សហរដ្ឋអាមេរិកផ្តល់ជំនួយអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនដល់កម្ពុជា

ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយ មានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់​ប្រជា​ជន​ជិត ៣០០,០០០ នាក់។ ​រោងចក្រនេះ មានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា និង​ជាមូល​និធិ​របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយត្រូវបានសាងសង់​ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ និងក្រសួងសុខាភិបាលកម្ពុជា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy មានប្រសាសន៍ថា៖ «ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជា ការព្យាបាលអ្នកជំងឺ COVID-19 ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង ១៦លានដុល្លារ នៅក្នុងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺ រាត​​ត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណងទាក់ទងដ៏រឹងមាំនៃប្រទេសទាំងពីររបស់យើង»។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារនិងម៉ាស៊ីនផលិត​អុកស៊ីសែន​នេះ ​ជាទីតាំង​ដំបូង​គេនៅ​ក្នុង​ខេត្ត។ មន្ទីរពេទ្យបង្អែកខេត្ត ១៦មករា បានបម្រើ​ដល់​ស្រុកចំនួន៧​ ដែល​មាន​ប្រជាជន​ប្រមាណ ​២៨៤,០០០​នាក់។ បន្ថែម​ពី​លើ​ការ​ផ្តល់ការ​គាំទ្រយ៉ាងសំខាន់សម្រាប់ការថែទាំអ្នកជំងឺ COVID-19 ការផ្គត់ផ្គង់អុកស៊ីសែន ដែលអាចជឿ​ទុក​ចិត្ត​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សហគមន៍​ដែលពឹងផ្អែកលើសេវាព្យាបាលរបស់​មន្ទីរ​ពេទ្យ​។

លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បាននិយាយថា៖ «អុកស៊ីសែន អាចធ្វើឱ្យមានភាពខុសគ្នារវាងជីវិត និងសេចក្តីស្លាប់។  នេះជាមូលហេតុដែលអង្គការ យូនីសេហ្វ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្គត់ផ្គង់អុកស៊ីសែន និងហេដ្ឋា រចនាសម្ព័ន្ធ ទន្ទឹមនឹងការកសាងសមត្ថភាពបុគ្គលិកសុខាភិបាលក្នុងការប្រើប្រាស់វា» ។

លោកស្រីបន្តថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក និងជាពិសេសទីភ្នាក់ងារ USAID សម្រាប់ជំនួយម៉ាស៊ីនផលិតអុកស៊ីសែនថ្មី សម្រាប់សង្គ្រោះជីវិតនេះ ដែលនឹងជួយលើក​កម្ពស់​ ​សុខភាព​ថ្ងៃនេះ និងបង្កើតភាពធន់ចំពោះបញ្ហាប្រឈមនៅថ្ងៃអនាគត»។

ម៉ាស៊ីនផលិតអុកស៊ីសែន ជាម៉ាស៊ីនដែលអាចផលិតអុកស៊ីសែនចំនួន​ ៣០០ លីត្រ​ក្នុង​មួយ​នាទី (LPM) ជាមួយនឹងស្ថានីយ៍ផ្ទុកដែលមានបំពង់ស៊ីឡាំង និង​តភ្ជាប់​ទៅ​បំពង់​​អុកស៊ីសែនរបស់​មន្ទីរពេទ្យ។ ជាលទ្ធផលគម្រោងនេះនឹងជួយមន្ទីរពេទ្យ​ឈប់ទិញ​បំពង់​អុកស៊ីសែន​ពីអ្នកផ្គត់ផ្គង់ឯកជន​បញ្ជូន​បំពង់​អុកស៊ីសែន របស់ខ្លួនទៅកាន់ទីតាំងឆ្ងាយៗ សម្រាប់​បំពេញ​ឡើងវិញទ្បើយ។ ដូច្នេះវានឹង​ជួយ​សន្សំ​សំចៃ​ពេលវេលា ថវិកា និងកាត់បន្ថយការប្រឈមនឹងកង្វះអុកស៊ីសែន ដែលបង្ក​គ្រោះ​ថ្នាក់ដល់ ការ​ព្យាបាល​អ្នកជំងឺ៕

រូបភាពដោយ៖ សហការី