កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២២ លោកជំទាវ វេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា ជានាយិការនៃមន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា បានចុះកិច្ចព្រមព្រៀងលើយុទ្ធសាស្ត្រសម្ព័ន្ធទីផ្សារជាមួយមន្ទីរពេទ្យ សាមិតទីវេទ ប្រទេសថៃ ដែលតំណាងដោយលោកវេជ្ជបណ្ឌិត វ៉ាស៊ូ កាំឆៃសាធាន ជានាយករងនៃមន្ទីរពេទ្យកុមារ សាមិតទីវេទ ប្រទេសថៃ។
ការចុះកិច្ចព្រមព្រៀងសម្ព័ន្ធភាពលើយុទ្ធសាស្ត្រសម្ព័ន្ធទីផ្សារនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីនាំយកការទទួលស្គាល់អំពីគុណតម្លៃសេវាសុខាភិបាលរបស់ភាគីទាំងសងខាងផ្សព្វផ្សាយ និងបម្រើទៅកាន់អតិថិជន អ្នកជំងឺគោលដៅ ដែលក្នុងកិច្ចព្រមព្រៀងមានរួមបញ្ជូលទាំងមធ្យោបាយ និងយុទ្ធសាស្ត្រដែលភាគីទាំងពីរនឹងត្រូវរួមគិត រួមធ្វើជាមួយគ្នា។គោលបំណងរួម គឺដើម្បីបម្រើផលប្រយោជន៍ជូនដល់អ្នកជំងឺរបស់ភាគីទាំងសងខាងក្នុងការទទួលបានសេវាការថែទាំពីខាងភាគគីទាំងពីរប្រកបដោយទំនុកទុកចិត្តទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។
លើសពីនេះទៅទៀតភាគីទាំងពីរបានព្រមព្រៀងពង្រីកពង្រឹងទៅលើការសហការសេវាជាក់លាក់ដែលរួមមាន៖
- ការពិគ្រោះយោបល់តាមប្រព័ន្ធអេឡិចត្រូនិច ជាមួយវេជ្ជឯកទេសកុមារភ្លាមៗ ដោយមិនត្រូវការការណាត់ជួបមុន ជាមួយពេលវេលារង់ចាំខ្លី។
- ជំនួបពិភាក្សាករណីជំងឺធ្ងន់ និងស៊ាំញាំតាមប្រព័ន្ធអេឡិចត្រូនិចរវាងវេជ្ជបណ្ឌិតឯកទេសថៃ និងខ្មែរមុនការសម្រេចបញ្ជូនតាមរយៈរថយន្ត ឬយន្តហោះសង្គ្រោះបន្ទាន់។
- កម្មវិធីបញ្ជូនគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតបណ្តុះបណ្តាលវគ្គខ្លីនៅមន្ទីរពេទ្យ សាមិតទីវេទ។
- ការសហការលើការកិច្ចពិភាក្សាស្តីពីសុខភាពក្នុងកម្មវិធីនាទីសុខភាព ដេវ៉ាល់ដា ឬការអញ្ជើញជាវាគ្មិនក្នុងសិក្ខាសាលាសម្រាប់ក្រុមវេជ្ជសាស្រ្តដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងវិស័យសុខាភិបាល។
មន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា មានការរំពឹងទុកថានឹងទទួលបានលទ្ធផលដ៏ល្អឥតខ្ចោះ ចេញពីការខិតខំប្រឹងប្រែងពីភាគីទាំងសងខាងដែលរួមគិតរួមធ្វើជាមួយគ្នាក្នុងការបម្រើភាពរីកចម្រើនឱ្យគ្នាទៅវិញទៅមក។ បន្ថែមពីនេះ មន្ទីរសម្រាកព្យា បាល ដេវ៉ាល់ដា ជឿជាក់ថាគ្រប់កិច្ចការដែលភាគីទាំងពីរបានធ្វើការរួមគ្នានឹងដើរឆ្ពោះដល់គោលដៅតែមួយ គឺជាការផ្តល់សេវាវេជ្ជសាស្រ្តប្រកបដោយទំនុកទុកចិត្តដល់អ្នកជំងឺរបស់ភាគីទាំងសងខាង។
សូមបញ្ជាក់ថាមន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា ផ្តល់សេវាថែទាំសុខភាព ២៤ម៉ោង និង៧ថ្ងៃ ក្នុងមួយសប្តាហ៍ ជាមួយនឹងឯកទេសជាច្រើនប្រភេទភាគច្រើនជាឯកទេសវេជ្ជសាស្រ្តទូទៅ ជំងឺរ៉ាំរ៉ៃ និងឯកទេសព្យាបាលជំងឺថ្លើមគ្រប់ប្រភេទ។
មន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា បានសហការណ៍ជាមួយក្រុមហ៊ុន វីអេអេស៊ី ក្នុងការផ្តល់សេវាយន្តហោះពេទ្យ និងយន្ត ហោះឯកជនវីអាយភី (VAAC -VIP Air Ambulance & Charter Flight) ជាមួយមន្ទីរពេទ្យនានាទូទាំងពិភពលោក ជាពិសេសមន្ទីរពេទ្យក្នុងប្រទេសសង្ហបុរី និងថៃ៕
រូបភាពដោយ៖ សហការី