លោក យឹម ឆៃលី៖ ​​កម្ពុជា​ និង​បណ្តាប្រទេសនៅតែបារម្ភពី​សុវត្ថិភាព​ម្ហូបអាហារមានសារធាតុគីមី

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបាន​លើកឡើងថា នៅកម្ពុជាក៏ដូចជាបណ្តាប្រទេសនានា ប្រជាជនមានការព្រួយបារម្ភខ្លាំងពីសុវត្ថិភាព​ម្ហូបអាហារ បន្លែ ផ្លែឈើ និងផលិតផលម្ហូបអាហារមួយចំនួននៅលើទីផ្សារ ដែលមានសារធាតុគីមីអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។

ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក យឹម ឆៃលី បានថ្លែងឡើងដូចនេះ​ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ក្នុងពិធីអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី៩ (០៦ វិច្ឆិកា ២០២២) ក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាពសុខភាពកាន់តែប្រសើរ»

លោកថា សុវត្ថិភាពម្ហូបអាហារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ដោយមានការពាក់ព័ន្ធផ្ទាល់លើប្រព័ន្ធស្បៀង គឺចាប់ពីដំណាក់កាល  ផលិត កែច្នៃ ចែកចាយ និងការរក្សាទុក រហូតដល់ការរៀបចំ និងការបរិភោគអាហារពោលគឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ។

លោក យឹម ឆៃលី បានថ្លែងថា៖ «ប្រសិនបើគ្មានការយកចិត្តទុកដាក់លើសុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែលបានមកពីការអភិវឌ្ឍសេដ្ឋកិច្ចនឹងត្រូវធ្លាក់ចុះ ដោយសារការខាតបង់ដែលមិនអាចមើលរំលងបានពីបញ្ហាកង្វះអាហារូបត្ថម្ភ និងបន្ទុកចំណាយលើការថែទាំ និងព្យាបាលជំងឺផ្សេងៗ ជាច្រើន»។

នាឱកាសនោះដែរ​លោក យឹម ឆៃលី ក៏បានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួមក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារឱ្យមានអនាម័យល្អ មានសុវត្ថិភាព និងគុណភាព ស្របតាមស្តង់ដារបច្ចេកទេស និងលក្ខខណ្ឌតម្រូវ ស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ។

លោកមានប្រសាសន៍ថា៖ «ដើម្បីធ្វើឱ្យមនុស្សគ្រប់រូប អាចទទួលបានម្ហូបអាហារដែលមានសុវត្ថិភាព យើងត្រូវធ្វើការផ្លាស់ប្តូរប្រព័ន្ធម្ហូបអាហាររបស់យើង សំដៅធ្វើឱ្យសុខភាពយើងកាន់តែល្អប្រសើរឡើង ហើយត្រូវធ្វើកិច្ចការនេះប្រកបដោយចីរភាព»។

ការកែលម្អជាប្រព័ន្ធនូវសុវត្ថិភាពម្ហូបអាហារ នឹងនាំឱ្យប្រជាជនមានសុខភាពល្អប្រសើរជាងមុន ដែលជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការចាំបាច់ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះបើតាមការលើកឡើងបន្ថែមពីលោក យឹម ឆៃលី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងតាមរយៈសារលិខិតអបអរទិវាជាតិអាហារូបត្ថម្ភលើកទី៩ ថា សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការ [យើង] ទាំងអស់គ្នា។ ម្ហូបអាហារមានសុវត្ថិភាពមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។

លោក ហ៊ុន សែន បាន​លើកឡើងថា៖ «ការលើកកម្ពស់សុវត្ថិភាព ម្ហូបអាហារ គឺជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការ ចាំបាច់ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០»។

លោកបានបន្តថា ស្ថិតក្នុងបរិបទដែលពិភពលោកកំពុងជួបបញ្ហាសន្តិសុខស្បៀង និងថាមពល កម្ពុជាមិនត្រឹមតែអាចបញ្ចៀ​សបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានពង្រឹងប្រព័ន្ធស្បៀងតាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីផលិតនិងផ្គត់ផ្គង់ផលិតផលកសិកម្ មនិងម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាពទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

លោក ហ៊ុន សែន បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ដោយឈរលើកត្តាសន្តិភាព និងស្ថិរភាពនយោបាយ ដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំសម្រាប់ អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះវិស័យសុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គា​ល់​»។

សូមបញ្ជាក់ផងដែរថា ច្បាប់សុវត្ថិភាពម្ហូបអាហារ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយបានកំណត់ពីយន្តការ និងក្របខ័ណ្ឌនានា សម្រាប់គ្រប់គ្រង និងធានាគុណភាពសុវត្ថិភាព អនាម័យ និងភាពស្របច្បាប់នៃម្ហូបអាហារក្នុងគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារសុខភាព និងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់៕

រូបភាពដោយ៖ ហ្វេសប៊ុក លោក យឹម ឆៃលី