រដ្ឋមន្ត្រីការបរទេសអាមេរិក Blinken ប្រកាសគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃ៤​ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken បាន​ប្រកាសពីគម្រោងថ្មីមួយក្នុងទឹកប្រាក់ ២៥ លានដុល្លារអាមេរិក គឺ «គម្រោងកម្ពុជាហាវែស III» ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុង​ប្រទេសកម្ពុជា។ គម្រោងកម្ពុជាហាវែស III មានរយៈពេល ៥ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID។

លោករដ្ឋមន្ត្រីការបរទេស Blinken បានលើកឡើងថា៖ «យើង​ជឿជាក់លើគម្រោងនេះ យើងជឿជាក់លើដៃគូនានារបស់យើង ហើយយើងចង់ធ្វើការល្អៗ ឱ្យបានច្រើនជាមួយគ្នា។ វាពិតជាមានសារៈសំខាន់ដែលយើង​ត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និង​ដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និង​ភាពក្រីក្រ»។

គម្រោងកម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និង​ភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និង​ចាប់យកឱកាសទីផ្សារសម្រាប់កសិករ។

គម្រោងនេះនឹងកសាងបន្ថែមលើការវិនិយោគដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ តាមរយៈការលើកកម្ពស់ឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព ណែនាំនូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាតបែបធន់នឹងអាកាសធាតុ និង​លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និង​ប្រជាជនងាយរងគ្រោះ។

ក្នុងរយៈពេលគម្រោង ៥ឆ្នាំនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងរកបាន ៣៩លានដុល្លារ ក្នុងការវិនិយោគវិស័យឯកជនថ្មី បង្កើតការងារថ្មីជាង ៣ពាន់កន្លែង ជួយដល់បណ្តារធុរកិច្ ចនិងអ្នកផលិតក្នុងវិស័យកសិកម្មកម្ពុជាឱ្យទទួលបានហិរញ្ញប្បទាន ១៥លានដុល្លារ និងរកបាន​ ១០០លានដុល្លារ ពីការលក់៕

រូបភាពដោយ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា