ភ្នំពេញ៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ថ្មីៗ នេះ គម្រោងអនាគតបៃតងកម្ពុជា USAID បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានក្រោមប្រធានបទ៖ ការពារសត្វព្រៃយើង «កាត់បន្ថយការទិញ និងការហូបសត្វព្រៃ» នៅសណ្ឋាគាសាន់វ៉េ។
គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃនេះ គឺបញ្ជ្រាបសារផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋខ្មែរដែលនិយមទទួលទានសាច់សត្វព្រៃជាអាហារ ដែលកាលណ៍នេះបានធ្វើឱ្យការរបរបាញ់សត្វព្រៃខុសច្បាប់កើនឡើងជាបន្តបន្ទាប់។
លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំខេត្តកោះកុង និងទន្លេមេគង្គនៃអង្គការ WCS បានលើកឡើងថាដោយសារតែកត្តាយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ជឿថាការទទួលទានសាច់សត្វព្រៃ គឺជួយដល់សុខភាព និងអាចជួយព្យាបាលជំងឺផ្សេងៗ ទើបធ្វើឱ្យប្រជាពលរដ្ឋខ្មែរនិយមទទួលទានសាច់សត្វព្រៃ ក៏ប៉ុន្តែតែក្នុងនាមលោកជាអ្នកជំនាញម្នាក់ បានបង្ហាញការយល់ឃើញវាមិនដូចជាការលើកឡើងនោះទេ។
លោក សោម ស៊ីថា លើកឡើងថា៖ «ប្រជាជនខ្លះគាត់គិតថាពពួកសត្វព្រៃហ្នឹង ជួយសុខភាព និងព្យាបាលជំងឺផ្សេងៗ តែនេះគ្រាន់តែជាការជឿតែប៉ុនណ្ណោះ ប៉ុន្តែបើនិយាយពីលក្ខណៈវិទ្យាសាស្ត្រ ដូចជាអត់ទាន់មានការសិក្សាត្រឹមត្រូវទេ»។
ដោយឡែកលោក អ៊ុក ស៊ីសុវណ្ណ ប្រធានគម្រោងអនាគតបៃតងកម្ពុជា នៃអង្គការ USAID បានឱ្យដឹងថា គម្រោងអនាគតបៃតងកម្ពុជា USAID កំពុងធ្វើការងារជាមួយយុវជនក្នុងការបញ្ជ្រាបការយល់ដឹងនឹងរួមចំណែកធ្វើការផ្លាស់ប្តូរឥរិយាបថរបស់យុវជន ក្នុងការទិញ និងទទួលទានសាច់សត្វព្រៃ។
លោក អ៊ុក ស៊ីសុវណ្ណ និយាយាថា៖ «យុវជនដែលបានចូលរួមជាមួយគម្រោងអនាគតបៃតងកម្ពុជាទទួលបានចំណេះដឹង ជំនាញពាក់ព័ន្ធនឹងការអភិរក្សព្រៃឈើ សត្វព្រៃ និងបរិស្ថាន ហើយយុវជនបាននាំយកចំណេះដឹងទាំងអស់នោះទៅផ្សព្វផ្សាយបន្តទៀត ដែលជាការរួមចំណែកដល់ការកាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃបានកាន់តែច្រើនផងដែរ»។
គួរបញ្ជាក់ថា គម្រោងអនាគតបៃតងកម្ពុជា USAID មានរយៈពេល ៥ឆ្នាំ ហើយគម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខឆាប់ៗ នេះ។ អនាគតបៃតងកម្ពុជា USAID ធ្វើការងារជាមួយនឹងក្រុមយុវជន បុគ្គលដែលមានអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម ក្រុមអ្នកសារព័ត៌មានក្នុងស្រុកដើម្បីជួយជំរុញការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋកម្ពុជាឱ្យយល់ដឹងពីឥរិយាបទក្នុងការប្រើប្រាស់គ្រឿងសង្ហារឹមប្រណិត ការបរិភោគសាច់សត្វព្រៃ និងការគ្រប់គ្រងសំរាម៕
រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)