ឯកឧត្តម សុខ ស៊ីឡូ៖​ ដើម្បីព្យាបាលភាពស្គមស្គាំងរបស់កុមារ កម្ពុជា​ត្រូវផ្តោតលើស្បៀងអាហារ សុខាភិបាល ទឹកស្អាត អនាម័យ និងការគាំពារពីសង្គម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការធ្វើការរួមគ្នាបំពេញកង្វះខាត ផែនការសកម្មភាពសកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ» ថាកាលពីខែមិនា ឆ្នាំ២០២០ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនប្រាំរួមមាន៖ អង្គការ FAO UNHCR UNICEF WFP និង WHO បានចេញផ្សាយក្របខ័ណ្ឌផែនការសកម្មភាពសកលដើម្បីកាត់បន្ថយភាពស្គមស្គាំងកុមារ ដើម្បីពន្លឿនវឌ្ឍនភាពនៃការបង្ការ និងការគ្រប់គ្រងភាពស្គមស្គាំងរបស់កុមារ។

ក្របខ័ណ្ឌផែនការសកម្មភាពសកលដើម្បីកាត់បន្ថយភាពស្គមស្គាំងកុមារនេះ បានកំណត់នូវគោលដៅលទ្ធផលចំនួនបួន ដើម្បីសម្រេចនូវចំណុចដៅនៃគោលដៅអភិវឌ្ឍប្រកប​ដោយចីរភាព (SDG) ស្តីពីភាពស្គមស្គាំងរបស់កុមារ និងដើម្បីលើកកម្ពស់ការពិនិត្យ និងការព្យាបាលទារក និងកុមារដែលត្រូវការការព្យាបាលឱ្យទាន់ពេលវេលា ដែលក្នុងនោះរួមមាន៖ កាត់បន្ថយឧប្បត្តិហេតុទារកកើតមកមិនគ្រប់ទម្ងន់ លើកកម្ពស់សុខភាពកុមារ លើកកម្ពស់ការចិញ្ជឹមទារក និងកុមារ និងលើកកម្ពស់ការព្យាបាលកុមារដែលមានបញ្ហាស្គមស្គាំង។

ឯកឧត្តម សុខ ស៊ីឡូ ថ្លែងថា៖ «ផែនការសកម្មភាពសកលដើម្បីកាត់បន្ថយភាពស្គមស្គាំងកុមារ មានគោលបំណងគាំទ្រប្រទេសនានានៅក្នុងការកំណត់អាទិភាព និងសម្របសម្រួលការអនុវត្តសកម្មភាពបង្ការ និងព្យាបាលភាពស្គមស្គាំងរបស់កុមារដោយផ្តោតលើវិស័យអាទិភាពចំនួនបួនគឺ៖ ស្បៀងអាហារ សុខាភិបាល ទឹកស្អាតនិងអនាម័យ និងគាំពារសង្គម»។

ឯកឧត្តមបន្ថែមទៀតថាកាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះប្រទេសកម្ពុជាទទួលបានជោគជ័យនូវផែនទីបង្ហាញផ្លូវស្ដីពីផែនការសកម្មភាពសកលដើម្បីកាត់បន្ថយភាពស្គមស្គាំងកុមារក្រោមការដឹកនាំសម្របសម្រួលរបស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ផែនទីនេះបានកំណត់យកខេត្តចំនួន ១៣ជាតំបន់អាទិភាពប្រជាសាស្ត្រខ្ពស់ ដើម្បីធ្វើសកម្មភាពកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ។ ខេត្តទាំងនេះមានដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ សៀមរាប ឧត្តរមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងខេត្តតាកែវ។

ឯកឧត្តមក៏បានសង្គត់ធ្ងន់បន្ថែមទៀតថារស់សម្មភាពទាំងស់ គឺបានការជួយគាំទ្រពីបណ្តាដៃគូដែលរួមមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្រសួងសុខាភិបាល  ក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការ​ UNICEF WHO FAO WFP GIZ World Bank HKI USAID និង ADB ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា ចែករំលែកព័ត៌មាន បទពិសោធន៍ និងចំណេះដឹងលើប្រធានបទចំនួនពីរ  គឺទីមួយតើត្រូវធ្វើដូចម៉្តេចដើម្បីពង្រឹងការអនុវត្តផែនទីបង្ហាញផ្លូវស្តីពីផែនការសកម្មភាពសកលដើម្បីកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ ហើយក្រសួង ស្ថាប័ននីមួយៗ បានចូលរួមចំណែកដើម្បីអនុវត្តផែនទីនេះដោយរបៀបណា។ ទីពីរតើសកម្មភាពពហុវិស័យ ជាពិសេសវិធានការគាំពារសង្គមក្នុងពេលបច្ចុប្បន្ន អាចត្រូវបានពង្រឹងដោយរបៀបណា ដើម្បីដោះស្រាយបញ្ហាភាពស្គមស្គាំងរបស់ទារក​និងកុមារ៕

រូបភាពដោយ៖ សហការី