ពិធីពិព័រណ៍ទេសចរណ៍ម៉ាឡេស៊ី “Let’s Go Malaysia Travel Fair 2022” ​

ភ្នំពេញ៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី សហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធធ្វើពិព័រណ៍ទេសចរណ៍ម៉ាឡេស៊ី “Let’s Go Malaysia Travel Fair 2022” នៅផ្សារទំនើប AEON ភ្នំពេញ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២ ខែកញ្ញា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២។

ពិព័រណ៍ទេសចរណ៍ម៉ាឡេស៊ីនេះ មានគោលបំណងផ្សព្វផ្សាយ និងបង្កើនការទាក់ទាញចំនួនភ្ញៀវទេសចរ និងបង្ហាញពីផលិតផលទេសចរណ៍ម៉ាឡេស៊ីថ្មីៗ ​ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

នាពិធីសម្ពោធជាផ្លូវការនៃកម្មវិធី “Let’s Go Malaysia Travel Fair 2022” នាព្រឹកថ្ងៃទី២ ខែកញ្ញា មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការតំណាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍កម្ពុជា និងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។

ជាលើកទី៣ហើយ ដែលក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីបានរៀបចំព្រឹត្តិការណ៍នេះឡើង ដោយលើកទី១ បានប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំ២០១២នៅឯផ្សារទំនើប City Mall និងលើកទី២ ក្នុងឆ្នាំ២០១៣ នៅឯផ្សារទំនើបរតនាផ្លាហ្សា។ ចំណែកក្នុងឆ្នាំ២០២២នេះ ជាលើកទី៣ ដែលក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីបានរៀបចំពិពណ៍ទេសចរណ៍នេះម្តងទៀត។

ការតាំងពិព័រណ៍ទេសចរណ៍ក្នុងឆ្នាំនេះ មានការចូលរួមសហការដោយភ្នាក់ងារទេសចរណ៍ក្នុងស្រុកចំនួន ១០ក្រុមហ៊ុនដែលបានដាក់តាំងលក់កញ្ចប់សេវាកម្មទេចរណ៍ទៅកាន់ប្រទេសម៉ាឡេស៊ីរួមមានក្រុមហ៊ុន World Pop Travel & Tours, R.T.R Tours, Sky King Travel & Tours, 2 World Travel Cambodia, Gold Star Travel & Tours, Global Holiday Travel & Tours, TNTO Travel & Tours, Ann Loue Travel & Tours, Fun Trip Travel & Tours, Sakona Travel & Tours ។

ក្រៅពីនេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ ដែលមានជើងហោះហើរត្រង់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី រួមមាន Malaysia Airlines, AirAsia, Lanmei Airlines ព្រមទាំងធានាគាកម្ពុជាសាធារណៈ Medial Tourism ដែលមកពី Sunway Medical Centre ក្រុមហ៊ុនទាំងនេះនឹងផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយរយៈពេល៣ថ្ងៃ ជាមួយនឹងការលក់ប្រូម៉ូសិនពិសេសលើកញ្ចប់សេវាកម្មដំណើរកំស្សាន្ត ការកក់ជើង​ហោះហើរ និងសេវាកម្មទេសចរណ៍ផ្សេងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយមកទស្សនា និងទៅលេងនៅប្រទេសម៉ាឡេស៊ី។

ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ក៏ត្រូវបានស្គាល់ផងដែរថាជាទីភ្នាក់ងារមួយស្ថិតក្រោមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ ម៉ាឡេស៊ី។ ក្រុមប្រឹក្សាផ្តោតលើការផ្សព្វផ្សាយគោលដៅទេសចរណ៍នៃប្រទេសម៉ាឡេស៊ីដែលជាគោលដៅទេសចរណ៍ដ៏ពេញចិត្តនិងជាជំរើសដំបូង ចាប់តាំងពីការបង្កើតឡើង​មកក៏បានក្លាយជាតួអង្គដ៏សំខាន់នៅក្នុងវិស័យទេសចរណ៍អន្តរជាតិ។

ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី សហការជាមួយស្ថានទូតម៉ាឡេស៊ី មានកិត្តិយសរៀបចំការតាំងពិព័រណ៍មួយនេះឡើងដែលមានឈ្មោះថា “Let’s Go Malaysia Travel Fair 2022” នៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីបង្កើនទាក់ទាញចំនួនភ្ញៀវទេសចរ និងបង្ហាញពីផលិតផលទេសចរណ៍ម៉ាឡេស៊ីថ្មីៗ មួយចំនួន និងមានគោលបំណងជំរុញការផ្សព្វផ្សាយទេសចរណ៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ៕

រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)