗ របស់ពួកគាត់។ ការចូលរួមនេះបានបំផុសគំនិតឱ្យខ្ញុំឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីរួមចំណែកដល់ប្រទេសកម្ពុជា និងអាស៊ានឲ្យកាន់តែប្រសើរឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»។

លោក បោង ច័ន្ទសម្បត្តិ ជាសមាជិកមួយទៀតដែលមកពីប្រទេសកម្ពុជាបានលើកឡើងថា៖ «សម្របពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានធ្វើជាសមាជិកតំណាងប្រទេសរបស់ខ្ញុំនៅក្នុងកម្មវិធីអាហាររូបករណ៍យុវជនអាស៊ានឆ្នាំ២០២២។ ចំណុចដែលគួរឱ្យកត់សំគាស់នោះ គឺការជួបជុំជាមួយយុវជនដែលមានផ្នត់គំនតដូចគ្នាជាច្រើននៅទូទាំងតំបន់អាស៊ាន។ ខ្ញុំបានរៀនសូត្រច្រើនពីពួកគាត់ ហើយទន្ទឹងរង់ចាំការសហការជាមួយពួកគាត់ផងដែរ»។

លោក បោង ច័ន្ទសម្បត្តិ គឺជានាយករងមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ លោកបានបន្តទៀតថា៖ «ទោះបីយើងមានសាវតាខុសគ្នាក៏ដោយ តែពួកយើងមានទំនួលខុសត្រូវដូចគ្នាក្នុងការអភិវឌ្ឍអាស៊ានឱ្យក្លាយជាសង្គមដែលរឹងមាំនិងត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលអនាគត»។

កញ្ញា តាន់ ចន្ទ័ណារត្ន័ ជាសមាជិកម្នាក់ទៀតដែលមកពីប្រទេសកម្ពុជាបាននិយាយថា៖ «ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ នាងខ្ញុំបានទទួលការយល់ដឹងដ៏មានតម្លៃចំពោះបញ្ហាសំខាន់ៗ ដែលតំបន់អាស៊ានកំពុងប្រឈមមុខសព្វថ្ងៃនេះ ក្នុងនោះរួមមាន ពីសន្តិសុខស្បៀង រហូតដល់ការរួមបញ្ចូលក្នុងសង្គម។ ហើយក៏ជាការបំផុសគំនិតដល់នាងខ្ញុំផងដែរ ដែលបានជួបអ្នកផ្លាស់ប្តូរ និងអង្គការជាច្រើនដែលកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសង្គមផ្សេងៗ»។

កញ្ញាតាន់ ចន្ទ័ណារត្ន័ គឺជាសាស្ត្រាចារ្យនៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយបន្ថែមថា៖ «សកម្មភាពនានា និងដំណើរការសិក្សានៃកម្មវិធីយុវជនអាស៊ានបានអនុញ្ញាតឱ្យយើងបង្កើតមិត្តភាព និងជំរុញ​ឱ្យពួកយើងគិតឱ្យបានដឹតដល់អំពីសកម្មភាពដែលយើងអាចធ្វើរួមគ្នាបានដើម្បីទប់ទល់នឹងបញ្ហាប្រឈមថ្មីៗ ជាមួយគ្នានៅក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស»។

រូបភាពដោយ៖ សហការី