រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទផ្លូវ​មួយចំនួនក្នុង​​ពេលប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រកាស​ហាមដាច់ខាតការបង្ហោះខ្លែង និងឧបករណ៍ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា ឬ Drone ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ​ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ​។

ជាមួយគ្នានោះ លោកក៏បានហាម​​ចំពោះសាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍​ឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២​​ រួមនឹង​​​មានការ​បញ្ចៀស​ចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅរាជធានីភ្នំពេញផងដែរ។

​​បំរាម​នេះ​ត្រូវ​បានធ្វើឡើង​តាម​រយៈសេចក្តី​ជូនដំណឹង​របស់​សាលារាជធានីភ្នំពេញចុះថ្ងៃទី៤ ខែវិច្ឆិកា ​ស្តីពីការប​ញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ។

​លោក ឃួង ស្រេង បាន​លើកឡើងតាមរយៈសេចក្តីជូនដំណឹងនេះថា ចំពោះសាឡង់ដឹកខ្សាច់ និង​ទូកទេសចរណ៍ពុំអនុញ្ញាតឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកបានបន្ថែមថា ចំពោះកំពង់ចម្លងសុខាមករាជធានីភ្នំពេញត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងអំឡុងពេលកិច្ចប្រជុំនេះ។

លោក ឃួង ស្រេង បាន​បញ្ជាក់ថា៖ «ដោយឡែកចំពោះកំពង់ចម្លងអរិយក្សត្រអនុញ្ញាតឱ្យដំណើរការធម្មតា តែទីតាំងកំពង់ចម្លងផ្នែកខាងលិចត្រូវប្តូរទៅចត និងឡើងនៅកំពង់ចម្លងខាងកោះពេជ្រវិញ»។

លោកបានសង្កត់ធ្ងន់ទៀតថា៖ «ហាមដាច់ខាតការបង្ហោះខ្លែង និងឧបករណ៍ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសតាមផ្លូវហោះហើររបស់យន្តហោះ»។

ក្នុងឆ្នាំ២០២២ នេះ ព្រះរាជាណាចក្រកម្ពុជាត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាន ដោយកន្លងមកបានរៀបកិច្ចប្រជុំជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ ហើយជាពិសេសក្នុងអំឡុងខែវិច្ឆិកានេះនឹងត្រូវរៀ​បចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនាពេលខាងមុខ។

រដ្ឋបាលរាជធានីភ្នំពេញបាន​ឱ្យដឹងថា ក្នុងកិច្ចដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ានខាងលើនឹងមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។ ដូចនេះដើម្បីឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ ​និង​បញ្ចៀ​ស​ការកកស្ទះចរាចរ ​រាជធានីភ្នំពេញនឹងបញ្ចៀសចរាចរ​យានយន្តគ្រប់ប្រភេទនៅតាមបណ្តាវិថីសំខាន់ៗ មួយចំនួន​។

​រដ្ឋបាលរាជធានីភ្នំពេញបាន​ឱ្យដឹងថា ចំពោះយានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចស្ពានអាកាសចោមចៅឆ្ពោះទៅមហាវិថីចោមចៅ។ ចំណែកយានយន្តដែលធ្វើដំណើរចេញ ចូលមហាវិថីព្រះនរោត្តមត្រូវបង្វែរទិសចរាច​រណ៍តាមផ្លូវលេខ៦៣ និងតីរវិថីព្រះស៊ីសុវត្ថិ។

ចំពោះយានយន្តដែលធ្វើដំណើរចេញ​ចូលមហាវិថីព្រះមុនីវង្ស ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុ​ចច្រមុះជ្រូកក្បាលថ្នល់ឆ្ពោះទៅមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងត្រង់រង្វង់មូលកួចកាណុងត្រូវបង្វែរទៅវិថីឧកញ៉ា ឃ្លាំង មឿង (ផ្លូវលេខ៧០)។

រីឯយានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦ ត្រូវបង្វែរទិសចរាចរណ៍តាមមហាវិថីឈ្នះឈ្នះ។ ករណីយានយន្តស្ថិតនៅក្នុងតំបន់ជ្រោយចង្វារត្រូវបង្វែរចរាចរណ៍តាមរង្វង់មូលនាងទេពមច្ឆាឆ្លងតាមស្ពានបេឡេចូលរាជធានីភ្នំពេញ។

ចំណែកយានយន្តដែលធ្វើដំណើរលើវិថីឧកញ៉ា ឃ្លាំងមឿង (ផ្លូវលេខ៧០) ក្នុងទិសដៅទៅរង្វង់មូលកួចកាណុងត្រូវបង្វែរទិសចរាចរណ៍ចូលតាមមហាវិថីស៊ីធីសេនធ័រ (ផ្លូវលេខ១៦៩តំបន់បឹងកក់) និងផ្លូវបេតុងផ្សារសំហាន់ឆ្ពោះទៅផ្លូវលេខ៥៩៨។

លោក ឃួង ស្រេង បានលើកឡើងថា៖ «​ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ខណៈពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឱ្យទទួលបានជោគជ័យ សូម​ប្រជាពលរដ្ឋចូលរួម និងសហការឱ្យបានល្អជាមួយកម្លាំងមានសមត្ថកិច្ច ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបានល្អប្រសើរក្នុងរាជធានីភ្នំពេញ»៕

​រូបភាពដោយ៖ សហការី