ភ្នំពេញ៖ ប្រធានមណ្ឌលបុរីទារក និងកុមារជាតិបានសម្ដែងនៅការរីករាយក្នុងការចូលរួមចំណែកបន្ថែមនៅវិស័យឯកជនក្នុងការគិតគូរយកចិត្តទុកដាក់ទៅលើកុមារកំព្រា កុមារពិការ ក៏ដូចជាកុមារខ្សោយសតិបញ្ញា នេះជាអ្វីដែលពួកគេគួរតែទទួលបានដូចទៅនឹងកុមារទូទៅដែរ។
ការលើកឡើងរបស់លោកស្រី ថោ ពៅ បន្ទាប់ពីរោងភាពយន្ត Major Cineplex by Smart Aeon Sen Sok បានរៀបចំកម្មវិធីចែករំលែក្ដីស្រលាញ់ ដល់កុមារប្រមាណជា ៧៧នាក់ និងអ្នកមើលថែទាំកុមារក្នុងមណ្ឌលបុរីទារក និងកុមារជាតិជាង ៤០នាក់តាមរយៈការទស្សនាខ្សែភាពយន្តគំនូរជីវចលកុមារនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
លោកស្រី ថោ ពៅ ថានេះ គឺជាលើកដំបូងហើយដែលកុមារនៅក្នុងមណ្ឌលបានចូលរួមកម្មវិធីឡើងដោយវិស័យឯកជននៅក្រៅមណ្ឌល។ លោកស្រីរំពឹងថាតាមរយៈកម្មវិធីនេះនឹងផ្ដល់នូវភាពកក់ក្ដៅបន្ថែមទៀតដល់កុមារ ហើយក៏ជាការរួមចំណែកជាមួយ និងរាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ការមើលថែកុមារកំព្រា កុមារពិការ និងកុមារខ្សោយសតិបញ្ញានៅក្នុងមណ្ឌលដែលស្ថិតនៅក្រោមក្រសួងសង្គមកិច្ច អតីតយុតិជននិងយុវនិតិសម្បទា។
លោកស្រី ថោ ពៅ បានលើកឡើងថា៖ «នាងខ្ញុំពិតជាមានសេចក្ដីសមោនសរីករាយ សប្បាយមែនទែន ទាំងបុគ្គលិក ទាំងកុមារ គឺគ្រាន់តែឭដំណឹងថាបានមកទស្សនាភាពយន្តភ្លាម ពួកគាត់មានការសប្បាយរីករាយដោយសារតែនេះជាលើកទីមួយហើយសម្រាប់ប្អូនៗ ដែលរស់នៅក្នុងមណ្ឌល។ កន្លងមក គឺប្អូនៗ កុមារមិនដែលបានមានឱកាលក្នុងការអញ្ជើញមកចូលរួមដូចនេះទេ ហើយនេះជាការគិតគូរ ជាការអាណិតស្រលាញដល់ប្អូនៗ កុមារកំព្រាដែលមានពិការភាពបានចូលរួម មានន័យថា បានលើកកម្ពស់ការចូលរួមសម្រាប់ពួកគាត់។ ពួកគាត់មានភាពសប្បាយរីករាយដែលបានចូលរួមឃើញផ្ទាល់ដូចថ្ងៃនេះ»។
លោក ជី សិលា នាយកគ្រប់គ្រងរោងភាពយន្ត Major Cineplex by Smart បានលើកឡើងថា នេះមិនមែនជាលើកដំបូងនោះទេដែលរោងភាពយន្តរបស់ខ្លួនបានរៀបចំកម្មវិធីនេះ។ ពោល គឺលោកតែងតែសហការណ៍ជាមួយអង្គការកុមារកំព្រានានា ដើម្បីចែករំលែកសេក្ដីស្រលាញ់ និងភាពកក់ក្ដៅដល់កុមារ។ លើសពីនេះលោកក៏បានអំពាវណាវដល់វិស័យឯកជននានាចូលរួមកម្មវិធីផ្សេងៗ ដើម្បីរួមចំណែកជួយដល់កុមារដែលជួបការលំបាកនេះទៀត។
លោក ជី សិលា៖ «តាមពិតទៅរោងកុន Major Cineplex by Smart យើងពីមុនកូវីដហ្នឹង! គឺយើងមានកម្មវិធីធ្វើការងារចែករំលែកជាមួយសង្គមបែបនេះជាច្រើន។ ក្នុងមួយឆ្នាំយើងបានទទួលសិស្ស ឬកុមារកំព្រានៅតាមមជ្ឈមណ្ឌលផ្សេងៗ នៅតាមអង្គការផ្សេងៗ មកមើលកុនបែបនេះម្ដងពីរដងដែរ ប៉ុន្តែដោយសារកូវីដបានវាយឡុកយើងក៏បានសម្រាក ហើយវាក៏មិនអាចជួបជុំគ្នាបាន ព្រោះយើងក៏បានឈប់សម្រាកអស់រយៈពេល៣ឆ្នាំនឹងដែរ។ ផុតពីកូវីដនេះទៅ ក៏យើងសង្ឃឹមថាយើងមិនត្រឹមតែធ្វើការងារម្ដងទៀតនោះទេ គឺយើងនឹងមានធ្វើការងារបែបនេះទៀត អាចជាមួយអង្គការផ្សេងៗ ជាមួយមជ្ឈមណ្ឌលកុមារកំព្រាផ្សេងៗ ទៀតឱ្យក្មេងៗ គាត់បានមកលេង បានសប្បាយ បានស្គាល់រសជាតិរោងភាពយន្តថ្មី មកមើលតុក្កតាឱ្យបានសប្បាយ»។
បច្ចុប្បន្នមណ្ឌលបុរីទារក និងកុមារជាតិ គឺមានកុមារសរុបប្រមាណជា១៦០នាក់ ដែលភាគច្រើនជាកុមារគ្មានឪពុកម្ដាយ កុមារពិការ និងកុមារខ្សោយសតិបញ្ញា។ កុមារទាំងអស់នេះកំពុងត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារបុរីទារកនិងកុមារជាតិ ដែលគាំទ្រដោយរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុតិជននិងយុវនិតិសម្បទា៕
រូបថតដោយ៖ សហការី