ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយសារការសាងសង់ផ្លូវត្រីថ្មីចំនួនពីរ ដែលជាជំនួយមូលនិធិពីទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រី និងបណ្តាសត្វ និងរុក្ខជាតិក្នុងទឹកផ្សេងទៀតនៅកម្ពុជា នឹងអាចធ្វើដំណើរឡើងទៅផ្នែកខាងលើនៃទន្លេ ដោយវាងចេញពីប្រព័ន្ធធារាសាស្ត្រនានា ដែលនាំឱ្យបរិមាណត្រីសម្រាប់សហគមន៍ក្នុងខេត្តពោធិ៍សាត់មានការកើនឡើង។
ផ្លូវត្រីដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានភ្ជាប់ត្រីទៅនឹងទីជម្រកដ៏សំខាន់សម្រាប់វដ្តជីវិតរបស់វា។ ផ្លូវត្រីទាំងនេះក៏បង្ហាញឱ្យឃើញផងដែរថា ជណ្តើរត្រីខ្នាតតូច គឺជាដំណោះស្រាយដែលយើងអាចធ្វើបាន និងធូរថ្លៃ ដើម្បីឆ្លើយតបទៅនឹងការថយចុះនៃចំនួនត្រី។
លោកស្រី Rebecca Black នាយកបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា៖ «ត្រីដែលនេសាទបានក្នុងស្រុក គឺជាប្រភពអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាជាច្រើន។ តាមរយៈការ ការពារចំនួនត្រី និងទីជម្រករបស់វា យើងសង្ឃឹមថា ផ្លូវត្រីទាំងនេះ ក៏នឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឱ្យប្រសើរឡើងដល់សុខភាពសហគមន៍ដែលពឹងផ្អែកលើការនេសាទត្រីផងដែរ»។
ផ្លូវត្រីថ្មីនៅខេត្ត ពោធិ៍សាត់ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជណ្តើរត្រីថ្នាក់តំបន់ (Fish Passage Initiative) ដែលសហការជាមួយរដ្ឋបាលជលផលកម្ពុជា គណៈកម្មការទន្លេមេគង្គ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផលអាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន។
គំនិតផ្តួចផ្តើមដែលមានរយៈពេលប្រាំឆ្នាំ ដែលជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត សម្រាប់ទន្លេមេគង្គ (USAID Smart Infrastructure for the Mekong) បានជួយដល់បណ្តាប្រទេសទន្លេមេគង្គក្រោម ក្នុងការរៀបចំសារពើភ័ណ្ឌ និងកំណត់អាទិភាពនៃឧបសគ្គចំពោះជណ្តើរត្រី ការបណ្តុះបណ្តាលអំពីការកសាងជណ្តើរត្រី ព្រមទាំងការសម្របសម្រួលរវាងនាយកដ្ឋានធារាសាស្ត្រ និងនាយកដ្ឋានជលផលទូទាំងតំបន់ មេគង្គក្រោម ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែននេះ។
រដ្ឋបាលជលផលកម្ពុជាបានសហការជាមួយទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងការសាងសង់ផ្លូវត្រីបង្ហាញចំនួនពីរ ក្នុងឆ្នាំ២០១៩ និង២០២១។ តាមការតាមដានទីតាំងទាំងពីរនេះបានបង្ហាញថាមានត្រីជាងមួយលានក្បាល ត្រូវជាជាង១០០ ប្រភេទពូជត្រី បានឆ្លងកាត់ផ្លូវត្រីនេះ ដើម្បីទៅកាន់ទីជម្រករបស់វាដែលមិនអាចទៅដល់កាលពីមុន ដែលមានចំងាយជាង ២០០០ គីឡូម៉ែត្រ។
ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការដៃគូ បានចុះទៅពិនិត្យផ្លូវត្រីដែលទើបសាងសង់ថ្មីកាលពីថ្ងៃទី២៩ ខែសីហា ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍របស់គម្រោង ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងជំរុញការអភិវឌ្ឍផែនការទូលំទូលាយសម្រាប់ផ្លូវត្រីទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់។
រូបថតដោយ៖ សហការី