ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា W. Patrick Murphy និងបុគ្គលិកមកពីមជ្ឈមណ្ឌលកម្ចាត់ និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (US CDC) បានធ្វើពិធីអបអរខួបលើកទី២០ នៃការចាប់ផ្តើមជាផ្លូវការនៃកិច្ចសហប្រតិបត្តិការរបស់ US CDC ជាមួយក្រសួងសុខាភិបាលកម្ពុជា ហើយនិងវត្តមាននៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការចូលរួមនៃដៃគូសំខាន់ៗ ដែលធ្វើការក្នុងវិស័យសុខាភិបាលដែលរួមមានក្រសួងសុខាភិបាលកម្ពុជា ដើម្បីកត់សម្គាល់ឱកាសដ៏សំខាន់នេះ។
លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ភាពជាដៃគូរវាង US CDC និងក្រសួងសុខាភិបាលកម្ពុជាគឺជាគំរូនៃភាពល្អប្រសើរ ដែលបានកំណត់ និងបំពេញតាមអាទិភាពរួមក្នុងផ្នែកសុខាភិបាល ចែករំលែកព័ត៌មាន និងទិន្នន័យ ហើយជម្រុញតម្លាភាព និងគណនេយ្យភាព។ ភាពជាដៃគូនេះបានកសាងមូលដ្ឋានរឹងមាំមួយសម្រាប់ប្រព័ន្ធសុខភាពសាធារណៈមួយដែលមានភាពធន់ ហើយជាទុនដ៏សំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់យើង»។
នៅក្នុងសារពិសេសមួយ លោកស្រី Rochelle Walensky នាយកនៃ US CDC ក៏បានមើលឃើញពីសារសំខាន់នៃទំនាក់ទំនងនេះដែរ។ លោកស្រីបានមានប្រសាសន៍ថា៖ «ខួបលើកទី២០ នៃ US CDC នៅកម្ពុជា គឺជាសមិទ្ធផលជាទីមោទនៈមួយ នៅក្នុងប្រវត្តិដ៏យូររបស់យើងនៅក្នុងកិច្ចសហការគ្នាក្នុងវិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលកម្ពុជា និងដៃគូដទៃទៀតរបស់កម្ពុជា។ នៅក្នុងយុគសម័យមួយ ដែលកិច្ចសហការគ្នាជាដៃគូមានសារសំខាន់ជាងពេលណាទាំងអស់ US CDC នៅកម្ពុជា គឺជាគំរូមួយនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងនៅក្នុងការការពារសុខភាពសាធារណៈ។ យើងសូមអរគុណចំពោះភាពជាដៃគូ និងមិត្តភាពរបស់យើង»។
ក្នុងរយៈពេល ២ទសវត្សរ៍មកនេះ US CDC នៅកម្ពុជា បានធ្វើការជាមួយដៃគូក្នុងស្រុក និងដៃគូអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដែលរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺឆ្លងដទៃទៀត។ នៅក្នុងពេលផ្ទុះនៃមេរោគកូវីដ ១៩ US CDC នៅកម្ពុជា បានដើរតួនាទីសំខាន់ ក្នុងការផ្តល់ការណែនាំ និងការបណ្តុះបណ្តាលដល់អ្នកឆ្លើយតបផ្នែកសុខភាពសាធារណៈ ដែលធ្វើការងារឆ្លើយតបនឹងជំងឺកូវីដ-១៩ ហើយបានជួយមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ របស់ក្រសួងសុខាភិបាល៕
រូបថតដោយ៖ សហការី