ឯកឧត្តម សុខ ស៊ីឡូ៖ អំណោយ TABLETS ពីគម្រោង MUSEFO ធ្វើឱ្យបច្ចុប្បន្នភាពទិន្នន័យទាន់ពេលវេលា

ភ្នំពេញ៖ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ថ្មីៗ នេះ បានថ្លែងនៅក្នុងកម្មវិធីប្រគល់ និងទទួល Tablets ដល់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី ខេត្ត និងមន្ត្រី បង្គោលថ្នាក់ស្រុកថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានសហការជាមួយអង្គការ GIZ តាមរយៈគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា MUSEFO បានប្រគល់Tablets ដល់ក្រុមការងារសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី ខេត្ត និងមន្ត្រី បង្គោលថ្នាក់ស្រុក ដើម្បីងាយស្រួលប្រើប្រាស់ប្រមូលទិន្នន័យសន្តិសុខស្បៀងនៅថ្នាក់ក្រោមជាតិ។

កម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងឯកឧត្តម Stefan Messerer អគ្គរដ្ឋទូតសាធារណៈរដ្ឋសហព័ន្ឋអាល្លឺម៉ង់ប្រចាំកម្ពុជា និងតំណាងក្រសួងពាក់ព័ន្ធ តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រី រាជការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងអង្គការដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល Juosh MI WFP FAO UNICEF WHO HKI Plan International USAID World Bank។​

ឯកឧត្តម សុខ ស៊ីឡូ ក៏បានលើកឡើងពីយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២0១៩- ២០២៣ ដូចមានចែងក្នុងសេចក្តីជូនដំណឹង លេខ ៩៣៤ ស.ជ.ណ. ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានសហការជាមួយរដ្ឋបាលសាលាខេត្ត និងដៃគូអភិវឌ្ឍន៍រួមមានអង្គការ GIZ WFP UNICEF និងបណ្តាញសម្ព័ន្ឋអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភនៅកម្ពុជាដែលដឹកនាំដោយអង្គការ HKI បានបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភបានស្ទើរគ្រប់រាជធានីខេត្ត ព្រមទាំងបាន និងកំពុងចុះតាមរាជធានីខេត្ត ធ្វើការបណ្តុះបណ្តាលអំពីការបញ្ហាប និងការផ្សព្វផ្សាយការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភទៅក្នុងផែនការអភិវឌ្ឍន៍ឃុំសង្កាត់ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំសង្កាត់ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់អណ្ណត្តិទី៥នេះ ឱ្យបានទូទាំងប្រទេស នៅត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខ។

គួរបញ្ជាក់ការផ្តល់ជូន Tablets មិនបានគ្រប់ស្រុក ខណ្ឌ ឃុំ សង្កាត់ទេដោយក្រុមទីប្រឹក្សាបច្ចេកទេសបានប្រើប្រាស់រូបមន្ត តាមរយៈការជ្រើសរើសសំណាក Random Selection ដើម្បីជ្រើសរើសឃុំ សង្កាត់ ស្រក ខណ្ឌដែលត្រូវទទួលបាន Tablets ដើម្បីផ្តល់ទិន្នន័យសន្តិសុខស្បៀងនៅថ្នាក់ក្រោមជាតិមកថ្នាក់ជាតិ ដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ជាអ្នកវិភាគនិងស្តុកទុកទិន្នន័យក្នុង Data Center។ 

អំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហពន្ធ័អាល្លឺម៉ង់ តាមរយៈអង្គការ GIZ ដែលគាំទ្រដោយគម្រោង MUSEFO នឹងជួយសម្រួលដល់ការងារប្រចាំថ្ងៃ និងជួយដល់ការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានស្តីពីសន្តិសុខស្បៀង និងធ្វើបច្ចុប្បន្នភាពទិន្នន័យទាន់ពេលវេលា និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ក្នុងការពិនិត្យ និងផ្តល់ព័ត៌មានពីគ្រប់ទីកន្លែងតាមប្រព័ន្ធ (Mobile ISP) បានយ៉ាងមានប្រសិទ្ធភាព។

យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ និងក្នុងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ឱ្យទទួលបានជោគជ័យសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ ពិសេសគោលដៅទី២ គឺ «គឺបញ្ចប់ភាពស្រេកឃ្លាន សម្រេចឲ្យបាន សន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហា រូបត្ថម្ភ និង លើកកម្ពស់កសិកម្មប្រកបដោយចីរភាព»។

រូបភាពដោយ៖ សហការី