សាលារាជធានីភ្នំពេញ ហាមអតីតបុគ្គលិកណាហ្គាវើលដ៏ធ្វើការតវ៉ាពីថ្ងៃទី៦ ដល់ទី១៣ ខែវិច្ឆិកា

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ ​បាន​ប្រកាស​ឱ្យ​ក្រុមអ្នកតវ៉ាដែល​ជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គា​វើលដ៏ ផ្អាកការប្រមូលផ្តុំជួបជុំតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងតាមទីសាធារណៈ ​ក្នុងអំ​ឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងកិច្ចប្រជុំកំពូលអាស៊ានចាប់ពី​ថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក មាន ចាន់យ៉ាដា អភិបាល​រងរាជធានីភ្នំពេញ បាន​ជូនដំណឹង​នាថ្ងៃទី៥ ខែវិច្ឆិកានេះ ដោយ​ឱ្យ​ក្រុមអ្នកតវ៉ាជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏​ផ្អាកការប្រមូលផ្តុំជួបជុំតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងតាមទីសាធារណៈក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងកិច្ចប្រជុំកំពូលអាស៊ានក្នុងរាជធានីភ្នំពេញ។​​

​លោក​បាន​ឱ្យដឹងថា៖ «ខ្ញុំសូមជម្រាប លោក លោកស្រី ក្រុមអ្នកតវ៉ាថា កន្លងមកក្រុមអ្នកតវ៉ា ដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើការប្រមូលផ្តុំជួបជុំតវ៉ានៅមុខ ក្រុមហ៊ុនណាហ្គាវើលដ៍ទី១ និងទី២ និងតាមទីតាំងសាធារណៈក្រោមហេតុផលវិវាទការងារនោះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ»។

លោក មាន ចាន់យ៉ាដា បានបន្ថែមទៀតថា ទោះបីជាអាជ្ញាធរពាក់ព័ន្ធបានព្យាយាមធ្វើការស​ម្រ​បសម្រួល ពន្យល់ណែនាំ និងធ្វើជាអន្តរការីក្នុងការដោះស្រាយវិវាទដោយសន្តិវិធីតាមនិតិវិធីជាច្រើន លើកច្រើនសារយ៉ាងណាក្តី ក្រុមអ្នកតវ៉ានៅតែបដិសេធមិនទទួលយកដំណោះស្រាយនៅឡើយ។

អភិបាលរងរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញសូមក្រើនរំលឹកជាថ្មីម្តងទៀតដល់ក្រុមអ្នកតវ៉ាត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រមូលផ្តុំជួបជុំតវ៉ាចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក មាន ចាន់យ៉ាដា បានសង្កត់ធ្ងន់ថា៖ «ក្នុងករណីក្រុមអ្នកតវ៉ានៅតែបន្តសកម្មភាពប្រមូលផ្តុំជួបជុំតវ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនានានោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។​

យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ពី​​វឌ្ឍនភាពនៃការដោះ​ស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាល​ពី​ថ្ងៃទី​២៨ ខែតុលា បានឱ្យដឹងថា ​គូភាគីដែល​មាន​ក្រុម​អ្នកតវ៉ា និង​ក្រុមហ៊ុន ណាហ្គាណាវើលដ៏ បាន​មក​ជួបប្រជុំដោះស្រាយជាលើកទី២០ ក្រោមការ​សម្របសម្រួលដោយ​មន្រ្តីក្រសួងការងារ។

ក្រសួងបានលើកឡើងថា ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគី តំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។

បើតាមក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់នៅថ្ងៃ​ទី២៥ ខែវិច្ឆិកា ​ដើម្បីមានឱកាសពិចារណាឡើងវិញអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ៕

រូបភាពប្រភព៖ សង់ត្រាល់