អ្នកជំនាញអាហារូបត្ថម្ភសង្ឃឹមថាកម្ពុជានឹងមានបន្ទប់បំបៅដោះកូនគ្រប់គ្រាន់

ភ្នំពេញ៖ នាពិធីប្រកាសដាក់​ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននៅឯក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ូ ក្រើន អ្នកជំនាញអាហារូបត្ថម្ភ និងនាយករងអង្គការ Helen Keller បានលើកឡើងស្តីពីការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនៅប្រទេសផ្សេងៗ នាពេលកន្លងមកបានរកឃើញថា គម្រោងលើកកម្ពស់ហារូបត្ថម្ភ​ ការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស កន្លែងធ្វើការ មានផលចំណេញច្រើនដល់និយោជិត និយោជក និងជួយកាត់បន្ថយថ្លៃថែទាំសុខភាពរបស់ម្តាយ និងកូន។ កាត់បន្ថយការអវត្តមានបុគ្គលិក បង្កើនផលិតភាពការងារ ធ្វើឱ្យបរិយាកាសនៅកន្លែងធ្វើការមានលក្ខណៈល្អប្រសើរ បុគ្គលិកស្ត្រីដែលបន្តការងាររយៈពេលយូរមានអត្រាខ្ពស់ កម្មករមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារ និងមានការកាត់បន្ថយការចំណាយលើការជ្រើសរើស និងការបណ្តុះបណ្តាលនិយោជក។

ការសិក្សាស្រាវជ្រាវបានរកឃើញថាគម្រោងលើកកម្ពស់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការរួមទាំងគាំទ្រការបង្កើតបន្ទប់បំបៅដោះកូននេះ បានផ្តល់ជាវេទិកាដល់គម្រោងសាកល្បងនៅកម្ពុជាដោយផ្តោតសំខាន់លើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈ សំខាន់នៃសុខភាព និងអាហារូបត្ថម្ភ។ ផ្តល់អាហា រូបត្ថម្ភពេលស្រ្តីមានផ្ទៃពោះ និងក្រោយសម្រាល ការបំបៅកូនដោយទឹកដោះម្តាយ ការផ្តល់អាហារបន្ថែមដល់កុមារ ការប្រឹក្សាលើរបបអាហារ សារ:សំខាន់អនាម័យ អត្ថប្រយោជន៍ការបរិភោគ អាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារតូចអំឡុងពេលធ្វើការងារដើម្បីឱ្យកូនៗ មានសុខភាពល្អ ឆ្លាតវៃ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាព ការងារខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។

លោក ហ៊ូ ក្រើន លើកឡើងថា​៖ «សង្ឃឹមថាមេរៀនល្អៗ ពីគម្រោងនេះនឹងត្រូវបានប្រើប្រាស់ក្នុងការពិចារណាការសម្រួលខ្លឹមសារខ្លះៗ លើរយៈពេលលំហែមាតុភាព និងតម្រូវការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ ព្រមទាំងខ្លឹមសារលើប្រាក់បៀវត្សដែលមានចែងក្នុងច្បាប់ការងារកម្ពុជា ពីព្រោះការសម្រួលដោយគម្រោងនេះពិតជានឹងផ្ដល់ឱកាសដល់ស្ត្រីជាម្តាយអាចបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយ:ពេល៦ខែ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលផង និងស្របតាម ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាផងហើយក៏ជាយុទ្ធសាស្រ្តឈ្នះ ឈ្នះសម្រាប់ទាំងនិយោជិតនិងនិយោជក»។

ការរៀបចំបន្ទប់បំបៅដោះកូន គឺជាផ្នែកមួយដ៏សំខាន់សម្រាប់គម្រោង និងមានគោលបំណងដើម្បីបង្កបរិយាកាសងាយស្រួលដល់បុគ្គលិកស្តីអាចបន្តបំបៅដោះកូនតទៅទៀតបន្ទាប់ពីត្រឡប់មកធ្វើការវិញ។ ផ្តល់លទ្ធភាពដល់ស្ត្រីមានកន្លែងច្របាច់ ឬបូមទឹកដោះរក្សាទុកដើម្បីបំបៅកូន។ មានបន្ទប់ និងសម្ភារៈអប់រំសម្រាប់ម្តាយអានដើម្បីស្វែងយល់ពីអត្ថប្រយោជន៍នៃទឹកដោះម្តាយ អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ និងបង្កើនការអនុវត្តន៍ល្អៗ នៅកន្លែង។

បន្ទាប់ពីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននេះទៅក្រុមការងារអង្គការ Helen Keller សហការជាមួយកម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាលនឹងរៀបចំការបណ្តុះបណ្តាលខ្លីៗ ដល់និយោជិត និយោជក កម្មករ កម្មការនីទាំងអស់លើអាហារូបត្ថម្ភ និងការចិញ្ចឹម ទារក និងកុមារ។ 

លោក ហ៊ូ ក្រើន សង្ឃឹមថា៖ «គម្រោងនេះនឹងចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹក ដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០»។

គម្រោងលើកកម្ពស់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស កន្លែងធ្វើការ រួមទាំងការបង្កើតបន្ទប់បំបៅដោះកូននៅតាមរោងចក្រសហគ្រាស ស្ថាប័នរដ្ឋ និងអង្គការនានាមានចំនួន ២៨កន្លែង ដែលមាននៅក្នុងក្រុងភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ធំ និងផ្តល់ផលប្រយោជន៍ទៅដល់បុគ្គលិក កម្មករ កម្មការិនីចំនួនជាង ២០,០០០នាក់។

រូបភាពដោយ៖ Helen Keller International-Cambodia