ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណអធីបតីក្នុងពិធីប្រកាសជាផ្លូវការនូវគម្រោងថ្មីមួយក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក ដែលមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចដែលមានភាពទូលំទូលាយ និងប្រកបដោយចីរភាព តាមរយៈការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជា។
គម្រោង «កម្ពុជាហាវែស III» ជាគម្រោងដែលមានរយៈពេល ៥ឆ្នាំ ទទួលបានការគាំទ្រថវិកាពីគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (Feed the Future) និងគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេ រិក USAID។
លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានលើកឡើងថា៖ «នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០លានដុល្លារអាមេរិក ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្ម។ ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោងកម្ពុជា ហាវែស III នេះ គឺបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយនេះ»។
គម្រោងកម្ពុជាហាវែស III ថ្មីនេះ ត្រូវបានប្រកាសកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា។
គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគី ពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារនានាក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជាមួយនឹងវិស័យឯកជន។
គម្រោងនឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើកន្លងមកលើការលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជននៅក្នុងទីផ្សារកសិកម្ម គម្រោងនឹងជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។
ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងជម្រុញឱ្យមានការវិនិយោគពីក្រុមហ៊ុន ឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០ កន្លែង និងជួយកសិករ និងក្រុមហ៊ុនឯកជនក្នុង វិស័យកសិកម្មឱ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លារ និងបង្កើនការលក់ផលិតផលកសិកម្មឱ្យបាន ១០០លានដុល្លារ៕
រូបថតដោយ៖ ស្ថានទូតសហរដ្ឋអាមេរិកនៃប្រទេសកម្ពុជា