ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចង់យកឱកាសនៃទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ដើម្បីបំពេញបន្ថែមដល់រដ្ឋាភិបាលនៃប្រទេសកម្ពុជា លើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុវត្ថិភាពចំណីអាហារ ដើម្បីសុខភាពកាន់តែប្រសើរឡើង។
លោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានថ្លែងឡើងដូចនេះនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី៩ (៦ វិច្ឆិកា ២០១៤-៦ វិច្ឆិកា ២០២២) ក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ»។
លោកមានប្រសាសន៍ថា៖ «ខ្ញុំចង់ប្រើឱកាសនេះ ដើម្បីបំពេញបន្ថែមដល់រដ្ឋាភិបាលកម្ពុជា លើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុវត្ថិភាពចំណីអាហារ ដើម្បីសុខភាពកាន់តែប្រសើរឡើង ដែលត្រូវបានចែករំលែកនៅក្នុងសេចក្តីថ្លែងការណ៍សំខាន់ៗ ដែលថ្លែងក្នុងពិធីអបអរសាទរទិវាសុវត្ថិភាពចំណីអាហារពិភពលោកនៅកម្ពុជា ចុងខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ»។
លោកក៏បានលើកឡើងផងដែរថា ដូចដែលទាំងអស់គ្នាបានដឹងរួចមកហើយពីការស្ទាបស្ទង់ពីសុខភាពកុមារនៅកម្ពុជា នាពលេថ្មីៗគឺពីឆ្នាំ ២០២១/ ២០២២។ លទ្ធផលនៃការស្ទាបស្ទង់ទាំងនោះ បានបង្ហាញថា ភាគរយនៃកុមារក្រេសក្រិនបានធ្លាក់ចុះពី ៣២% ក្នុងឆ្នាំ២០១៤ មក ២២% កាលពីឆ្នាំមុននេះ។ ចំនួនកុមារដែលមានទម្ងន់មិនគ្រប់គ្រាន់បានធ្លាក់ចុះពី ២៤% មកត្រឹមពេលនេះ ១៦% តែទោះជាយ៉ាងណាក៏ដោយភាគរយនៃកុមារដែលស្គមស្គាំង និងមិនគ្រប់គីឡូនៅតែមានកម្រិតខ្ពស់មិនប្រែប្រួលគឺ ១០%។ នេះបើតាមការបញ្ជាក់ពីលោក Jost Kadel។
លោកបានបញ្ជាក់ថា៖ «ឆ្នាំនេះ យើងកំពុងយកចិត្តទុកដាក់ជាពិសេសទៅលើប្រធានបទសំខាន់នៃអាហារដែលមានសុវត្ថិភាពជាងមុនដើម្បីសុខភាពកាន់តែប្រសើរ។ អាហារ គឺជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតខ្លួនឯង ហើយយើងត្រូវការវាដើម្បីរស់ និងរីកចម្រើន»។
ជាមួយគ្នានោះដែរ លោក សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទក៏បានលើកឡើងដែរថា វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យ តម្រូវឱ្យមានកិច្ចសហការល្អ ការចូលរួម ការយកចិត្តទុកដាក់អន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម ម្ហូបអាហារ សុខាភិបាល អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ទឹកស្អាតនិងអនាម័យ គាំពារសង្គមនិងវិស័យពាក់ព័ន្ធផ្សេងៗ ទៀត។
លោកថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្មនិងជនបទ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំទិវាជាតិអាហារូបត្ថម្ភ ជារៀងរាល់ឆ្នាំនៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស ពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។
លោក សុខ ស៊ីឡូ មានប្រសាសន៍ថា៖ «លើកកម្ពស់ការយល់ដឹងនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច និងដើម្បីលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ ឲ្យចូលរួមអនុវត្តច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល ដែលពាក់ពន្ឋ័នឹងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជា»៕
រូបថតដោយ៖ សហការី