បទយកការណ៍៖ ពលរដ្ឋ​តាំង​ទីលំនៅ​លើ​ខ្នងអាងភាស​ខេត្តបាត់ដំបង​បារម្ភ​បាត់បង់​ទីជម្រក​ក្រោយ​មាន​ដំណឹង​ពី​គម្រោង​អភិឌ្ឍន៍

ពលរដ្ឋប្រមាណ ២០០គ្រួសារដែលតាំងទីលំនៅលើខ្នងអាងភាស ​ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញក្ដីបារម្ភជុំវិញការបាត់បង់លំនៅឋានឬកន្លែងស្នាក់នៅ ក្រោយមានព័ត៌មានអំពី​គម្រោងអភិវវឌ្ឍន៍នៅតំបន់ពួកគេរស់​នៅ។

មានមាឌល្អិត សម្បុរសណ្ដែកបាយ ពាក់អាវពណ៌ស្លែ ស្លៀកខោ​ខូ​វ​ប៊​យពណ៌ខៀវស្រាល កំពុងអង្គុយនៅក្នុងផ្ទះសង់ពីស័ង្កសីទំហំប្រហែល៣ទៅ ៤ម៉ែត្រ ពេលខ្យល់បក់មកម្ដងៗ ផ្ទះស្ទើរដួលរលំទៅតាមកម្លាំងខ្យល់ផងនោះ លោក ភោត ដាវុធមានប្រសាសន៍ថា លោកបានតាំងទីលំនៅលើខ្នងអាងភាស ដែលស្ថិតនៅភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ តាំងពីឆ្នាំ២០០៧។

លោកបន្តថា គិតមកដល់ពេលបច្ចុប្បន្នមានរយៈពេលប្រមាណ១៥ឆ្នាំ​ ប៉ុន្តែកាលពីពេលថ្មីនេះមានព័ត៌មានថា ខាង​រដ្ឋបាលខេត្តបាត់ដំបងមានគម្រោងអភិវវឌ្ឍន៍លើខ្នងអាងភាសនេះ។ ដូច្នេះលោកថា ពលរដ្ឋ​រស់នៅតំបន់អាងទឹកមួយនេះអាចត្រូវឱ្យរើចេញក្នុងខែវិច្ឆិកាខាងមុខនេះ។

លោក ភោត ដាវុធ កំពុងតែអង្គុយផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងផ្ទះសាងសង់ពីស័ង្កសី ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី

លោក ភោត ដាវុធ និយាយថា៖ «រស់នៅលើមាត់អាងភាស នៅក្នុងឆ្នាំ២០០៧។ មិនបានទិញដីទេ ដីរបស់រដ្ឋ អ្នកនៅខាងនោះក៏ទិញលក់អត់បានដែរ​។ អត់ដឹង! គេអត់ទាន់ប្រាប់យើង! គ្រាន់តែឮតៗគ្នាថា ខែ១១នេះ គេឱ្យរើ។ គេថាពង្រីកផ្លូវ»។

លោកបារម្ភថា ប្រសិនបើត្រូវការអភិវឌ្ឍអាងខ្នងភាសមែន ពលរដ្ឋមានតែរុះរើចេញ ប៉ុន្តែពលរដ្ឋដែលមានមុខរបរជាយោធារូបនេះស្នើ​ឱ្យថ្នាក់ដឹកនាំជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់មុនឱ្យពួកគាត់ចាកចេញពីកន្លែងចាស់។ ​

លោក ភោត ដាវុធ កំពុងតែអង្គុយរង់ចាំប្រពន្ធ និងកូនត្រលប់មកពីធ្វើការងារសំណងក្នុងទីរួមខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី

លោក ភោត ដាវុធ៖ «ស្នើសុំឱ្យថ្នាក់លើជួយសម្រួលអាផ្លូវហ្នឹងតែល្មមបានហើយ ឱ្យប្រជាជនរស់នៅលើអាងនេះផង ហើយគ្នាអត់ចង់បានអីទេ គ្នាចង់មករស់នៅទីនេះយូរមកហើយ គ្នាអត់ចង់ចេញទៅណាអ៊ីចឹង ព្រោះគេធ្លាប់រស់តាំងពីសម័យខ្មែរក្រហម រស់មករហូតដល់ពេលស្រុកស្រួលបួល [សន្តិភាព] ដេញគ្នាចេញ ដូចវាមិនសម»។

មិនខុសពីលោក ភោត ដាវុធ អ្នកស្រី ម៉ន ច័ន្ទនី មានមុខរបរលក់ដូរអីវ៉ាន់ចាប់ហួយលើខ្នងអាងភាសជាង ១០ឆ្នាំមកហើយនោះ ​ប្រាប់ថា គាត់រស់នៅតាំងពីជំនាន់ឪពុកម្ដាយ។ យ៉ាងណា អ្នកស្រីនៅមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ថានឹងត្រូវឱ្យរុះរើពេលណានោះទេ។​

អ្នកស្រី ច័ន្ទនី ​បន្តថា គាត់ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដែរ ​ស្នើសុំឱ្យអាជ្ញាធរជូនដំណឹងជាមុនងាយស្រួសសម្រាប់គាត់អាចស្វែងរកទីតាំងថ្មីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។

ទិដ្ឋភាពផ្លូវក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី

គាត់ថា៖ «និយាយទៅ រឿងរើ វាគង់តែរើទេ គ្រាន់ថាឱ្យវាច្បាស់លាស់ សំខាន់យើងត្រូវមានការច្បាស់លាស់ បើអត់ច្បាស់លាស់ យើងក៏ចេះឱ្យរើតាមគ្នា មិនដឹងរើយ៉ាងម៉េច […] និយាយរួម អាហ្នឹងទាល់តែប្រាប់ឱ្យយូរមុនដែរហ្នឹង ឱ្យយើងយូរ ព្រោះយើងប្រាប់ត្រឹមបួនដប់ថ្ងៃ ក៏មិនដឹងរកអីទាន់។ និយាយរួម ចង់បានតែយូរ វាមិនដឹងប៉ុនណាដែរហ្នឹង ព្រោះយើងវាពិបាករកកន្លែង ខ្ញុំមិនដឹងថារកទៅកន្លែងណា»។

អ្នកស្រី ឡម លាភ ទើបតែទៅរស់នៅលើខ្នងអាងភាសជាងពីរឆ្នាំ ពោលគឺអំឡុងកូវីដ-១៩​ផ្ទុះឡើងខ្លាំង ដោយបានសង់​កូនខ្ទមស័ង្កសីរស់នៅជាមួយកូនប្រុសអាយុ១២ឆ្នាំ និងមានមុខរបរលក់ភេសជ្ជៈ និងទឹកអំពៅ​នៅខាងមុខវត្តសឹង្ហារាម ហៅវត្តទួលសឹង្ហ។ ស្រ្តីវ័យ៥២ឆ្នាំរូបនេះនិយាយទាំងសំឡេងញ័រនិងទទឹកភ្លៀងជោកថា​ គាត់មិនប្រាកដថាត្រូវរុះរើពេលណានោះទេ។

ផ្ទះរបស់អ្នកស្រី ឡម លាភ ដែលរស់នៅជាមួយកូនប្រុសអាយុ១២ឆ្នាំ ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូបថតដោយ៖ ទុយ អេងលី

អ្នកស្រី ឡម លាភ៖ «អត់ដឹងផង! នេះចេះតែនៅៗ ផ្សងព្រេង។ មិនដឹងទៅណាទៅណីទេ។ ទាំងអស់គ្នាហ្នឹង មិនដឹងទៅណាទៅណីទេ។ គ្នាវាអត់! រត់មកនៅនេះ ដល់ពេលអ៊ីចឹង មិនដឹងធ្វើម៉េចទេ»។

​ឃុំពាមឯក ជាឃុំមួយស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានភូមិចំនួន៨​ រួមមាន ភូមិដូនទាវ សួសអី ពាមឯក គង់ទុំ ករហាល ព្រែកឆ្តោរ តាគម និងភូមិគោកដូង។

លោក អួង សារ៉ន អតីតមេឃុំពាមឯក បាន​ឱ្យដឹងថា អាងភាសបានសាងសង់ឡើងក្នុងរបបខ្មែរក្រហម អំឡុងឆ្នាំ១៩៧៧ និងមានទំហំដីប្រមាណ​១ ៣០០ហិកតា ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅសរុបចំនួនជាង២០០គ្រួសារ។

លោក អួង សារ៉ន បានលើកឡើងថា៖ «សរុបទាំងអស់ ទាំងនៅក្នុងអាង ទាំងនៅមាត់អាងហ្នឹង វាខ្ទង់២០០គ្រួសារជាង ប្រហែលជាលើសតិចតួច។ នៅក្នុងអាងហ្នឹង បើតាមស្ថិតិជំរឿនចុងក្រោយនេះមានតែប៉ុន្មាន៧៥គ្រួសារទេ! ហើយពីនោះប៉ុន្មានទៀត នៅខាងក្រៅអាង នៅជុំវិញហ្នឹងណា»។

សាលាបឋមសិក្សាភាស ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូបថតដោយ៖ ទុយ អេងលី

លោកបន្ថែមថា រាល់ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការឱ្យរុះរើនេះ ​អភិបាលខេត្តកំពុងតែស្វែងរកការដោះស្រាយ​ ប៉ុន្តែដំណោះស្រាយយ៉ាងណានោះ លោកមិនទាន់អាចជម្រាបបាន​ទេ។

លោក អួង សារ៉ន៖ «បាទ! ដោះស្រាយហ្នឹង! ឯកឧត្តមអភិបាលខេត្តឃើញគាត់ឡើងចុះ ឡើងចុះ ប៉ុន្តែដំណោះស្រាយគាត់ មិនដឹងយ៉ាងណា។ ខ្ញុំអត់ហ៊ានថាម៉េចទេ ព្រោះនេះមិនទាន់ចេញជាគោលការណ៍»។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ មានប្រសាសន៍យ៉ាងខ្លីថា មិនមានអ្នកណាដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទីជម្រកនោះទេ ហើយលោកក៏ប្រាប់ឱ្យសួរ​ព័ត៌មានបន្ថែមពីមន្ទីរធនធានទឹកវិញ។

លោក សុខ លូ៖ «ចុះពិនិត្យជាក់ស្ដែង។ សួរទៅមន្ទីរធនធានទឹក ទើបច្បាស់។ គ្មានអ្នកណាធ្វើឱ្យពួកគាត់បាត់បង់ទីជម្រកផង»។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង លោក​ ឡុង ផល្គុន បានឆ្លើយ​យ៉ាងខ្លីថា ​បញ្ហានេះមិនមានពាក់ព័ន្ធជាមួយ​មន្ទីរធនធានទឹក​ទេ។ លោកបន្ថែមថា ប្រជាពលរដ្ឋក៏ដឹងហើយថា គាត់កំពុងតែរស់នៅលើដីរបស់រដ្ឋ។

លោក​ ឡុង ផល្គុន លើកឡើងថា៖ «សំណួរនេះដូចមិនមានការពាក់ព័ន្ធខ្ញុំទេ […] គាត់ដឹង [ថាដីដែលគាត់រស់នៅបច្ចុប្បន្ននេះជា] ដីរដ្ឋហើយ»។

អក្សរបាញ់ថ្នាំឱ្យរុះរើនៅលើជញ្ជាំងផ្ទះស័ង្កសីរបស់ប្រជាពលរដ្ឋដែលរស់នៅខ្នងអាងភាស ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់ដំបង​ និងប៉ៃលិន លោក យិន ម៉េងលី មានប្រសាសន៍ថា ​ដីនៅបរិវេណអាងភាស ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

លោកបន្តថា ក្រសួងមានគម្រោង​អភិឌ្ឍន៍ពង្រីកអាងភាស តាមការយល់ឃើញរបស់លោក ដោយសារតែអាជ្ញាធរមិនមានលទ្ធភាពគ្រប់គ្រាន់ ដូច្នេះអាជ្ញាធរបានផ្តល់សិទ្ធឱ្យក្រុមហ៊ុនឯកជនវិនិយោគ​ជីកយកអាចម៍ដីលក់ជាថ្នូរថ្លៃចំណាយ។ បញ្ហានេះ លោកថាបានបង្កឱ្យប្រជាពលរដ្ឋព្រួយបារម្ភ។

លោកបន្ថែមថា ប្រសិនបើអាជ្ញាធរស្នើឱ្យពលរដ្ឋរស់នៅតំបន់អាងភាសរុះរើតាម​គោលការណ៍រដ្ឋបាល យ៉ាងតិចណាស់ អាជ្ញាធរមុនពេលដែលឱ្យមានការរុះរើ ត្រូវតែជូនដំណឹងជាលាយលក្ខណ៍អក្សរឱ្យប្រជាពលរដ្ឋបានដឹងមុន​។ ​​

លោក យិន ម៉េងលី៖ «កាលណាអាជ្ញាធរលោកមានវិធានការ​ គឺការងាររដ្ឋបាល អាជ្ញាធរ គឺធ្វើជាលាយលក្ខណ៍អក្សរផ្ដល់ឱ្យអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបានដឹងនូវកាលបរិច្ឆេទពាក់ព័ន្ធនៃការរុះរើ ទីមួយ។ ទីពីរ គោលការណ៍រដ្ឋបាល គេត្រូវទុកពេលមួយអាទិត្យ ឬពីរអាទិត្យ បីសប្តាហ៍ ដើម្បីឱ្យអ្នករុះរើមានលទ្ធភាពក្នុងការរុះរើនូវសំណង់របស់ខ្លួន។ អ៊ីចឹងមិនអាចថ្ងៃហ្នឹង ស្អែក ខានស្អែក ឱ្យរើបានទេ»។

អនុក្រឹត្យស្ដីពី វិធាន និងលក្ខណៈវិនិច្ឆយនៃការធ្វើប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ ប្រជាពលរដ្ឋ ឬមន្ត្រីរាជការ ដែលអនុញ្ញាតឱ្យបានកាន់កាប់ និងអាស្រ័យផលលើដីរដ្ឋ ទទួលបាននូវកម្មសិទ្ធិស្របច្បាប់ លុះត្រាតែមានប្រវត្តិ និងអត្តសញ្ញាណតាំងទីលំនៅ ឬអាស្រ័យផលលើដីនោះយ៉ាងតិច១០ឆ្នាំ និងត្រូវកំណត់ឆ្នាំចុងក្រោយបញ្ចប់ការដោះស្រាយការកាន់កាប់លើទ្រព្យសម្បត្តិរដ្ឋទៀត ដោយគិតត្រឹមឆ្នាំ២០១៥ និងដោយមានការបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។

ងាកទៅលោក ភោត ដាវុធ វិញ លោកនៅតែទទូចសុំ​ឱ្យរដ្ឋាភិបាលជួយសម្រួលសំណងខ្លះ ប្រសិនបើមានការតម្រូវឱ្យពួកគាត់រុះរើឆាប់ៗមែននោះ៖ «បើរដ្ឋអាណិតប្រជាជន រដ្ឋឱ្យជួយគ្នា​ ទឹកចិត្តតិចតួចចេះតែទ្រាំទៅ។ បើថាឱ្យយើងទៅតវ៉ា ម៉េចកើត តវ៉ាអត់កើតទេ»៕