មន្រ្តីឃុំ សង្កាត់ព្រែកប្រសព្វចំនួន ៣១នាក់ទទួលបានឱកាសបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

ខេត្តក្រចេះ៖ អង្គការសហប្រតិបត្តិការអភិវឌ្ឍអាល្លឺម៉ង់គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា (MUSEFO) ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភខេត្តក្រចេះ គណៈអភិបាលស្រុក និងដៃគូរអភិវឌ្ឍន៍នានាដែលបានឧបត្ថម្ភគាំទ្រវគ្គបណ្តុះបណ្តាលសម្រាប់បញ្ជាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ទូទាំងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងែទី២៤ ខែតុលា ឆ្នាំ២០២២។

នៅក្នុងវគ្គបណ្តុះបណ្តាលមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាកលោក សន ស៊ីដែន អភិនាលរងនៃគណៈអភិបាលស្រុកព្រែកប្រសព្វនៃខេត្តក្រចេះ។ លោកវេជ្ជបណ្ឌិត ខៀវ ចាន់វិចិត្រ ប្រធានការិយាល័យ នៃនាយកដ្ឋានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាលនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ លោក ឌុល ណារីន (Provincial Policy Advisor) តំណាងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា (MUSEFO) នៃអង្គការ GIZ។

លោកបណ្ឌិត ឯក សុភាព កញ្ញា វណ្ណ សុខមាន គ្រូឧទ្ទេសសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ មន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាននៃរដ្ឋបាលសាលាស្រុកព្រែកប្រសព្វ សមាជិកក្រុមប្រឹក្សាមកពីឃុំចំបក់ ចំនួន ៧អាសនៈ ឃុំជ្រោយបន្ទាយ ចំនួន ៧អាសនៈ ឃុំកំពង់គរ ចំនួន ៥ អាសនៈ ឃុំកោះតាស៊ុយ ចំនួន ៥ អាសនៈ ឃុំព្រែកប្រសព្វ ចំនួន ៩ អាសនៈ ឃុំឫស្សីកែវ ចំនួន ៧ អាសនៈ ឃុំសោប ចំនួន ៧ អាសនៈ ឃុំតាម៉ៅ ចំនួន ៧ អាសនៈ សររបទាំងអស់មានចំនួន ៣១នាក់ និងមានស្រីចំនួន ១២នាក់។ 

វគ្គបណ្តុះបណ្តាលការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នេះ នឹងជួយបង្កើនសមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩-២០២៣ នៅថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ស្របទៅតាមគោលការណ៍របស់រដ្ឋាភិបាលកម្ពុជាដែលមានចែងក្នុងសេចក្តីជូនដំណឹងលេខៈ ៩៣៤ ស.ជ.ណ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៃទីស្តីការគណៈរដ្ឋមន្ត្រី ពិសេសអនុសាសន៍ទី៦ ដែលលើកឡើងថា៖ គ្រប់រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំបញ្ជាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភទៅក្នុងផែនការ៕

រូបថតដោយ៖ សហការី