សៀមរាប៖ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ សហរដ្ឋអាមេរិក គឺជាប្រទេសនាំមុខគេក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌អស់ពេលរាប់ទសវត្សរ៍មកហើយ។ ការរួមចំណែករបស់យើងដល់ការអភិរក្សវប្បធម៌នៅក្នុងរដ្ឋសមាជិកអាស៊ាន មានច្រើន គឺ ៨,១លានដុល្លារ ក្នុងគម្រោងចំនួន ៩៦ ដោយគិតតាំងពីឆ្នាំ២០០១ មក។
នៅឆ្នាំ២០០៤ ជាការឆ្លើយតបនឹងការគំរាមកំហែងចំពោះបេតិកភណ្ឌវប្បធម៌នៅប្រទេសអ៊ីរ៉ាក់ យើងបានបង្កើតក្រុមការងារមួយសម្រាប់ធ្វើការនៅទូទាំងទីភ្នាក់ងារសហព័ន្ធរបស់យើង ដើម្បីធានាថារដ្ឋាភិបាលអាមេរិកទាំងមូលរាប់ពីទីភ្នាក់ងារអនុវត្តច្បាប់ ដល់អង្គការជាតិផ្នែកសិល្បៈរបស់យើង និងវិទ្យាស្ថាន Smithsonian Institution ធ្វើការសហការគ្នាបានល្អ ដើម្បីការពារបេតិកភណ្ឌរាប់ពីការខូចខាតតូចដល់ការបំផ្លិចបំផ្លាញធំ។
តាមរយៈយុទ្ធសាស្រ្តទូទាំងរដ្ឋាភិបាលនេះ យើងបានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយជោគជ័យនូវទ្រព្យសម្បត្តិវប្បធម៌ចំនួនជាង ២០,០០០ ដុំ ទៅប្រទេសចំនួនជាង ៤៥ ចាប់តាំងពីក្រុមការងារនេះត្រូវបានបង្កើតឡើង ដែលក្នុងនោះ រួមមានប្រទេសសមាជិកអាស៊ានផងដែរ។
ការប្រយុទ្ធប្រឆាំងនឹងការលួច ប្លន់ និងជួញដូរវត្ថុវប្បធម៌ គឺជាអាទិភាពសំខាន់ របស់សហរដ្ឋអាមេរិក។ យើងតាំងចិត្តដោយមិនងាករេ ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌នៅទូទាំងពិភពលោក។ យើងមានគោលនយោបាយច្បាស់លាស់ នោះ គឺថាការបំផ្លាញដោយខុសច្បាប់ នូវបេតិកភណ្ឌវប្បធម៌ និងការជួញដូរដោយខុសច្បាប់នូវសម្បត្តិវប្បធម៌ គឺជារឿងដែលយើងមិនអាចទទួលយកបានទេ។
របាយការណ៍នានាបានបង្ហាញថា បទល្មើសលើទ្រព្យសម្បត្តិវប្បធម៌មានការកើនឡើងច្រើន នៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩។ ការលួចប្លន់នៅតាមទីតាំងបូរាណ បណ្ណាល័យ សារមន្ទីរ និងស្ថាប័នសាសនា និងវប្បធម៌នៅតែមាន ហើយមានកំណើនថែមទៀតផង នៅតាមប្រទេស និងតំបន់ខ្លះ។
កិច្ចព្រមព្រៀងស្តីពីទ្រព្យសម្បត្តិវប្បធម៌ជាមួយសហរដ្ឋអាមេរិក ផ្តល់ក្របខ័ណ្ឌសម្រាប់ធ្វើកិច្ចសហការអន្តរជាតិ។ វាជួយប្រទេសនានា ក្នុងការការពារបេតិកភណ្ឌវប្បធម៌ ហើយលើកទឹកចិត្តឲ្យមានការផ្លាស់ប្តូរតាមផ្លូវច្បាប់ នូវទ្រព្យសម្បត្តិវប្បធម៌ សម្រាប់បម្រើបំណងផ្នែកសិក្សាអប់រំ វប្បធម៌ និងបំណងវិទ្យាសាស្រ្ត។
កិច្ចព្រមព្រៀងស្តីពីទ្រព្យសម្បត្តិវប្បធម៌កំណត់ការរឹតត្បិតការនាំចូលក្នុងសហរដ្ឋអាមេរិកនូវទ្រព្យសម្បត្តិវប្បធម៌។ ការរឹតត្បិតការនាំចូលការពារមិនឱ្យយវត្ថុដែលត្រូវបានគេលួចប្លន់ ចូលទៅក្នុងសហរដ្ឋអាមេរិកបាន ហើយធ្វើឱ្យជនល្មើសមានការពិបាកក្នុងការទទួលបានកម្រៃពីការលក់ទ្រព្យសម្បត្តិវប្បធម៌ដោយខុសច្បាប់ នៅក្នុងទីផ្សារវត្ថុសិល្បៈក្នុងសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងទ្វេភាគីទាំងនេះ ធ្វើឱ្យសហរដ្ឋអាមេរិកមានភាពងាយស្រួលច្រើន ក្នុងការធ្វើមាតុភូមិនិវត្តន៍នៃទ្រព្យសម្បត្តិវប្បធម៌ដែលត្រូវបានគេលួចប្លន់ និងជួញដូរទៅកាន់ប្រទេសដើមវិញ។ នៅក្នុងសន្និសីទនេះ លោកអ្នកស្តាប់វាគ្មិនជាច្រើន ដែលមកពីសហរដ្ឋអាមេរិក។ យុទ្ធសាស្រ្តរបស់រដ្ឋាភិបាលអាមេរិកទាំងមូល គឺជាគំរូនៃវិធីធ្វើការជាមួយគ្នា ដើម្បីអនុវត្តកិច្ចព្រមព្រៀងស្តីពីទ្រព្យសម្បត្តិវប្បធម៌ និងគោរពតាមការប្តេជ្ញាចិត្តជាអន្តរជាតិក្នុងការការពារបេតិកភណ្ឌវប្បធម៌។
នៅតាមប្រទេសដែលមានកិច្ចព្រមព្រៀងទាំងនេះ យើងធ្វើការជាមួយគ្នា លើកម្មវិធីដែលកសាងសមត្ថភាព ពង្រឹងការការពារនៅតាមទីតាំងបូរាណ លើកកម្ពស់សារពើពន្ធកសាងបណ្តាញអ្នកជំនាញជំរុញការចូលរួមរបស់សហគមន៍ ព្រមទាំងជម្រុញការផ្លាស់ប្តូរបណ្តោះអាសន្ន និងយូរអង្វែងនៃទ្រព្យសម្បត្តិវប្បធម៌។ សហរដ្ឋអាមេរិកស្វាគមន៍សំណើឲ្យមានកិច្ចព្រមព្រៀងលើទ្រព្យសម្បត្តិវប្បធម៌ របស់ប្រទេសសមាជិកអាស៊ាន និងកិច្ចសហការគ្នាកាន់តែជិតស្និទ្ធ ចេញពីកិច្ចព្រមព្រៀងនេះ។
ប្រវត្តិនៃទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសកម្ពុជា៖ សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ ហើយស្ញប់ស្ញែងចំពោះបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា។ សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងលើទ្រព្យសម្បត្តិវប្បធម៌ជាលើកដំបូងនៅឆ្នាំ២០០៣ ហើយយើងបានធ្វើជាមួយគ្នាអស់រយៈពេលជាង ២០ឆ្នាំ ក្នុងការការពារ អភិរក្ស និងគោរពចំពោះបេតិកភណ្ឌរបស់កម្ពុជា ជាមួយដៃគូខាងកម្ពុជា ស្ថាប័នអប់រំនិងស្រាវជ្រាវអាមេរិក និងអង្គការមិនស្វែងរកកម្រៃចំណេញ។
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៣ រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងស្តីពីទ្រព្យសម្បត្តិវប្បធម៌ ដែលដាក់ការរឹតត្បិតលើការនាំចូលវត្ថុបូរាណខ្មែរ។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបន្តការរឹតត្បិតលើការនាំចូល ដែលត្រូវបានកំណត់ថាជាភាពបន្ទាន់ចាំបាច់នៅខែធ្នូ ឆ្នាំ១៩៩៩។
កិច្ចព្រមព្រៀងនេះត្រូវបានបន្តសម្រាប់រយៈពេល ៥ឆ្នាំទៀត នៅខែកញ្ញា ឆ្នាំ២០០៨ ហើយត្រូវបានកែប្រែដោយបញ្ចូលវត្ថុបូរាណ ពីសម័យសំរិទ្ធរហូតដល់សម័យខ្មែរ។ កិច្ចព្រមព្រៀងនេះត្រូវបានបន្តទៀតនៅខែកញ្ញា ឆ្នាំ២០១៣ និងឆ្នាំ២០១៨។
ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងទាំងនេះ យើងបានឧបត្ថម្ភការបណ្តុះបណ្តាលស្តីពីការពង្រឹងការអនុវត្តច្បាប់ និងគម្រោងការពារទ្រព្យសម្បត្តិវប្បធម៌ តាមរយៈក្រុមការងារស្តីពីវត្ថុវប្បធម៌បូរាណរបស់សហរដ្ឋអាមេរិក។ ក្នុងពេលថ្មីៗនេះ យើងជួយផ្នែកសារពើពន្ធវត្ថុបូរាណ នៅតាមសារៈមន្ទីរចំនួន ៦ នៅតាមខេត្ត ហើយយើងនឹងរៀបចំសិក្ខាសាលាស្តីពីសន្តិសុខនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់អ្នកគ្រប់គ្រងនិងស៊ើបអង្កេតនៅតាមទីតាំងនានា នៅកម្ពុជា នៅខែកុម្ភៈក្រោយនេះ។
ក្រៅពីការពារទ្រព្យសម្បត្តិវប្បធម៌ សហរដ្ឋអាមេរិកថែមទាំងធ្វើការក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ថែមទៀតផង។ យើងបានរួមចំណែកថវិកាចំនួនជាង ៥ លានដុល្លារ ដើម្បីដំណើរការគម្រោងអភិរក្សចំនួន ២៦ នៅប្រទេសកម្ពុជា តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌។ កាលពីខែកក្កដា មូលនិធិនេះបានផ្តល់ថវិកាចំនួន ៣៦១ ០០០ ដុល្លារ ដើម្បីបន្តការងារអភិរក្ស នៅប្រាសាទព្រះវិហារ ៕
រូបថតដោយ៖ សហការី