ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយ មានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជិត ៣០០,០០០ នាក់។ រោងចក្រនេះ មានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា និងជាមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយត្រូវបានសាងសង់ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ និងក្រសួងសុខាភិបាលកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy មានប្រសាសន៍ថា៖ «ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជា ការព្យាបាលអ្នកជំងឺ COVID-19 ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង ១៦លានដុល្លារ នៅក្នុងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺ រាតត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណងទាក់ទងដ៏រឹងមាំនៃប្រទេសទាំងពីររបស់យើង»។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារនិងម៉ាស៊ីនផលិតអុកស៊ីសែននេះ ជាទីតាំងដំបូងគេនៅក្នុងខេត្ត។ មន្ទីរពេទ្យបង្អែកខេត្ត ១៦មករា បានបម្រើដល់ស្រុកចំនួន៧ ដែលមានប្រជាជនប្រមាណ ២៨៤,០០០នាក់។ បន្ថែមពីលើការផ្តល់ការគាំទ្រយ៉ាងសំខាន់សម្រាប់ការថែទាំអ្នកជំងឺ COVID-19 ការផ្គត់ផ្គង់អុកស៊ីសែន ដែលអាចជឿទុកចិត្តនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍ដែលពឹងផ្អែកលើសេវាព្យាបាលរបស់មន្ទីរពេទ្យ។
លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បាននិយាយថា៖ «អុកស៊ីសែន អាចធ្វើឱ្យមានភាពខុសគ្នារវាងជីវិត និងសេចក្តីស្លាប់។ នេះជាមូលហេតុដែលអង្គការ យូនីសេហ្វ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្គត់ផ្គង់អុកស៊ីសែន និងហេដ្ឋា រចនាសម្ព័ន្ធ ទន្ទឹមនឹងការកសាងសមត្ថភាពបុគ្គលិកសុខាភិបាលក្នុងការប្រើប្រាស់វា» ។
លោកស្រីបន្តថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក និងជាពិសេសទីភ្នាក់ងារ USAID សម្រាប់ជំនួយម៉ាស៊ីនផលិតអុកស៊ីសែនថ្មី សម្រាប់សង្គ្រោះជីវិតនេះ ដែលនឹងជួយលើកកម្ពស់ សុខភាពថ្ងៃនេះ និងបង្កើតភាពធន់ចំពោះបញ្ហាប្រឈមនៅថ្ងៃអនាគត»។
ម៉ាស៊ីនផលិតអុកស៊ីសែន ជាម៉ាស៊ីនដែលអាចផលិតអុកស៊ីសែនចំនួន ៣០០ លីត្រក្នុងមួយនាទី (LPM) ជាមួយនឹងស្ថានីយ៍ផ្ទុកដែលមានបំពង់ស៊ីឡាំង និងតភ្ជាប់ទៅបំពង់អុកស៊ីសែនរបស់មន្ទីរពេទ្យ។ ជាលទ្ធផលគម្រោងនេះនឹងជួយមន្ទីរពេទ្យឈប់ទិញបំពង់អុកស៊ីសែនពីអ្នកផ្គត់ផ្គង់ឯកជនបញ្ជូនបំពង់អុកស៊ីសែន របស់ខ្លួនទៅកាន់ទីតាំងឆ្ងាយៗ សម្រាប់បំពេញឡើងវិញទ្បើយ។ ដូច្នេះវានឹងជួយសន្សំសំចៃពេលវេលា ថវិកា និងកាត់បន្ថយការប្រឈមនឹងកង្វះអុកស៊ីសែន ដែលបង្កគ្រោះថ្នាក់ដល់ ការព្យាបាលអ្នកជំងឺ៕
រូបភាពដោយ៖ សហការី