ឧបការីរងរដ្ឋមន្ត្រីការបរទេសទស្សនកិច្ចនៅកម្ពុជាបញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះអនុតំបន់មេគង្គ

ភ្នំពេញ៖ ស្របពេលដែលចូលរួមកិច្ច​ប្រជុំ​កំពូលមន្ត្រីជាន់ខ្ពស់អាស៊ី បូព៌ា លោកស្រីបណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការពហុភាគីបានជួបជា​មួយដៃគូសំខាន់ៗ នៅកម្ពុជានៃគម្រោងភាពជាដៃគូមេគង្គ អាមេរិក (MUSP) ដោយបញ្ជាក់ពីការគាំទ្រយូរអង្វែង​របស់អាមេរិកចំពោះប្រជាជននៃអនុតំបន់មេគង្គនេះ។

បណ្ឌិត Pak បានថ្លែងថា៖ «ប្រទេសតាមទន្លេមេគង្គ អាចពឹងផ្អែកលើសហរដ្ឋអាមេរិកជាដៃគូដ៏ខ្លាំង និងគួរឱ្យទុកចិត្តនាពេលបច្ចុប្បន្ន និង​ទៅអនាគត។ ទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជាបង្ហាញពី​សារៈសំខាន់នៃការធ្វើការជាមួយប្រទេសនៃតំបន់មេគង្គជាពហុភាគី និង​តាមរយៈភាពជាដៃគូទន្លេមេគង្គ សហរដ្ឋអាមេរិក ក្នុងការជំរុញនូវភាពតភ្ជាប់គ្នា តម្លាភាព​ និង​ការអភិ​វឌ្ឍប្រកបដោយចីរភាពតាមព្រំដែន»។

ជាការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះក្នុងប្រទេសកម្ពុជា លោកស្រីបណ្ឌិត Pak បានទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតក្នុងតំបន់នៅគណៈកម្មការទន្លេមេគង្គ (MRC)  ដែលនៅទីនោះ លោកស្រីបាន​កោតសរសើរពីវិធីសាស្ត្រទូលំទូលាយថ្នាក់តំបន់របស់ (MRC) ដើម្បីពង្រឹងនូវសមត្ថភាពរបស់ MRC តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ លោកស្រីបណ្ឌិតក៏បានស្វែងយល់បន្ថែមពីទស្សនៈផ្សេងៗ របស់អ្នកជំនាញពាក់ព័ន្ធបញ្ហាទន្លេមេគង្គ ដោយរួមទាំងបញ្ហាអន្តោប្រវេសន៍ ការជួញដូរ ការគ្រប់គ្រងធនធានធម្មជាតិ វិស័យធុរកិច្ច និងថាមពលកកើតឡើងវិញ ព្រមទាំងអាទិភាពរួមរបស់សហរដ្ឋអាមេរិកក្នុងអនុតំបន់ទន្លេមេគង្គ។

ក្នុងកិច្ចពិភាក្សាជាមួយយុវជនវ័យក្មេងនៅ AmCam Exchange ក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌល Education USA របស់ស្ថានទូតអាមេរិក នៅភ្នំពេញ លោកស្រីបណ្ឌិត Pak ក៏បាន​លើកទឹកចិត្តដល់អ្នកដឹកនាំវ័យក្មេងទាំងអស់ឱ្យធ្វើការរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលជះឥទ្ធិពលដល់អនុតំបន់ទាំងមូលដើម្បីសម្រេចនូវលទ្ធផលជាទីគាប់ប្រសើរ​។

ភាពជាដៃគូមេគង្គ សហរដ្ឋអាមេរិក លើកកម្ពស់នូវសិ្ថរភាព សន្តិភាព និង​វិបុលភាពនៃអនុតំបន់ទន្លេមេគង្គ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដៃគូមេគង្គ និងសហរដ្ឋអាមេរិក។ វាក៏ពង្រឹងនូវទំនាក់ទំនងដ៏រឹងមាំនិងយូរអង្វែងរវាងសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម ផងដែរ។

ចាប់ពីឆ្នាំ២០០៩ ដល់ ២០២២ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជាង ៥,៨​​ ពាន់លានដុល្លារ ជាជំនួយទេ្វភាគីនិងក្នុងតំបន់ជូនដល់​ប្រទេសដៃគូទាំង ៥នៃទន្លេមេគង្គ។

រូបភាពដោយ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ