ត្រីបាឡែនលេបយកមីក្រូប្លាស្ទិកចំនួន ១០លានបំណែកជារៀងរាល់ថ្ងៃ

ភ្នំពេញ៖ ត្រីបាឡែនបានលេបបំណែកប្លាស្ទិករាប់លានក្នុងមួយថ្ងៃៗ ដែលបច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រត្រូវកំណត់ថាតើវាបង្កគ្រោះថ្នាក់ដល់កម្រិតណា។ នេះបើយោងតាមការសិក្សាដោយក្រុមអ្នកស្រាវ​ជ្រាវដែលដឹកនាំដោយសហរដ្ឋអាមេរិក។

បើតាមការ​លើកឡើង​របស់​ក្រសួងបរិស្ថាន​នៃប្រទេសកម្ពុជានៅ​ថ្ងៃទី៥ ខែវិច្ឆិកា បាន​ឱ្យ​ដឹងថា ​ការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន​ បានប៉ាន់ប្រមាណថាប្រភេទត្រីបាឡែនមួយចំនួនបានស៊ីកំទេចកំទីមីក្រូប្លាស្ទិករហូតដល់ ១០ លានបំណែកជារៀងរាល់ថ្ងៃ។

មីក្រូប្លាស្ទិក គឺជាបំណែកតូចៗ នៃប្លាស្ទិកដែលត្រូវបានរកឃើញទូទាំងពិភពលោក សូម្បីតែនៅក្នុងមហាសមុទ្រដ៏ជ្រៅបំផុតក៏ដោយ។

ការសិក្សានេះបាននិយាយថា៖ «បរិមាណដែលគេជឿថា ថនិ​កសត្វធំជាងគេរបស់ពិភពលោក បានលេបចូលប្លាស្ទិកក្នុងបរិមាណពី ២,៥១ គីឡូក្រាមទៅ ៤៣,៦គីឡូក្រាម នៃមីក្រូប្លាស្ទិកក្នុងមួយថ្ងៃ»។

អ្នកសិក្សាស្រាវជ្រាវបានដាក់ស្លាកសញ្ញា និងតាមដានហ្វូងត្រីបាឡែននៅជិតរដ្ឋកាលីហ្វ័រញ៉ា។ ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ «ទំនាក់ទំនងធម្មជាតិ» ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសហរដ្ឋអាមេរិក។

ត្រីបាឡែនព្រុយនិងកន្ទុយពណ៌ខៀវចំនួន ១៩១ក្បាល បានត្រូវអ្នកវិទ្យាសាស្ត្របានជ្រើសរើសសម្រាប់ការសិក្សានេះ និងបំពាក់ឧបករណ៍តាមដានសញ្ញាដើម្បីជួយតាមដានចលនារបស់ត្រីបាឡែន។

តាមឯកសារ Shirel Kahane-Rapport ដែលជាអ្នកសិក្សាស្រាវជ្រាវ បាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ថា «វាជាមូលដ្ឋាននៃការតាមដាន ដូចជានាឡិកា Apple Watch ដែលស្ថិតនៅខាងក្រោយត្រីបាឡែន»។ ការស្រាវជ្រាវត្រូវបានធ្វើឡើងនៅឆ្នេរសមុទ្រនៃរដ្ឋកាលីហ្វ័រញ៉ាជាមួយនឹងទម្លាប់នៃការផ្តល់ចំណីរបស់ថនិកសត្វធំបំផុតរបស់ពិភពលោកត្រូវបានគេសង្កេតឃើញ។

ចំណែកឯកសារ Kahane-Rapport បាននិយាយថា ត្រីបាឡែនចិញ្ចឹមជីវិតនៅជម្រៅទឹកសមុទ្រចន្លោះពី ៥០ ទៅ ២៥០ ម៉ែត្រ (១៦៥-៨២០ ហ្វីត) ដែលជាកន្លែងដែលមាន «កំហាប់មីក្រូប្លាស្ទិកច្រើនបំផុតនៅក្នុងជួរទឹក» ហើយរបាយការណ៍ Kahane-Rapport បាននិយាយថា ក្រុមអ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា ត្រីបាឡែនបានហាមាត់ចាប់យកចំណី ដែលមានបំណែកនៃមីក្រូប្លាស្ទិកធ្លាក់ចូលទៅសមុទ្រចំនួន ១០ លានបំណែកជារៀងរាល់ថ្ងៃ។

ការសិក្សាបង្ហាញថា៖ «ក្នុងពេលរកចំណីអាហារប្រចាំឆ្នាំរបស់ត្រីបាឡែនក្នុងរយៈពេលពី ៩០ ទៅ ១២០ ថ្ងៃ ពួកលវាបានលេបសាធាតុប្លាស្ទិកច្រើនជាងមួយពាន់លានបំណែកក្នុងអំឡុងពេលនោះ»។

យោងតាមការស្រាវជ្រាវ ភាគច្រើននៃមីក្រូប្លាស្ទីក ដែលត្រូវបានលេបចូលគឺនៅខាងក្នុងពោះត្រីបាឡែន ដែលកំពុងមានជីវិត។ របាយការណ៍ដដែល បាននិយាយថា មីក្រូប្លាស្ទិកក៏អាចបញ្ចប់នៅលើតុអាហាពេលល្ងាចរបស់យើងទាំងអស់គ្នាផងដែរ៕

រូបភាពដោយ៖ ក្រសួងបរិស្ថាន