លោក Eric Catalfamo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌ នៃការិយាល័យកិច្ចការអប់រំ និងវប្បធម៌

សៀមរាប៖ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ សហរដ្ឋអាមេរិក គឺជាប្រទេសនាំមុខគេក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌អស់ពេលរាប់ទសវត្សរ៍​មកហើយ។ ការរួមចំណែករបស់យើងដល់ការអភិរក្សវប្បធម៌​នៅក្នុងរដ្ឋសមាជិកអាស៊ាន មានច្រើន គឺ ៨,១លានដុល្លារ ក្នុងគម្រោងចំនួន ៩៦ ដោយគិតតាំងពីឆ្នាំ២០០១ មក។

នៅឆ្នាំ២០០៤ ជាការឆ្លើយតបនឹងការគំរាមកំហែងចំពោះបេតិកភណ្ឌវប្បធម៌​នៅប្រទេសអ៊ីរ៉ាក់ យើងបានបង្កើតក្រុមការងារមួយសម្រាប់ធ្វើការនៅទូទាំងទីភ្នាក់ងារសហព័ន្ធ​របស់យើង ដើម្បីធានាថារដ្ឋាភិបាលអាមេរិកទាំងមូលរាប់ពីទីភ្នាក់ងារអនុវត្តច្បាប់​ ដល់អង្គការជាតិផ្នែកសិល្បៈរបស់យើង និងវិទ្យាស្ថាន Smithsonian Institution ធ្វើការសហការគ្នាបានល្អ ដើម្បីការពារបេតិកភណ្ឌរាប់ពីការខូចខាតតូចដល់ការបំផ្លិចបំផ្លាញធំ។

តាមរយៈយុទ្ធសាស្រ្តទូទាំងរដ្ឋាភិបាល​នេះ យើងបានធ្វើមាតុភូមិនិវត្តន៍​ប្រកបដោយជោគជ័យនូវទ្រព្យសម្បត្តិវប្បធម៌ចំនួនជាង ២០,០០០ ដុំ ទៅប្រទេសចំនួនជាង ៤៥ ចាប់តាំងពីក្រុមការងារ​នេះ​ត្រូវបានបង្កើតឡើង ដែល​ក្នុង​នោះ រួមមានប្រទេសសមាជិកអាស៊ានផងដែរ។

ការប្រយុទ្ធប្រឆាំងនឹងការលួច ប្លន់ និងជួញដូរវត្ថុវប្បធម៌ គឺជាអាទិភាពសំខាន់ របស់សហរដ្ឋអាមេរិក។ យើងតាំងចិត្តដោយមិនងាករេ ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌នៅទូទាំងពិភពលោក។ យើងមានគោលនយោបាយច្បាស់លាស់ នោះ គឺថាការបំផ្លាញដោយខុសច្បាប់​ នូវបេតិកភណ្ឌវប្បធម៌ និងការជួញដូរដោយខុសច្បាប់​នូវសម្បត្តិវប្បធម៌ គឺជារឿងដែលយើងមិនអាចទទួលយកបានទេ។

របាយការណ៍នានា​បានបង្ហាញថា បទល្មើសលើទ្រព្យសម្បត្តិវប្បធម៌មានការកើនឡើងច្រើន នៅក្នុងអំឡុងពេល​នៃការរាតត្បាត​ជំងឺកូវីដ ១៩។ ការលួចប្លន់នៅតាមទីតាំងបូរាណ បណ្ណាល័យ សារមន្ទីរ និងស្ថាប័នសាសនា និងវប្បធម៌​នៅតែមាន ហើយមានកំណើនថែមទៀតផង នៅតាមប្រទេស​ និងតំបន់ខ្លះ។

កិច្ចព្រមព្រៀងស្តីពីទ្រព្យសម្បត្តិវប្បធម៌ជាមួយសហរដ្ឋអាមេរិក ផ្តល់ក្របខ័ណ្ឌសម្រាប់ធ្វើកិច្ចសហការអន្តរជាតិ។ វាជួយប្រទេស​នានា ក្នុងការការពារបេតិកភណ្ឌវប្បធម៌ ហើយលើកទឹកចិត្តឲ្យមានការផ្លាស់ប្តូរតាមផ្លូវច្បាប់​ នូវទ្រព្យសម្បត្តិវប្បធម៌ សម្រាប់បម្រើបំណងផ្នែកសិក្សាអប់រំ វប្បធម៌ និងបំណងវិទ្យាសាស្រ្ត។

កិច្ចព្រមព្រៀងស្តីពីទ្រព្យសម្បត្តិវប្បធម៌កំណត់ការរឹតត្បិត​ការនាំចូលក្នុងសហរដ្ឋអាមេរិកនូវទ្រព្យសម្បត្តិវប្បធម៌។ ការរឹតត្បិតការនាំចូលការពារមិនឱ្យយវត្ថុដែលត្រូវបានគេលួចប្លន់ ចូល​ទៅក្នុងសហរដ្ឋអាមេរិកបាន ហើយធ្វើឱ្យជនល្មើសមានការពិបាកក្នុងការទទួលបានកម្រៃពីការលក់ទ្រព្យសម្បត្តិវប្បធម៌ដោយខុសច្បាប់ នៅក្នុងទីផ្សារវត្ថុសិល្បៈក្នុងសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងទ្វេភាគីទាំង​នេះ ធ្វើឱ្យសហរដ្ឋអាមេរិកមានភាពងាយស្រួលច្រើន ក្នុងការធ្វើមាតុភូមិនិវត្តន៍​នៃទ្រព្យសម្បត្តិវប្បធម៌ដែលត្រូវបានគេលួចប្លន់ និងជួញដូរទៅកាន់ប្រទេសដើមវិញ។ នៅក្នុងសន្និសីទ​នេះ លោកអ្នកស្តាប់វាគ្មិនជាច្រើន ដែលមកពីសហរដ្ឋអាមេរិក។ យុទ្ធសាស្រ្តរបស់រដ្ឋាភិបាលអាមេរិកទាំងមូល គឺជាគំរូ​នៃវិធីធ្វើការជាមួយគ្នា ដើម្បីអនុវត្តកិច្ចព្រមព្រៀងស្តីពីទ្រព្យសម្បត្តិវប្បធម៌ និងគោរពតាមការប្តេជ្ញាចិត្តជាអន្តរជាតិក្នុងការការពារបេតិកភណ្ឌវប្បធម៌។

នៅតាមប្រទេសដែលមានកិច្ចព្រមព្រៀងទាំងនេះ យើងធ្វើការជាមួយគ្នា លើកម្មវិធីដែលកសាងសមត្ថភាព ពង្រឹងការការពារនៅតាមទីតាំងបូរាណ លើកកម្ពស់សារពើពន្ធកសាងបណ្តាញអ្នកជំនាញជំរុញការចូលរួម​របស់សហគមន៍ ព្រមទាំងជម្រុញការផ្លាស់ប្តូរបណ្តោះអាសន្ន និងយូរអង្វែងនៃទ្រព្យសម្បត្តិវប្បធម៌។ សហរដ្ឋអាមេរិកស្វាគមន៍សំណើឲ្យមានកិច្ចព្រមព្រៀងលើទ្រព្យសម្បត្តិវប្បធម៌ របស់ប្រទេសសមាជិកអាស៊ាន និងកិច្ចសហការគ្នាកាន់តែជិតស្និទ្ធ ចេញពីកិច្ចព្រមព្រៀង​នេះ។

ប្រវត្តិនៃទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសកម្ពុជា៖ សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ ហើយស្ញប់ស្ញែងចំពោះបេតិកភណ្ឌវប្បធម៌​របស់ប្រទេសកម្ពុជា។ សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងលើទ្រព្យសម្បត្តិវប្បធម៌ជាលើកដំបូងនៅឆ្នាំ២០០៣ ហើយយើងបានធ្វើជាមួយគ្នាអស់រយៈពេលជាង ២០ឆ្នាំ ក្នុងការការពារ អភិរក្ស និងគោរព​ចំពោះបេតិកភណ្ឌ​របស់កម្ពុជា ជាមួយដៃគូខាងកម្ពុជា ស្ថាប័នអប់រំនិងស្រាវជ្រាវអាមេរិក និងអង្គការមិនស្វែងរកកម្រៃចំណេញ។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៣ រដ្ឋាភិបាល​នៃសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងស្តីពីទ្រព្យសម្បត្តិវប្បធម៌ ដែលដាក់ការរឹតត្បិតលើការនាំចូលវត្ថុបូរាណខ្មែរ។ កិច្ចព្រមព្រៀង​នេះអនុញ្ញាត​ឱ្យសហរដ្ឋអាមេរិកបន្តការរឹតត្បិត​លើការនាំចូល ដែលត្រូវបានកំណត់ថាជាភាពបន្ទាន់ចាំបាច់នៅខែធ្នូ ឆ្នាំ១៩៩៩។

កិច្ចព្រមព្រៀង​នេះត្រូវបានបន្តសម្រាប់រយៈពេល ៥ឆ្នាំទៀត នៅខែកញ្ញា ឆ្នាំ២០០៨ ហើយត្រូវបានកែប្រែ​ដោយបញ្ចូលវត្ថុបូរាណ ពីសម័យសំរិទ្ធរហូតដល់សម័យខ្មែរ។ កិច្ចព្រមព្រៀង​នេះត្រូវបានបន្តទៀតនៅខែកញ្ញា ឆ្នាំ២០១៣ និងឆ្នាំ២០១៨។

ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងទាំងនេះ យើងបានឧបត្ថម្ភការបណ្តុះបណ្តាលស្តីពីការពង្រឹងការអនុវត្តច្បាប់ និងគម្រោងការពារទ្រព្យសម្បត្តិវប្បធម៌ តាមរយៈក្រុមការងារស្តីពីវត្ថុវប្បធម៌បូរាណ​របស់សហរដ្ឋអាមេរិក។ ក្នុងពេលថ្មីៗ​នេះ យើងជួយផ្នែកសារពើពន្ធវត្ថុបូរាណ នៅតាមសារៈមន្ទីរចំនួន ៦ នៅតាមខេត្ត ហើយយើងនឹងរៀបចំសិក្ខាសាលាស្តីពីសន្តិសុខនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់អ្នកគ្រប់គ្រងនិងស៊ើបអង្កេតនៅតាមទីតាំងនានា នៅកម្ពុជា នៅខែកុម្ភៈក្រោយ​នេះ។

ក្រៅពីការពារទ្រព្យសម្បត្តិវប្បធម៌ សហរដ្ឋអាមេរិកថែមទាំងធ្វើការក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ថែមទៀតផង។ យើងបានរួមចំណែកថវិកាចំនួនជាង ៥ លានដុល្លារ ដើម្បីដំណើរការគម្រោងអភិរក្សចំនួន ២៦ នៅប្រទេសកម្ពុជា តាមរយៈមូលនិធិឯកអគ្គរដ្ឋទូត​សម្រាប់ការអភិរក្សវប្បធម៌។ កាលពីខែកក្កដា មូលនិធិ​នេះ​បានផ្តល់ថវិកាចំនួន ៣៦១ ០០០ ដុល្លារ ដើម្បីបន្តការងារអភិរក្ស នៅប្រាសាទព្រះវិហារ ៕

រូបថតដោយ៖ សហការី