ប៉ៃលិន ជាខេត្តមួយរបស់កម្ពុជាស្ថិតនៅជាប់ព្រំប្រទល់ប្រទេសថៃ ដែលធ្លាប់ល្បីរន្ទឺថា ជាដែនដីសម្បូរទៅដោយត្បូង រហូតដល់មានអ្នកនិពន្ធសៀវភៅ កវីនិពន្ធចម្រៀងក្តី ក៏បានរំលេចអំពីទិដ្ឋភាពធនធានរ៉ែត្បូងនៅខេត្តនេះ ក្នុងប្រលោមលោក និងអត្ថន័យបទចម្រៀងជំនាន់មុនថែមទៀតផង។
ក្រោយមកទឹកដីជាប់ព្រំដែនថៃមួយនេះ បានក្លាយជាជំរុំចុងក្រោយរបស់ក្រុមមេដឹកនាំខ្មែរក្រហម បន្ទាប់មករដ្ឋាភិបាលក្រុងភ្នំពេញក៏បានគ្រប់គ្រងតំបន់នេះវិញ តែធនធានរ៉ែត្បូងក៏ត្រូវបានគេមើលឃើញថាចេះតែបាត់បង់ ហើយមុខរបររបស់ពលរដ្ឋក៏ធ្លាប់អាស្រ័យផលលើអាជីវកម្មរ៉ែត្បូងនោះក៏ថយចុះជាបន្តបន្ទាប់។
ប្រជាពលរដ្ឋប្រកបមុខរបររែង និងជីករុករករ៉ែត្បូងជាច្រើនក្នុងខេត្តប៉ៃលិន បានបោះបង់ចោលអាជីពមួយនេះ និងងាកទៅប្រកបមុខរបរធ្វើកសិកម្មឬមុខរបរផ្សេងជំនួសវិញ ការណ៍នេះបានធ្វើឱ្យខេត្តប៉ៃលិនកាន់តែស្ងប់ស្ងាត់ពីជំនួញរ៉ែត្បូង បើធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន។
កំពុងតែអង្គុយក្នុងហាងនៅក្បែរជើងភ្នំយ៉ាត បុរស់វ័យជាង ៦០ឆ្នាំ ពាក់អាវដៃខ្លី ឆ្នូតក្រឡាការ៉ូពណ៌សរលាយប្រផេះ និងលឿងស្រាលៗ ដៃស្តាំកាន់ដង្គៀបចាប់ត្បូង ពាក់វ៉ែនតាពង្រីកមើលត្បូងលើក្បាល។ ពេលខ្លះក៏អោនពិនិត្យ និងរើសគ្រាប់ត្បូងកណ្តៀងមួយៗ គ្រាប់ធំដាក់ដោយធំ គ្រាប់តូចដាក់ដោយតូច គ្រាប់ណាទឹកចាស់ល្អដាក់មួយផ្នែក ចំណែកឯគ្រាប់ណាទឹកមិនទាន់ចាស់ក៏ត្រៀមយកទៅដុតបន្ថែម។
លោក ឈុន ការីម មានដើមកំណើតនៅក្នុងខេត្តប៉ៃលិន ដែលជាទឹកដីសម្បូរទៅដោយធនធានធម្មជាតិរ៉ែត្បូង កំពុងតែអង្គុយរើសត្បូងបណ្តើរ ក៏ឆ្លៀតងាកមកផ្តល់បទសម្ភាន៍ជាមួយនឹងអ្នកសារព័ត៌មានបណ្តើរថា លោករកស៊ីត្បូងតាំងពីវ័យប្រមាណ១៧ឆ្នាំ។ បុរសវ័យ៦២ឆ្នាំ មានបទពិសោធន៍ក្នុងការមើលត្បូងរូបនេះ បានរៀបរាប់ពីប្រភេទត្បូងតំណាងឱ្យខេត្តប៉ៃលិន ដែលមានដូចជាត្បូងទទឹម ត្បូងកណ្តៀង ពេជ្យប៉ៃលិន ទង និងអ៊ីលឹមឬហៅថាត្បូងពណ៌ស្លឹកឈើ។
លោក ឈុន ការីម និយាយថា៖ «គិតទៅតាំងពីដើមមក! តាំងពីសង្គម គិតទៅចូលចិត្ត ៥០ឆ្នាំហើយ ពីព្រោះអីខ្ញុំអាយុ១៦ អាយុ១៧ ខ្ញុំនៅរកស៊ីត្បូងរហូតពីហ្នុងមកដល់ ៦០ជាងគិតទៅ»។
លោកបន្តថា៖ «ត្បូងប៉ៃលិនយើង មានសំខាន់ជាងគេ ដែលថ្លៃជាងគេរាល់ថ្ងៃហ្នឹង គឺត្បូងទទឺម ទទឹមហ្នឹងគេហៅត្បូងក្រហម បន្ទាប់មកកណ្តៀង គឺត្បូងខៀវ បន្ទាប់មកទៀតគេហៅ ពេជ្រប៉ៃលិនពណ៌សរ! សរៗ ទឹកភ្លៀវទឹកឃ្មុំ អាហ្នឹងធ្លាប់មានតម្លៃដែរ គ្រាប់ធំៗណាស់។ បន្ទាប់មកទៀតមានទង ហើយអាពណ៌ស្លឹកឈើ គេហៅអ៊ីលឹមៗ»។
លោកបន្តប្រាប់ថា បច្ចុប្បន្នខេត្តប៉ៃលិននៅតែមានរ៉ែត្បូង តែដោយសាររដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានបានទប់ស្កាត់ការជីករុករករ៉ែត្បូង ទើបប្រជាពលរដ្ឋមិនអាចបន្តប្រកបមុខរបរជីកត្បូងជាលក្ខណៈគ្រួសារបាន ហើយប្រជាពលរដ្ឋភាគច្រើនក៏ងាកជាទៅធ្វើកសិកម្មជំនួសវិញ។
លោក ឈុន ការីម ថ្លែងថា៖ «ចុះឥឡូវវាមានអី! បើសិនជាខាងរដ្ឋាភិបាលយើងឱ្យបើកទូលំទូលាយ ឱ្យប្រជាពលរដ្ឋធ្វើដូចមុនទៅ គឺមានអី បានតើ បាទសម្បូរតា ប៉ុន្តែរាល់ថ្ងៃហ្នឹង គឺខាងរដ្ឋាភិបាលយើងហាមខាត់ មិនឱ្យធ្វើ បរិស្ថានផង អីផង ធ្វើបាបគ្នា ឆាឆៅគ្នា។ អ៊ីចឹងគ្នាអត់ធ្វើទៅបានវាមិនសូវមាន»។
មិនខុសពីអាជីវករលក់ត្បូងខាងលើ លោកស្រី គឹម លី អាយុ ៦៩ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យ ស្នាក់អាស្រ័យលើភ្នំយ៉ាត មានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺ បានរស់នៅក្នុងខេត្តប៉ៃលិនតាំងពីជំនាន់ខ្មែរក្រហមផ្តាច់ខ្លួន និងចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា។ លោកស្រីឱ្យដឹងថា កាលពីដើមឡើយ ខេត្តប៉ៃលិនសម្បូរទៅដោយធនធានរ៉ែត្បូង តែនាពេលបច្ចុប្បន្ននេះហាក់បាត់បង់ច្រើន ហើយចំនួនអ្នកប្រកបរបរនេះក៏ថយចុះស្ទើរតែអស់ដែរ។
លោកស្រី គឹម លី លើកឡើងថា៖ «ចាស៎! ជំនាន់ហ្នឹងសម្បូរតើកូន ជីកត្រង់ណាក៏បានៗ កូនខ្ញុំជីកត្រង់ណា ក៏អត់ដែរខុសដែរកូន […] រាល់ថ្ងៃ ត្បូងវាអត់សូវមានទេ មានដែរ តែមានដោយកន្លែង គេជីកបានអ៊ីចឹង កន្លែងណាដែលនៅ គេដើរជីកបានតិចតួចអ៊ីចឹងដែរ វាមិនអស់អាលីងទេ តែគ្រាន់តែឥឡូវនៅនេះអស់ហើយ [ក្នុងបរិវេណភ្នំយ៉ាត]។ ជីកលក់អស់ហើយ ថៃទិញអស់ហើយអត់មានសស់ទេ។ ដីភ្នំឥឡូវគេចាក់ឥដ្ឋចាក់អីពីលើអស់ហើយ អត់មានទេណាកូនណា»។
ទឹកមុខស្រស់ញញឹម អមជាមួយនឹងសម្លៀកបំពាក់សំពត់ពណ៌ខ្មៅ អាវសរ ដូនចាស់ រូបនេះ បានលើកឡើងថា គាត់សោកស្តាយដែលធនធានរ៉ែត្បូងនៅក្នុងខេត្តប៉ៃលិនត្រូវបាត់បង់ ចំណែកឯក្មេងៗ ជំនាន់ក្រោយនឹងមិនស្គាល់ត្បូងតំណាងខេត្តប៉ៃលិនដែរ។
លោកស្រី គឹម លី បន្តថា៖ «ចាស… អ៊ីចឹងហើយបើបាត់បង់អស់ហើយ យើងកូនចៅជំនាន់ក្រោយអត់ស្គាល់ អត់ឃើញ ឭតែឈ្មោះ មិនថាអ៊ីចឹងកូន ឭតែឈ្មោះទេ ឱ្យឃើញជាក់ស្តែងអត់ឃើញ ឱ្យឃើញពិតប្រាកដអត់ឃើញ ឭតែគេនិយាយ ឭតែគេថា បើពីជំនាន់មុនមក គឺបានឃើញបានដឹងជាក់ស្តែង»។
ដៃស្តាំកាន់កញ្ច្រែងរែងត្បូង ខាងឆ្វេងកំពុងតែអង្អែលផ្ទៃខាងក្នុងកញ្រ្ចែង លោក តេង ទេព វ័យ ៦៤ឆ្នាំ រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ខេត្តប៉ៃលិន បានបោះបង់អាជីពជាអ្នកជីកត្បូងជាច្រើនឆ្នាំ និងងាកទៅដាំដំណាំផ្សេងៗជំនួសវិញ ដោយលោកយល់ថា ការជីកត្បូងត្រូវប្រើកម្លាំងពលកម្មខ្លាំង និងហត់នឿយជាងការធ្វើកសិកម្ម។
លោក តេង ទេព ថ្លែងថា៖ «ហ៊ឹម! វាមិនដែលចេះស្រួលទេរឿងរក វាពិបាកថ្ម លើថ្មលើអី។ យើងពលកម្ម កម្លាំងពលកម្ម បញ្ចេញពលកម្មលើថ្មលើអី បានកើបរ៉ែមករែងអ៊ីចឹងទៅ ជួនកាលបាន ជួនកាលវាអត់អ៊ីចឹង។ វាធ្វើត្បូងវាអស់បានហើយ បានត្រលប់មកធ្វើចម្ការទៅ»។
លោកបន្ថែមទៀតថា បច្ចុប្បន្នមុខរបរជីកត្បូងមិនអាចជួយទំនុកបម្រុងជីវភាពគ្រួសារបានល្អប្រសើរ ដោយត្រូវចំណាយពេលវេលាក្នុងការជីក និងរែង ជួនកាលត្រូវចំណាយពេល២ទៅ៣ថ្ងៃ ទើបអាចរកត្បូងដែលអាចលក់បានកម្រៃពី ៤ម៉ឺន ទៅ ១០ម៉ឺនរៀល។ លោកមើលឃើញថា នៅក្នុងទឹកដីខេត្តប៉ៃលិននៅតែមានរ៉ែត្បូង តែដោយសារតែរបរជីកត្បូងជារបរផ្សងសំណាង ដូច្នេះប្រជាពលរដ្ឋភាគច្រើនបានងាកទៅធ្វើកសិកម្មវិញ។
លោក តេង ទេព បន្តថា៖ «វាទម្លាក់ចោលត្រង់យើងរកមិនបាន យើងទម្លាក់ចោលហើយ បើយើងចេះតែរកបាន យើងម៉េចទម្លាក់ចោល មុខរបរ តារកមិនបានទម្លាក់ចោលហើយ តារកអីផ្សេងទៀតបានលុយមកចិញ្ចឹមកូន ចិញ្ចឹមចៅ អាហ្នឹងគិតអ៊ីចឹង។ បើយើងមិនគិតអ៊ីចឹង តាមតែអាហ្នឹងវាមិនដាច់បាយងាប់ហើយ»។
មិនមានរបាយការណ៍បង្ហាញជាក់លាក់ថា ចំនួនពលរដ្ឋនៅក្នុងខេត្តនេះប៉ុន្មានភាគរយដែលប្រកបរបររកត្បូងកាលពីមុន ហើយបច្ចុប្បន្ននៅសេសសល់ប៉ុន្មានភាគនោះទេ ប៉ុន្តែពលរដ្ឋអះអាងថា អ្នកបោះបង់ចោលមុខរបរនេះ គឺស្ទើរតែទាំងស្រុងតែម្តង។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា មានប្រសាសន៍ថា ការធ្វើអាជីវកម្មរ៉ែត្បូងទាមទារឱ្យប្រជាពលរដ្ឋមានចំណេះដឹងខ្ពស់ពាក់ព័ន្ធនឹងបច្ចេកទេស និងត្រូវចំណាយពេលវេលាក្នុងស្វែងរកបប្រភពរ៉ែត្បូង ម្យ៉ាងវិញទៀតត្រូវប្រឈមហានិភ័យគ្រោះថ្នាក់ខ្ពស់ និងទទួលបានផលចំណេញតិចតួច។
លោក អ៊ឹង ឌីប៉ូឡា ថ្លែងថា៖ «ការធ្វើអាជីវកម្មរ៉ែទាមទារឱ្យចំណេះដឹងបច្ចេកទេសច្រើន និងមានហានិភ័យគ្រោះថ្នាក់ខ្ពស់ រីឯផលចំណេញក៏មិនច្រើនប៉ុន្នានដែរបាទ ហើយអាជីវកម្មរ៉ែនេះ ហានិភ័យគ្រោះថ្នាក់មានច្រើនណាស់បាទ ហើយនៅពេលដែលយើងទៅរកហ្នុង មិនប្រាកដថា យើងរកឃើញភ្លាមៗទេ។ អ៊ីចឹងហើយចាយពេលយូរ ពាក្យថា ចាយពេលយូរយើងត្រូវចំណាយច្រើន»។
លោកបន្ថែមទៀតថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ ដែលជាពេលវេលាល្អសម្រាប់ប្រជាពលរដ្ឋងាកទៅប្រកបរបរកសិកម្ម និងស្វែងមុខរបរប្រភេទផ្សេងៗ ទៀត ដែលងាយស្រួលទទួលបានប្រាក់ចំណេញជាងអាជីវកម្មត្បូង។
លោក អ៊ឹង ឌីប៉ូឡា បន្តថា៖ «ការអភិវឌ្ឍន៍នេះ បានជំរុញឱ្យប្រជាពលរដ្ឋយើងទៅចាប់អាជីពណាដែលនាំមកផលចំណេញច្រើនជាងទៅពួកគាត់ ទាំងថវិកា ទាំងពេលវេលា ទាំងហានិភ័យគ្រោះថ្នាក់ គឺធ្វើម៉េចយើងជ្រាបស្រាប់ហើយ មនុស្សម្នាក់មិនចង់ទៅធ្វើអ្វីដែលគ្រោះថ្នាក់ទេ។ ដូច្នេះហើយបានគាត់ទៅចាប់អាជីពណាដែលងាយស្រួលអាចក្បែរផ្ទះ អាចសុវត្ថិភាព អាចមានប្រាក់ខែច្រើនជាងសម្រាប់ពួកគាត់»។
លោក និត កុសល អតីតយុវជនធ្លាប់ធ្វើការផ្នែកឧស្សាហកម្មនិស្សារណកម្ម យល់ឃើញថា ការរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរ ប្រទេសមានការអភិវឌ្ឍន៍ ហេដ្ឋារចរនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរជាងមុន ប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសជិតខាង រួមទាំងមានការឈួសឆាយយកដីធ្វើកសិកម្មទើបរបរជីកត្បូងនៅក្នុងខេត្តប៉ៃលិនធ្លាក់ចុះ។
លោក និត កុសល និយាយថា៖ «អ៊ីចឹងអាការរស់នៅរបស់មនុស្សមានការផ្លាស់ប្តូរ ដោយសារយើងមានអាការនាំកម្លាំងពលកម្មទៅធ្វើការនៅថៃបាទ មានផ្លូវស្រួសអ៊ីចឹងទៅ ហើយក៏អាចឈួសឆាយដីធ្វើកសិកម្មអ៊ីចឹងទៅ មនុស្សក៏អាចផ្លាស់ប្តូរពីការដែលពិបាករកត្បូងមកធ្វើកសិកម្មវិញ»។
បន្ថែមពីនេះ កុសល មានការសោកស្តាយដែលខេត្តប៉ៃលិនបាត់បង់ធនធានធម្មជាតិ ដោយកង្វះអភិបាលកិច្ចក្នុងការគ្រប់គ្រង រដ្ឋផ្តល់សិទ្ធឱ្យក្រុមហ៊ុនមិនចុះបញ្ជី ធ្វើការរុករករ៉ែត្បូងជាលក្ខណៈទ្រង់ទ្រាយធំ។ លោកព្រួយបារម្ភពីស្ថានភាពប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ដែលពួកគាត់ពឹងលើប្រភពចំណូលពីការជីកត្បូងដើម្បីផ្គត់ផ្គង់គ្រួសារ។
លោក និត កុសល៖ «ដោយសារតែខ្វះការអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង ព្រោះឭព័ត៌មានថា ក្រៅពីប្រជាជនហ្នឹងក៏មានការជីកត្បូង ជីកអីទ្រង់ទ្រាយធំពីបណ្តាក្រុមហ៊ុន អាចថា ក្រុមហ៊ុនអត់មានបញ្ជីការអីត្រឹមត្រូវ»។
លោកបន្តថា៖ «អ្វីដែលជាការគិតរបស់ខ្ញុំ នៅពេលដែលអ្នកដែលនៅតំបន់ហ្នឹង ធ្លាប់តែទទួលបានចំណូលពីការជីកត្បូង ទោះបីតិចច្រើនអី នៅពេលដែលអស់អាហ្នឹង តើគាត់ប្រកបមុខរបរអីខ្លះ ហើយពេលដែលដំណាក់កាលបន្ទាប់មកទៀត តើគាត់នឹងប្រើប្រាស់មធ្យោបាយអីដើម្បីចិញ្ចឹមជីវិតរបស់គាត់?»។
គោលនយោបាយជាតិស្តីពីធនធានរ៉ែឆ្នាំ២០១៨-២០២៨ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានរ៉ែប្រកបដោយចីរភាព និងការទទួលខុសត្រូវខ្ពស់ដោយយកចិត្តទុកដាក់ជាចម្បងលើកត្តាធំៗ ចំនួនបីគឺ បរិស្ថាន សង្គម និងសេដ្ឋកិច្ច។ បញ្ហាអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលមានអាជីវកម្មរ៉ែ បញ្ហាតំបន់អាជីវកម្មរ៉ែដែលមានជនជាតិដើមភាគតិចរស់នៅ និងបញ្ហាស្ត្រីក្នុងអាជីវកម្មរ៉ែក៏ត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយជាតិ។
ប៉ៃលិន ជាខេត្តមួយឋិតនៅជ្រុងខាងជើងនៃជួរភ្នំក្រវាញ ភាគខាងលិចនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ។ ខេត្តនេះព័ទ្ធជុំវិញដោយខេត្តបាត់ដំបង និងត្រូវបានផ្ដាច់ចេញពីខេត្តបាត់ដំបងក្លាយជាតំបន់រដ្ឋបាលដាច់ដោយឡែក បន្ទាប់ពីមានការចុះចូលរបស់ក្រុមខ្មែរក្រហមលោក អៀង សារី នៅឆ្នាំ១៩៩៦។ ប៉ៃលិនត្រូវបានពិភពលោកស្គាល់ថា ជាជម្រកចុងក្រោយនៃពួកខ្មែរក្រហម បន្ទាប់ពីបានចាញ់សង្គ្រាមនៅឆ្នាំ១៩៧៩។
ងាកមកលោក ឈុន ការីម បង្ហាញការយល់ឃើញថា៖ «តាមពិតប៉ៃលិនគឺត្រូវឱ្យគេធ្វើ[អាជីវកម្មត្បូង] ព្រោះដើមកំណើតពីដើម គឺកន្លែងហ្នឹង គឺអ្នករកស៊ីត្បូង មិនមានអ្នកធ្វើចម្ការធ្វើអីទេ។ ឥឡូវហ្នឹងប្រែប្រួលអស់ហើយ»៕
រូបភាពដោយ៖ ទុយ អេងលី