កម្ពុជាពង្រឹងធនធានជលផលក្នុងស្រុកតាមរយៈផ្លូវត្រីថ្មី

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយសារការសាងសង់ផ្លូវត្រីថ្មីចំនួនពីរ ដែលជាជំនួយមូលនិធិពីទីភ្នាក់ងារ សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID)​ ត្រី និង​បណ្តា​សត្វ និង​រុក្ខជាតិក្នុងទឹកផ្សេងទៀតនៅកម្ពុជា នឹងអាចធ្វើដំណើរឡើងទៅផ្នែកខាងលើនៃទន្លេ ដោយវាងចេញពីប្រព័ន្ធធារាសាស្ត្រនានា​​ ដែលនាំឱ្យបរិមាណត្រី​សម្រាប់សហគមន៍​ក្នុងខេត្ត​ពោធិ៍​សាត់​មានការកើនឡើង។

ផ្លូវត្រីដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ​​បានភ្ជាប់ត្រី​ទៅនឹងទី​ជម្រក​ដ៏សំខាន់​សម្រាប់វដ្តជីវិតរបស់វា។ ផ្លូវត្រីទាំងនេះក៏បង្ហាញឱ្យឃើញផងដែរថា ជណ្តើរត្រីខ្នាតតូច ​គឺជាដំណោះស្រាយដែលយើងអាចធ្វើបាន និងធូរថ្លៃ ដើម្បីឆ្លើយតបទៅនឹងការថយចុះនៃចំនួនត្រី។

លោកស្រី Rebecca Black នាយកបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា៖ «ត្រីដែលនេសាទបានក្នុងស្រុក គឺជាប្រភព​អាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាជាច្រើន។ តាមរយៈការ ការពារចំនួនត្រី និង​ទីជម្រក​របស់វា យើងសង្ឃឹមថា ផ្លូវត្រីទាំងនេះ ក៏នឹងរួមចំណែកដ៏សំខាន់ដល់ការ​ធ្វើឱ្យប្រសើរឡើងដល់សុខភាព​សហគមន៍ដែលពឹងផ្អែកលើការនេសាទត្រីផងដែរ»។

ផ្លូវត្រីថ្មីនៅខេត្ត ពោធិ៍សាត់ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម​ជណ្តើរត្រីថ្នាក់តំបន់​ (Fish Passage Initiative) ដែលសហការជាមួយរដ្ឋបាលជលផលកម្ពុជា គណៈកម្មការទន្លេមេគង្គ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផល​អាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវ​កសិកម្មអន្តរជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​របស់​ប្រទេសជប៉ុន។

គំនិតផ្តួចផ្តើមដែលមានរយៈពេលប្រាំឆ្នាំ ដែលជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត សម្រាប់ទន្លេមេគង្គ (USAID Smart Infrastructure for the Mekong) បានជួយដល់បណ្តាប្រទេសទន្លេមេគង្គក្រោម ​ក្នុងការរៀប​ចំសារពើភ័ណ្ឌ និងកំណត់អាទិភាពនៃឧបសគ្គចំពោះជណ្តើរត្រី ការបណ្តុះបណ្តាលអំពីការកសាងជណ្តើរត្រី ព្រមទាំងការសម្របសម្រួលរវាងនាយកដ្ឋានធារាសាស្ត្រ និងនាយកដ្ឋានជលផលទូទាំងតំបន់ មេគង្គក្រោម ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែននេះ។

រដ្ឋបាលជលផលកម្ពុជាបានសហការជាមួយទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងការសាងសង់ផ្លូវត្រីបង្ហាញចំនួនពីរ ក្នុងឆ្នាំ២០១៩ និង២០២១។ តាមការតាមដានទីតាំងទាំងពីរនេះ​បាន​បង្ហាញ​ថាមានត្រីជាង​មួយលានក្បាល ត្រូវជាជាង១០០ ប្រភេទពូជត្រី ​បានឆ្លងកាត់ផ្លូវត្រីនេះ ដើម្បីទៅកាន់ទីជម្រករបស់វាដែលមិន​អាចទៅ​ដល់កាលពីមុន ដែលមានចំងាយជាង ២០០០ គីឡូម៉ែត្រ។

ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការដៃគូ បានចុះទៅពិនិត្យផ្លូវត្រីដែល​ទើបសាងសង់​ថ្មីកាល​ពីថ្ងៃទី២៩ ខែសីហា ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍របស់គម្រោង ជាមួយ​ថ្នាក់ដឹកនាំមូលដ្ឋាន​ និងជំរុញ​ការ​​អភិវឌ្ឍផែនការទូលំទូលាយសម្រាប់ផ្លូវត្រីទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់។

រូបថតដោយ៖ សហការី