តាកែវ៖ អគារសិក្សាថ្មីនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ផុសឡើងនៅលើទឹកដីខេត្តតាកែវ ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ពិធីសម្ពោធប្រារព្ធឡើងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នាយក ចាងហ្វាង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
លោក រឿង សុភាព អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានអះអាងថា អគារសិក្សាថ្មីដែលសាងសង់ឡើងលើទឹកដីនៃខេត្តតាកែវនេះ គឺជាអគារសិក្សាមួយក្នុងតំបន់ដែលទទួលបានការអប់រំមួយប្រកបដោយគុណភាពអប់រំល្អបំផុតជាមួយបរិស្ថានល្អ បរិក្ខារអប់រំទំនើបៗ និងបច្ចេកវិទ្យាទំនើប ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្សនូវចំណេះដឹងពិតប្រាកដ មានវិន័យ សីលធម៌ និងជាពលរដ្ឋល្អនៅពេលអនាគត។
លោកបានអះអាងថា៖ «អគារសិក្សាថ្មីនេះបានបំពាក់នូវបរិក្ខារទំនើបៗ ដែលនឹងជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាចសិក្សានិងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែលអភិវឌ្ឍ និងបណ្តុះគំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញពិភពលោក»។
បើតាមប្រសាសន៍អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ លោកបានបន្តពង្រីកសាខាមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ឆ្ពោះទៅតាមបណ្ដាខេត្តជាច្រើនទៀត ខណៈសាខាខេត្តតាកែវជាសាខាទី១៥ ហើយសាខាខេត្តកំពង់ចាម បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង ទួលសង្កែ សែនសុខ និងសាខាចំការដូងក៏នឹងគ្រោងសម្ពោធដាក់ឱ្យដំណើរការក្នុងពេលខាងមុខជាបន្តបន្ទាប់។
គួរជម្រាបជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពល ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
រូបភាពដោយ៖ សហការី