ពិធីសម្ពោធបន្ទប់បំបៅដោះកូននៅឯក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមសហការជាមួយ នឹងអង្គការ Helen Keller និងគម្រោង MUSEFO បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន។ នាព្រឹកដាក់​សម្ពោធជាផ្លូវការលោកឯកឧត្តម គឹម ទូច រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា ការលើកកម្ពស់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការរួមទាំងការរៀបចំបង្កើតបន្ទប់បំបៅដោះកូនពិតជាបានចូលរួមចំណែកក្នុងការអនុវត្តន៍ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា ទារក និងកុមារនៅកម្ពុជា។

លោកបន្តថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ស្ថានភាព និងសុខមាលភាពរបស់ស្ត្រី ដោយមើលឃើញពីអត្ថប្រយោជន៍ នៃទឹកដោះម្តាយ ដែលជាអាហារូបត្ថម្ភដ៏មានសារៈសំខាន់បំផុត ក្នុងការចិញ្ចឹមទារក និងកុមារ ដូច្នេះក្រសួងក៏មានគំនិតផ្តួចផ្តើមក្នុងការបង្កើតបន្ទប់បំបៅដោះកូននេះឡើង ម្យ៉ាងវិញទៀតក៏ដើម្បីជួយសម្រួលដល់មន្ត្រីរាជការជាស្រ្តីដែលមានកូនតូច មានកន្លែងសមរម្យ ក្នុងការបន្តបំបៅដោះកូនប្រកបដោយអារម្មណ៍ស្រស់ស្រាយកក់ក្តៅ នៅពេលពួកគាត់ត្រលប់មកបំពេញការ ងារវិញក្រោយពីការសម្រាកមាតុភាពរយៈពេល៣ខែ។

ការបំបៅដោះកូនដោយទឹកដោះម្តាយពិតជាបានរួមចំណែកកាត់បន្ថយអត្រាមរណៈភាពរបស់មាតា ទារក និងកុមារ និងជួយឱ្យកុមារមានសុខភាពល្អមានប្រាជ្ញាឆ្លាតវាងវៃ។ តាមរយៈការធ្វើឱ្យមានភាពប្រសើរឡើងនូវស្ថានភាពអាហា រូបត្ថម្ភស្រ្តី និងកុមារ តាមការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់៦ខែ ឱ្យបានដល់៨៥% នៅឆ្នាំ២០៣០។

តាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថា ការបង្កបរិយាកាសសមស្របដូចជាការបង្កើតបន្ទប់បំបៅដោះកូនសមរម្យនៅកន្លែងធ្វើការផ្តល់ពេលវេលាសម្រាកដល់ស្ត្រីក្នុងការបំបៅដោះកូននៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការច្របាច់ ឬបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅជាមួយនឹងការបំពាក់សម្ភារៈ និងឧបករណ៍គ្រប់គ្រាន់ នឹងធ្វើឱ្យស្ត្រីមានការពេញចិត្ត មានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរទាំងខ្លួនគាត់ផ្ទាល់ កូន និងក្រុមគ្រួសារដែលជាបច្ច័យនាំមកនូវការកើនឡើងផលិតភាពការងារ និងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំងកាត់បន្ថយការចំណាយលើ ការធានារ៉ាប់រងសុខភាពបុគ្គលិកផងដែរ។

នៅពេលដែលកុមារសុខភាពល្អ ទាំងរាងកាយ និងមានការអភិវឌ្ឍខួរក្បាលល្អ មានគំនិតប្រាជ្ញាស្មារតី ឆ្លាតវាងវៃ និងប្រកបដោយ IQ ខ្ពស់នោះ ជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលខាងមុខព្រោះវិស័យនេះ គឺទាមទារខ្លាំងណាស់នូវកត្តាធនធានមនុស្សដែលមានសតិបញ្ញា ភាពច្នៃប្រឌិតខ្ពស់ដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាបានយ៉ាងឆាប់រហ័ស។

លោកឯកឧត្តម គឹម ទូច ថ្លៃងថា៖ «ក្នុងនាមក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខ្ញុំសូមអំពាវនាវដល់មន្ត្រីរាជការជាស្ត្រី ដែលមានកូនអាយុក្រោម២ឆ្នាំ ឬស្តីដែលទើបសម្រាលកូនហើយ សូមបំបៅកូនដោយទឹកដោះម្តាយសុទ្ធរហូតដល់ ៦ខែ ទោះបីជាត្រូវ ត្រលប់មកធ្វើការវិញក៏ដោយ និងបន្តបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំ»។

លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់ក្រសួង និងស្ថាប័នផ្សេងៗទៀត សូមមេត្តាពិចារណាក្នុងការរៀបចំបន្ទប់បំបៅដោះកូនដើម្បីសម្រួលឱ្យស្ត្រីដែលត្រឡប់មកធ្វើការវិញអាចបន្តការបំបៅដោះកូនតទៅទៀតបាន។ ប្រសិនបើស្ថាប័ននីមួយៗ យកចិត្តទុកដាក់លើកទឹកចិត្ត និងសម្រួលឱ្យស្រ្តីបន្តបំបៅដោះកូននៅកន្លែងធ្វើការបន្តទៀត នោះយើងអាចមានសង្ឃឹមថាអាត្រាការបំបៅកូនដោយទឹកដោះម្តាយនឹងមានសន្ទុះកើនឡើងវិញជាក់ជាមិនខាន»។

លោកបានបន្តប្រាប់ឱ្យដឹងពីគម្រោង GIZ MUSEFO ដែលអង្គការ Helen Keller សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូឯកជនកំពុងរៀបចំដំណើរការសាកល្បងការអនុវត្តន៍គម្រោងលើកកម្ពស់អាហា រូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ។ គម្រោងនេះនឹងផ្តល់ជាវេទិកាមួយដល់ស្ត្រីដើម្បីពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ផ្សេងៗ ដូចជាការអប់រំ អាហារូបត្ថម្ភ អនាម័យ ការអប់រំការចិញ្ចឹមទារក និងកុមារ ការប្រឹក្សាលើរបបអាហារ សុខភាពរបស់ស្ត្រី និងច្បាប់ការងារ។

បន្ថែមលើនេះ គម្រោងក៏នឹងផ្តល់ជូននូវដំណោះស្រាយសមស្របដ៏សំខាន់មួយដែលមានការចំណាយតិចតួច ហើយអនុញ្ញាតឱ្យមន្ត្រីរាជការ មន្ត្រីនិយោជិតជាស្រ្តីនៅតែអាចបន្តបំបៅកូនដោយទឹកដោះម្តាយនៅពេលពួកគេត្រឡប់មក បំពេញការងារវិញពោល គឺការសម្របសម្រួលឱ្យរោងចក្រសហគ្រាស និងកន្លែងធ្វើការដែលជាគោលដៅគម្រោងទាំងអស់ បង្កើតនូវបន្ទប់បំបៅដោះកូនដើម្បីបង្កបរិយាកាសសមស្របដល់ម្តាយធ្វើការបន្តបំបៅដោះកូនបានងាយស្រួល។

គម្រោងនេះ ក៏នឹងផ្តល់នូវឧបករណ៍ និងសម្ភារៈអប់រំផ្សព្វផ្សាយមួយចំនួនដូចជាសម្ភារៈបរិក្ខារសម្រាប់បំពាក់នៅក្នុងបន្ទប់បំបៅ ដោះកូននៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការគោលដៅនីមួយៗ ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹក ដោះ កន្សែងជូតដៃ និងសាប៊ូលាងដៃជាដើម និងសម្ភារៈប្រាស្រ័យទាក់ទងដើម្បីការផ្លាស់ប្តូរឥរិយាបថ។ ការចូលរួម អនុវត្តន៍គម្រោងនេះអាចចាត់ទុកជាយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» មួយសម្រាប់និយោជកនិងនិយោជិត៕

រូបភាពដោយ៖ Helen Keller International-Cambodia