សៀមរាប៖ ត្រីអារ៉ាប៉ៃម៉ា (Arapaima) មួយក្បាល ដែលមានប្រវែង២, ១៥ម៉ែត្រ ទទឹង០, ៤០ម៉ែត្រ ដែលជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិចខាងត្បូង ត្រូវបានប្រទះឃើញស្លាប់នៅក្នុងកសិន្ធប្រាសាទអង្គរវត្ត កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា។
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៤ នេះ បានឱ្យដឹងថា ក្រុមការងារសំអាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើននិយមហៅថា ត្រីនាគ បានស្លាប់នៅក្នុងកសិន្ធប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖ «ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើង នៃកសិន្ទប្រាសាទអង្គរវត្តតែម្តង ហើយបើតាមសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះស្លាប់ដោយធម្មជាតិ ព្រោះពុំមានស្លាកស្នាមរិតរួតនៃមង ឬប្រការអ្វីផ្សេងឡើយ»។
ត្រីស្លាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួនជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ទប្រាសាទអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងមកអាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្តីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីក្នុងកសិន្ទ ដែលពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុកផងដែរ៕
រូបភាពដោយ៖ អាជ្ញាធរជាតិអប្សរា