យុវជនជើងឯកអាហារូបត្ថម្ភនៃអង្គការ ហេឡែន ខេលល័រ បោះជំរុំលើកទី៣នៅសហគមន៍នេសាទត្រពាំងសង្កែ

ខេត្តកំពត៖ យុវជនជើងឯកអាហារូបត្ថម្ភ (YNCs) នៃអង្គការ ហេឡែន ខេលល័រ កម្ពុជាបានធ្វើដំណើរកម្សាន្តបោះជំរុំជាលើកទីពីបី ទៅកាន់សហគមន៍នេសាទត្រពាំងសង្កែ ក្នុងទឹកដីខេត្តកំពតដែលមានរយៈពេលមួយយប់ពីរថ្ងៃចាប់ពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ 

ការបោះជំរំយុវជនជើងឯកអាហារូបត្ថម្ភមានអ្នកចូលរួមចំនួន ៤៥នាក់ មកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រុមយុវជនជើងឯកអាហារូបត្ថម្ភ និងក្រុមការងារអង្គការ ហេឡែន ខេលល័រ ក្រុមការងារគម្រោង MUSEFO-GZ ក្រុមអ្នកសារពត៌មាន និងចុងភៅជំនាញផងដែរ។

យុវជនមានតួនាទីឈានមុខក្នុងការជំរុញការផ្លាស់ប្តូររបបអាហារសុខភាពឲ្យកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា។ ផ្តល់សិទ្ធិអំណាចដល់យុវជនដើម្បីចូលរួមការផ្សព្វផ្សាយសារគន្លឹះលើរបបអាហារសុខភាព។ សម្លេងរបស់យុវជនមានឥទ្ធិពល ដូច្នោះសម្លេងរបស់យុវជនគួរត្រូវបានស្តាប់នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ការធ្វើផែនការ និងការអនុវត្តការងារការ របបអាហារសុខភាព។

នៅឆ្នាំ២០១៨ អង្គការ ហេឡែន ខេលល័រ អន្តរជាតិ កម្ពុជា បានបង្កើតគម្រោងយុវជនជើងឯកអាហារូបត្ថម្ភ (YNCs)។ កញ្ញា ឈុន បូរមី អ្នកដឹកនាំ យុវជនសកលសម្រាប់អាហារូបត្ថម្ភកម្ពុជា ត្រូវបានជ្រើសរើសឱ្យដឹកនាំក្រុមយុវជនជើងឯកអាហារូបត្ថម្ភកម្ពុជា។

គោលដៅនៃគម្រោងនេះគឺដើម្បីលើកកម្ពស់ ការចូលរួមរបស់យុវជនកម្ពុជាលើការងារអាហារូបត្ថម្ភ បង្កើនសំលេងរបស់យុវជន និងបង្កើនចំណេះដឹងអាហារូបត្ថម្ភ បង្កើនជំនាញរទំនាក់ទំនង និងការតស៊ូមតិដើម្បីក្លាយជាភ្នាក់ងារសម្រាប់ការលើកកម្ពស់ប្រព័ន្ធស្បៀង របបអាហារសុខភាព សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។

កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយនឹងភាគីពាក់ព័ន្ធដទៃទៀតដែលជាផ្នែកមួយនៃបេសកកម្មដើម្បីបញ្ចប់នូវបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។ នៅពេលចាប់ផ្តើមអង្គការហេឡែន ខេលល័រ អន្តរជាតិ បានជ្រើសរើសយុវជនជើងឯកអាហារូបត្ថម្ភចំនួន១០នាក់ដើម្បីគាំទ្រសកម្មភាពផ្សេងៗ នៅក្នុងគម្រោងយុវជនជើងឯកអាហារូបត្ថម្ភនេះ។ យុវជនជើងឯកអាហារូបត្ថម្ភបានត្រូវបណ្តុះបណ្តាលដើម្បីបំពេញតួនាទី និងទំនួលខុសត្រូវក្នុងការធ្វើផែនការសកម្មភាព និងការអនុវត្តផែនការរបស់ពួកគេ។

ចំពោះផ្នែកបច្ចេកទេសក្រុមយុវជនជើងឯកអាហារូបត្ថម្ភទទួលការបណ្តុះបណ្តាលក្រៅផ្លូវការទាក់ទងនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាពិសេសផ្តោតលើមូលដ្ឋានគ្រឹះអាហារូបត្ថម្ភរបបអាហារសុខភាព ប្រព័ន្ធស្បៀង សុវត្ថិភាពចំណីអាហារនិងការកែច្នៃអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កម្មវិធីជាតិអាហារូបត្ថម្ភ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសំអាង នាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភក្រសួងផែនការ អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ អង្គការកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការហេឡែន ខេលល័រ អន្តរជាតិ។

ដោយមានការចាប់អារម្មណ៍ខ្ពស់ទៅលើគំនិតផ្តួចផ្តើមនេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ អង្គការហេឡែន ខេលល័រ អន្តរជាតិ កម្ពុជា បានជ្រើសរើសអ្នកហាត់ការយុវជនអាហារូបត្ថម្ភធ្វើការពេញម៉ោងចំនួន៤នាក់ និងយុវជនជើងឯកអាហារូបត្ថម្ភបន្ថែមចំនួន ៥០នាក់បន្ថែមទៀតដើម្បីគាំទ្រសកម្មភាពយុវជនដ៏មានសារៈសំខាន់នេះក្រោមគម្រោង «លើកកម្ពស់សុខ ភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការ» ដែលគាំទ្រដោយគម្រោង MUSEFO នៃអង្គការ GIZ និងអង្គការហើ ឡែន ខេលល័រ អន្តរជាតិ។

តាំងពីបង្កើតគម្រោងយុវជនជើងឯកអាហារូបត្ថម្ភនេះមក យុវជនយើងបានចូលរួមក្នុងសកម្មភាពជាច្រើន សកម្មភាពទាំងនេះរួមមាន ការរៀបចំវេទិកាយុវជន ការចូលរួមយុទ្ធនាការមិត្តអប់រំមិត្តលើរបបអាហារសុខភាព យុទ្ធនាការតស៊ូមតិតាមបណ្តាញសង្គមដើម្បីលើកកម្ពស់ការយល់ដឹងអំពីរបប អាហារសុខភាព ការចូលរួមរៀបចំទិវាជាតិអាហារូបត្ថម្ភ ការចូលរួមរៀបចំសិក្ខាសាលាប្រារព្វសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយនៅតាមសហគមន៍ ការចូលរួមអប់រំអាហារូបត្ថម្ភនៅសហគមន៍ កម្មវិធីមិត្តអប់រំមិត្ត ការធ្វើពិធីករនិងពិធីការិនីក្នុងកម្មវិធីផ្សេងៗ និងការចុះទស្សនកិច្ចសិក្សានៅទីកន្លែងផ្សេងៗដូចជា មណ្ឌលសុខភាព និងកន្លែង ផលិតនិងកែច្នៃចំណីអាហារជាដើម។

កន្លងមកបើទោះបីជាជំងឺកូវីដ១៩បណ្តាលឱ្យមានការពន្យារពេលនៃសកម្មភាពមួយចំនួនក៏ដោយ ក៏យុវជនជើងឯកអាហារូបត្ថម្ភបានបន្តរក្សាវត្តមានយ៉ាងសកម្មលើបណ្តាញសង្គមដើម្បីទំនាក់ទំនងជាមួយយុវជនក្នុងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃរបបអាហារសុខភាព និងរបៀបរស់នៅដែលមានសុខភាពល្អអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩។

មិនត្រឹមតែប៉ុណ្ណោះយើងក៏បានរៀបចំការស្ទង់មតិយុវជន ដើម្បីស្វែងយល់អំពីរបៀបរស់នៅប្រចាំថ្ងៃរបស់យុវជនក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ហើយលទ្ធផលទទួលបានកំពុងត្រូវបានប្រើប្រាស់ដើម្បីកំណត់ពីសកម្មភាពចូលរួមរបស់យុវជនជើងឯកអាហារូបត្ថម្ភ។

បង្កើនការយល់ដឹងរបស់យុវជនជើងឯកអាហារូបត្ថម្ភស្ដីពីជម្រើស និងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពដោយចុងភៅជំនាញផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងមតិយោបល់លើជម្រើស និងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពផ្តល់ជាវគ្គបណ្តុះបណ្តាលជំនាញខ្លីពីរបៀបសរសេរអត្ថបទ ថតរូប និងថតវីដេអូខ្លីៗ អំពីប្រធានបទផ្សេងៗ ទាក់ទងនឹងអាហារូបត្ថម្ភ ពិភាក្សាលើយុទ្ធនាការមិត្តអប់រំមិត្ត សមិទ្ធិផល បញ្ហាប្រឈម ដំណោះស្រាយ និងជំហានបន្ទាប់៕

រូបភាពដោយ៖ សហការី