គម្រោង MUSEFO របស់ GIZ បានប្រគល់ TABLET ជាង ៥០០គ្រឿងដល់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

ភ្នំពេញ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការគាំទ្រពីគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (GIZ-MUSEFO) បានរៀបចំពិធីប្រគល់ និងទទួល Tablet សម្រាប់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត និងមន្ត្រីបង្គោលថ្នាក់ស្រុក ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលមានអ្នកចូលរួម ៨០នាក់ នៅឯទីស្តីការគណរដ្ឋមន្ត្រី។

គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (GIZ-MUSEFO) និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធបានរៀបចំគម្រោងប្រមូលទិន្នន័យសន្តិសុខស្បៀងនៅថ្នាក់ក្រោមជាតិក្នុងគោលបំណងរួមនៃការប្រមូលទិន្នន័យ គឺសម្រាប់បង្កើតប្រព័ន្ធផ្តល់ព័ត៌មានស្តីពីស្ថានភាពសន្តិសុខស្បៀងនៅកម្ពុជា។

ព័ត៌មានពាក់ព័ន្ធសន្តិសុខស្បៀងត្រូវ បានប្រមូលវិភាគ និងបង្កើតរបាយការណ៍ ដែលផ្តល់ជាភស្តុតាងសម្រាប់ធ្វើសេចក្តីសម្រេចចិត្ត និងការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀងនៅកម្ពុជា។ ប្រព័ន្ធគ្រប់គ្រងព័ត៌មាន ត្រូវបានរៀបចំបង្កើតសម្រាប់ការប្រមូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យ។

ប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ក្នុងការពិនិត្យនិងផ្តល់ព័ត៌មានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមប្រព័ន្ធ (Mobile ISP)។ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ឱ្យដំណើរការប្រព័ន្ធនេះ ក្នុងគម្រោងសាកល្បងនៃការប្រមូលទិន្នន័យផលប៉ះពាល់នៃជំងឺ Covid-19 លើឃុំគោលដៅចំនួន ៨ឃុំ ក្នុងខេត្តចំនួន២ គឺខេត្តកំពង់ធំ និងខេត្តកំពត របស់គម្រោង GIZ-MUSEFO។

ព័ត៌មានត្រូវបានប្រមូល និងផ្ដល់ដោយក្រុមប្រឹក្សាឃុំតាមរយៈឧបករណ៍ Tablet ដែលបានផ្តល់ជូន ដែលបានភ្ជាប់កម្មវិធី និងប្រព័ន្ធ Mobile ISP ខាងលើ។ ព័ត៌មានទាំងអស់ត្រូវបានបញ្ជូនទៅ Data server ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ព័ត៌មានដែលរក្សាទុកក្នុង Data server ខាងលើអាចអនុញ្ញាតឱ្យក្រុមការងារដឹកនាំសម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (ក. ដ. ស. ស. អ) ខេត្ត និងមន្ត្រីបង្គោលថ្នាក់ស្រុកចូលត្រួតពិនិត្យមើល និងតាមដានការប្រមូលទិន្នន័យទាំងអស់បានគ្រប់ពេលវេលា។

រូបភាពដោយ៖ សហការី