ស្ថានទូតបារាំងនឹងបើកទ្វារទទួលសាធារណជនចូលទស្សនាក្នុងទិវាបេតិកភណ្ឌ

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារទទួលសាធារណជនឱ្យចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ បន្ទាប់ពីខកខានមិនបានប្រារព្ធកាលពីរឆ្នាំកន្លងទៅដោយសារស្ថានភាពកូវីដ១៩។

ស្ថិតក្រោមប្រធានបទ«បេតិកភណ្ឌប្រកបដោយចីរភាព» ទិវានេះនឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់អំពីអគារនានាដែលបង្កប់ដោយប្រវត្តិសាស្រ្ត ក៏ដូចជាឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូត។ មានទំហំ ៤,៧ហិចតា ឧទ្យានស្ថានទូតបារាំងស្ថិតក្នុងចំណោមលំហបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ ដោយមានផ្ទុកនូវជីវៈចម្រុះដ៏មានតម្លៃ ដូចជាដើមឈើ ២០០ដើមដែលស្ថិតក្នុង ៥០ប្រភេទផ្សេងៗ គ្នា និងសត្វមួយចំនួនដែលបច្ចុប្បន្នស្ថានទូតកំពុងចុះបញ្ជី។ ស្ថានទូតបានធ្វើស្លាករៀបរាប់អំពីដើមឈើមានតម្លៃដែលស្ថិតនៅក្នុងឧទ្យានស្ថានទូត។

ការទស្សនានឹងប្រព្រឹត្តទៅដោយមានការពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ ហើយអ្នកទស្សនាអាចជ្រើសរើសចូលក្នុងក្រុមណាមួយខាងលើ។ អ្នកទស្សនាក៏នឹងអាចស្វែងយល់ផងដែរអំពីស្នាដៃសិល្បៈមួយចំនួនក្នុងឧទ្យាន រួមទាំងអតីតក្លោងទ្វារស្ថានទូតដែលលោក ហ្វ្រង់ស៊័រ ប៊ីហ្សូ បានរៀបរាប់នៅក្នុងស្នាដៃរបស់លោកស្តីពីការដួលរលំនៃទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៥។ ទិវានឹងបិតបញ្ចប់ដោយការបង្ហាញរូបថតស្ត្រី និងបុរសនានា ដែលនឹងបង្កើតបេតិកភណ្ឌក្នុងពេលអនាគត។​ រូបថតទាំងនេះត្រូវបានដាក់តាំងលើរបងមុខស្ថានទូតបារាំងក្នុងក្របខ័ណ្ឌនៃពិព័រណ៍ «រម្លឹកខួប៣០ឆ្នាំនៃវិទ្យាស្ថានបារាំងនៅកម្ពុជា»

ស្ថានទូតនឹងបើកជូនសាធារណជនទស្សនាពីម៉ោង ៨​៖០០ ដល់ម៉ោង ១៦៖០០ ចូលទស្សនាដោយសេរី និងដោយពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាហារ ភេសជ្ជៈ (លើកលែងទឹកសុទ្ធ) និងកាបូបធំៗ ចូលនោះទេ។ អ្នកទស្សនាត្រូវពាក់ម៉ាស ហើយគោរពវិធានការសុខាភិបាល ហើយគួរពាក់ស្បែកជើងដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងឧទ្យាន។

ទិវាបេតិកភណ្ឌនៅកម្ពុជាធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានផ្តួចផ្តើមគំនិតដោយប្រទេសបារាំង ហើយបច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង៥០។ នៅកម្ពុជាអគារបេតិកភណ្ឌល្អឯកផ្សេងទៀតក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សដ្ឋានអង្គរ និងការិយាល័យអង្គការ​យូណេស្កូនៅភ្នំពេញ៕

រូបភាពដោយ៖ សហការី