អ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ វិលត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ បន្ទាប់ពីបានអាក់ខានអស់រយៈពេល ២ឆ្នាំមកក្រោយការចាប់ផ្តើម​នៃជំងឺកូវីដ១៩ ជាសាកលមកទីភ្នាក់ងារ ភីសខ័រ (Peace Corps) នៅកម្ពុជាបានស្វាគមន៍ការត្រឡប់មកវិញនៃអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ ចំនួន ៣៥នាក់ជាជនជាតិអាមេរិក ដើម្បីបំពេញការងារ​នៅទូទាំងប្រទេសកម្ពុជា។ តាមរយៈគម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេស​​របស់ទីភ្នាក់ងារ​នេះ អ្នកស្ម័គ្រចិត្តរបស់យើងនឹងបង្រៀនរួមគ្នាជាមួយគ្រូបង្រៀនខាងកម្ពុជាម្នាក់ទៀត នៅតាមសាលាបឋមសិក្សា វិទ្យាល័យ និងស្ថាប័ន​ដែលផ្តល់ការបង្រៀនផ្សេងទៀត។

លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរីករាយណាស់ ដែលអ្នកស្ម័គ្រចិត្ត​នៃទីភ្នាក់ងារ Peace Corps ត្រឡប់មកប្រទេសកម្ពុជាវិញ។ បេសកកម្ម​ជាសាកល​របស់ទីភ្នាក់ងារ Peace Corps គឺសន្តិភាព ពិភពលោក និងមិត្តភាព ហើយអ្នកស្ម័គ្រចិត្តទាំង​នោះ​នឹងបំពេញបេសកកម្មនេះតាមរយៈការងាររបស់គេ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអតីតអ្នកស្ម័គ្រចិត្ត​នៃទីភ្នាក់ងារ Peace Corps ខ្ញុំយល់ពីតម្លៃដែលអ្នកស្ម័គ្រចិត្តទាំង​នេះក្នុងការពង្រឹងទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជន​នៃសហរដ្ឋអាមេរិក និងកម្ពុជា និងក្នុងការរួមចំណែកដល់ការអភិវឌ្ឍ​នៃព្រះរាជាណាចក្រកម្ពុជា»។

លោក Mikel Herrington ប្រធាន​នៃទីភ្នាក់ងារ ភីសខ័រ (Peace Corps) ប្រចាំ​នៅកម្ពុជាបានមានប្រសាសន៍ថា៖ «យើងមានក្តីរំភើបក្នុងការមានចំណែកជាប្រវត្តិសាស្រ្តមួយ​ នៃការវិលត្រឡប់មកកម្ពុជាវិញ នៃអ្នកស្ម័គ្រចិត្តរបស់យើង។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ បុគ្គលិក​នៃទីភ្នាក់ងារ Peace Corps នៅទូទាំងពិភពលោក បានធ្វើការដើម្បីពង្រឹងគ្រឹះ​នៃទីភ្នាក់ងារ​នេះ។ យើងមានការត្រៀមជាស្រេចក្នុងការដំណើរការឡើងវិញនូវសកម្ម ភាព​ការងាររបស់អ្នកស្ម័គ្រចិត្តរបស់យើង ហើយធ្វើការងារក្នុងពេលជាប្រវត្តិសាស្រ្ត​នេះ ជាមួយដៃគូរបស់យើងតាមសហគមន៍នៅកម្ពុជា និងជាមួយបុគ្គលិក​នៃស្ថានទូតរបស់យើង»។

គម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេសរបស់យើងធ្វើការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញអាទិភាពផ្នែកអប់រំ​របស់កម្ពុជា។ គម្រោង​ពង្រឹងជំនាញក្នុងការគិត និងផ្នែកភាសាអង់គ្លេស​របស់សិស្ស និស្សិត គ្រូ និងសមាជិកសហគមន៍​នៅកម្ពុជា ដើម្បីឱ្យពួកគេមានឱកាសទទួលបានឱកាសសម្រាប់ខ្លួនគេផ្ទាល់ក្នុងអាជីព និងក្នុងការសិក្សា។ នៅឆ្នាំ២០១៩ នៅក្នុងពេលបន្តឡើងវិញចុងក្រោយ​នៃគម្រោង ៤៨% នៃសហគ្រូបង្រៀនខាងកម្ពុជា បានលើកកម្ពស់វិធីសាស្រ្តក្នុងការបង្រៀនភាសាអង់គ្លេសរបស់គេ ហើយមានសិស្សចំនួន ៣,៣១៧ នាក់រៀនចេះបានច្រើន តាមការវាយតម្លៃផ្លូវការ និងមិនផ្លូវការ។

ទីភ្នាក់ងារ Peace Corps បានស្វាគមន៍ក្រុម​អ្នកស្ម័គ្រចិត្តទីមួយ​របស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ២០០៧។ តាំងពីពេល​នោះមក អ្នកស្ម័គ្រចិត្ត​នៃទីភ្នាក់ងារ Peace Corps ចំនួន ៧១៤ នាក់បានមកបំពេញការងារ​នៅកម្ពុជា ដោយធ្វើការ​នៅតាមគម្រោងសិក្សាអប់រំផ្នែកភាសាអង់គ្លេស។ កម្មវិធីអប់រំសុខភាព បានដំណើរការពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨។

ទីភ្នាក់ងារ Peace Corps គឺជាបណ្តាញអន្តរជាតិ​នៃ​អ្នកបំពេញការងារ សមាជិកសហគមន៍ ដៃគូ​​នៅតាមប្រទេសម្ចាស់ផ្ទះ និងបុគ្គលិក ដែលឆើ្លយតបនឹងបេសកកម្មដើម្បីសន្តិភាពពិភពលោក និងមិត្តភាពរបស់ទីភ្នាក់ងារ​នេះ។ តាមការអញ្ជើញ​របស់រដ្ឋាភិបាល​នៅទូទាំងសាកលលោកអ្នកស្ម័គ្រចិត្ត​នៃ​ទីភ្នាក់ងារ Peace Corps ធ្វើការជាមួយសមាជិកសហគមន៍ នៅតាមគម្រោងដែលសហគមន៍​មូលដ្ឋានកំណត់ជាអាទិភាពក្នុងវិស័យអប់រំ សុខាភិបាល បរិស្ថាន កសិកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងការអភិវឌ្ឍន៍​យុវជន។

តាមរយៈការបំពេញការងាររបស់គេសមាជិក​នៃបណ្តាញ​របស់ទីភ្នាក់ងារ Peace Corps ពង្រឹងជំនាញ​ដែលគេអាចផ្ទេរទៅអ្នកដទៃបាន ហើយពង្រឹងបន្ថែមនូវជំនាញក្នុងវប្បធម៌​ចម្រុះ ដែលនាំពួកគេឱ្យក្លាយជាអ្នកដឹកនាំសាកលជំនាន់ក្រោយ។ ចាប់តាំងពីលោកប្រធានាធិបតី John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅក្នុងឆ្នាំ១៩៦១ មកមានជនជាតិអាមេរិកចំនួន ២៤០,០០០ នាក់បានបំពេញការងារនៅតាមប្រទេសចំនួន ១៤២នាក់ នៅទូទាំងសាកលលោក។ ចំពោះព័ត៌មានបន្ថែម សូមចូលអានក្នុង ​peacecorps.gov   ហើយតាមដានជាបន្ត​តាម   Facebook, Instagram និង Twitter

រូបភាព៖ សហការី