រាជរដ្ឋាភិ​បាលផ្តល់ការ​បណ្តុះ​បណ្តាល​ពី​បញ្ហា​សន្តិ​សុខ​ស្បៀង​ និង​អាហា​រូបត្ថម្ភ​ដល់​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់

ភ្នំពេញ៖ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមសហគមន៍ គឺជាតម្រូវការមួយនៃតម្រូវការនានាជាច្រើនរបស់ក្រសួងស្ថាប័នដែលគិតគូរពីការលើកកម្ពស់គុណភាពជីវិតប្រជាជន និងធនធានមនុស្សដែលត្រូវឆ្លុះបញ្ចាំងឱ្យឃើញជាសកម្មភាពអាទិភាពនៅក្នុងផែនការអភិវឌ្ឍឃុំ សង្កាត់។

សារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍មូលធនមនុស្សសេដ្ឋកិច្ច និងសង្គមជាតិ ហេតុនេះការផ្តល់ការបណ្តុះបណ្តាលក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យយល់ដឹងអំពីសារៈសំខាន់ និងលើកស្ទួយវិស័យនេះសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ជំរុញឱ្យពួកគាត់ចេះវិភាគ ចាត់អាទិភាពវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងបញ្ហាការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ និងការកៀរគរធនធានថវិកា ធនធានមនុស្សទាំងក្នុង និងក្រៅសហគមន៍ក្នុងការលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាពិសេសអាហារប្រកបដោយសុខភាពដល់កុមារ ស្ត្រីបំបៅដោះកូនដោយទឹកម្តាយ និងស្ត្រីមានផ្ទៃពោះ។

ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្លែងថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរួមនឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងភាពងាយរងគ្រោះវិបត្តិ និងបញ្ហាផ្សេងៗ ការពារបរិស្ថាន ជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងមានចីរភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការបណ្តុះបណ្តាលស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ថ្មីៗ នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានឱ្យដឹងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗ នៅក្នុងសង្គមកម្ពុជាដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិស្តីពីសេដ្ឋកិច្ច សង្គម និងវប្បធម៌ដែលកម្ពុជាបានផ្តល់សច្ចាប័ន»

រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏មានសារសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា៖ «ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ការដោះស្រាយនូវទុក្ខលំបាក ការលើកស្ទួយជីវភាពរស់នៅ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទៀតផង»

នាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមបន្តកិច្ចសហការ និងចូលរួមជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដើម្បីរួមគ្នាអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ នៅថ្នាក់ក្រោមជាតិ និងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ឱ្យទទួលបានជោគជ័យ ដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពិសេសគោលដៅទី២ គឺ «បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព» សំដៅលើកកម្ពស់មូលធនមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថាការសិក្សាស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងស្ថាប័នជំនាញដទៃទៀតក៏បានបង្ហាញផងដែរថា កង្វះអាហារូបត្ថម្ភអាចប្រឈមដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដូចនេះការលើកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាពីរក្នុងចំណោមបញ្ហាបន្ទាន់នានានៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលបានខិតខំដោះស្រាយឆ្ពោះទៅរកការរីកចម្រើនលើវិស័យ ដោយត្រូវសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន អង្គការជាដៃគូ ដើម្បីជួយកាត់បន្ថយកម្រិតនៃកង្វះអាហារូបត្ថម្ភ ក្នុងចំណោមកុមារកម្ពុជា៕

រូបភាពដោយ៖ អង្គការ ហេឡែន ខេលល័រ