ក្រុមហ៊ុន MRCA ម៉ាឡេស៊ីសហការជាមួយក្រុមហ៊ុន OCIC គឺជាឱកាសវិនិយោគដ៏មានសក្ដានុពលនៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនវិនិយោទុនអាណិកជនកម្ពុជា OCIC និងសមាគមបណ្ដាញលក់រាយប្រទេសម៉ាឡេស៊ី MRCA បានបោះជំហានកាន់តែប្រសើរមួយកម្រិតទៀត ក្នុងគោលដៅពង្រឹងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេរភាគី ដើម្បីជំរុញការវិនិយោគឱ្យកាន់តែប្រសើរ និងលទ្ធភាពក្នុងការធ្វើអាជីវកម្មជាច្រើនទៀតនៅកម្ពុជា។

ក្រុមហ៊ុន OCIC និង MRCA របស់ម៉ាឡេស៊ី បានបង្កើតព្រឹត្តិការណ៍ថ្មីមួយទៀតដោយការធ្វើដំណើរទស្សនកិច្ច នៅតាមគម្រោងជាច្រើន ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីក្រុមហ៊ុនទាំ ២ សម្រេចបានជោគជ័យក្នុងការចុះអនុស្សសារណៈយោគយល់នាពេលកន្លងទៅ។ ដំណើរទស្សនាកិច្ចនេះ ធ្វើឡើងនៅគម្រោងធំៗ មួយចំនួនដូចជា The Olympia Mall និង The Elysee ក្រោមការដឹកនាំរបស់លោក Dato Vincent Choo ជាអនុប្រធានសមាគមបណ្ដាយលក់រាយម៉ាឡេសុី MRCA អមដំណើរដោយឯកឧត្តម ចឺយ វិចិត្តិ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងក្រុមការងារក៏ដូចជាវិនិយោគិនអន្តរជាតិប្រមាណ ៦៥នាក់ផ្សេងទៀត។

ស្ថិតក្នុងដំណើរទស្សនកិច្ចនោះ គម្រោង The Olympia Mall ក៏មានការរៀបចំកម្មវិធី The Olympia Fun Fair & Education Fair ដែលផ្ដល់នូវឱកាសដល់សិស្សានុសិស្ស អំពីគោលគំនិតល្អៗ ជុំវិញការសិក្សា ស្រាវជ្រាវ ក៏ដូចជាផ្ដល់ឱកាសក្នុងការស្វែងយល់អំពីការបន្តការសិក្សាទៅកាន់សកលវិទ្យាល័យនាពេលអនាគតផងដែរ។ មិនតែប៉ុណ្ណោះផ្សារទំនើប ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញមួយនេះ ក៏មានការរៀបចំជាវេទិកាអាហារជាតិ និងអន្តរជាតិ ការប្រគុំតន្ត្រី សិល្បៈបុរាណ និងសកម្មភាពជាច្រើនផ្សេងៗ ទៀត ដែលនាំមកនូវភាពសប្បាយរីករាយ និងឆ្លើយតបនឹងដំណើរទស្សនាកិច្ចដ៏មានន័យនេះ។

ជាមួយគ្នានោះដែរ គម្រោង The Elysee ស្ថិតនៅភូមិសាស្ត្រដ៏មានសក្តានុពលបំផុតមួយនៃទីក្រុងកោះពេជ្រ ដែលមានសន្ទុះកំណើនអចលនទ្រព្យដ៏ឆាប់រហ័សក្នុងរាជធានីភ្នំពេញ។ មានការរៀបចំកម្មវិធីពិពណ៌អាហារ ប្រមូលផ្ដុំទៅដោយអាហារជាតិ និងអន្តរជាតិជាច្រើនមុខ ក្រោមការចូលរួមពីភោជនីយដ្ឋានប្រមាណជាង ៦០បានញាំងឱ្យគម្រោងមួយនេះ នាំមកនូវការជួបជុំដ៏សប្បាយរីករាយ បង្កើតភាពស្និតស្នាល ស្នាមញញឹម បង្កើតបានជាបរិយាកាសសុខដុមរមនា
និងមានចរន្តមនុស្សច្រើនកុះករប្រៀបបានទៅនឹងសកម្មភាពស្ថិតនៅសំណង់បុរាណ Champs Elysees ក្នុងទីក្រុងប៉ារីស។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី លឹម លីជិន នាយិកានៃក្រុមហ៊ុន OCIC និងក្រុមហ៊ុន Mega Asset Management បានបង្ហាញចំណាប់អារម្មណ៍ថា៖ «អាជីវកម្មរបស់ OCIC ដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញអំពីវប្បធម៌ និងប្រវត្តិសាស្ត្រសម្រាប់រាជធានីភ្នំពេញ ក្នុងការប្រារព្ធពិធី ដែលបង្ហាញអំពីសម្បត្តិបេតិកភណ្ឌ និងឆ្ពោះទៅកាន់ថ្ងៃអនាគត បង្កើតជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម ការរស់នៅ និងសកម្មភាពជាច្រើនផ្សេងទៀត»។

លោកស្រីបានបន្ថែមទៀតថា៖ «យើងមានសុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតម៉ាំថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីនេះ គួបផ្សំហេតុផលជាច្រើន រួមទាំងអនុស្សារណៈយោគយល់ជាមួយ MRCA នឹងបន្តជំរុញ ក៏ដូចជាបង្កើតឱកាស សម្រាប់សហគមន៍ធុរកិច្ចម៉ាឡេស៊ី និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជាដែលក្រុមហ៊ុន OCIC បានត្រៀមខ្លួនរួមជាស្រេចក្នុងការស្វាគមន៍»។

គួរបញ្ជាក់ផងដែរថា ក្រៅពីដំណើរទស្សនកិច្ចនៅតាមគម្រោងធំៗ ខាងលើ ថ្នាក់ដឹកនាំក្រុមហ៊ុន OCIC និង MRCA ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់គម្រោងធំៗ ជាច្រើនទៀត ដើម្បីសម្លឹងមើលឱកាសវិនិយោគក៏ដូចជាផ្សាភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរឱ្យកាន់តែប្រសើរ ពិសេសបង្កើតដៃគូយុទ្ធសាស្ត្រ ក្នុងវិស័យអាទិភាពដែលមានឧត្តមប្រយោជន៍៕

រូបថតដោយ៖ សហការី