ភ្នំពេញ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៥:០០ ដល់ម៉ោង១១:០០នាទីព្រឹក យុវជនជើងឯកអាហារូបត្ថម្ភ និង អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller) រួមសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឧបត្ថម្ភដោយ គម្រោង MUSEFO នៃអង្គការ GIZ Helen Keller WVI WFP UNICEF និង Plan International បានរៀបចំកម្មវិធីយុវជនជើងឯកអាហារូបត្ថម្ភពាក់កណ្តាលម៉ារ៉ាតុន នៅពហុកីទ្បដ្ឋានជាតិអូទ្បាំពិកដោយមានអ្នកចូលរួមជិត ១,០០០នាក់ សម្រាប់រយៈចម្ងាយ ៣គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ។
នៅក្នុងឱកាសដ៏ពិសេសនេះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់ឱ្យដឹងថា ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រជាច្រើនលើពិភពលោកបានបង្ហាញថា ការហាត់ប្រាណទៀងទាត់ និងបរិភោគអាហារចម្រុះមុខជាប្រចាំ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់់យើងទាំងអស់គ្នា។ តាមការសិក្សានាពេលថ្មីៗ នេះបានរកឃើញថា ក្រៅពីធ្វើឱ្យរាងកាយមាំមួនមានសុខភាពល្អ ការហាត់ប្រាណ និងការរស់នៅ បែបសកម្មអាចកាត់បន្ថយការប្រឈមនឹងជំងឺបាក់ទឹកចិត្តបានរហូតដល់ពីរភាភាគបី។ អ្នកស្រាវជ្រាវដែលបានធ្វើការវាយតម្លៃទៅលើការសិក្សាចំនួន ៤៩ មកពីទូទាំងពិភពលោកបានរកឃើញថាអ្នកដែលធ្វើសកម្មភាពរាងកាយ ច្រើនបំផុតទំនងជាមិនសូវមានបញ្ហាបាក់ទឹកចិត្តច្រើនដូចអ្នកដែលធ្វើសកម្មភាពតិចតួចបំផុតឡើយ។ ការសិក្សាក៏បានរកឃើញថាពេលហាត់ប្រាណ រាងកាយបញ្ចេញអង់ដូហ្វីន ដែលជាសារធាតុគីមីម្យ៉ាងធ្វើឱ្យយើងមានអារម្មណ៍រីករាយ និងសុខស្រួលជាងមុន។ យើងចាប់ផ្តើមមានអារម្មណ៍ប្រសើរភ្លាមៗ ត្រឹមរយៈពេល ២-៣ នាទីក្រោយធ្វើចលនា។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានលើកឡើងថា៖ «ហាត់ប្រាណទៀងទាត់អាចផ្លាស់ប្តូររូបរាង បង្កើនទំនុកចិត្តស្រលាញ់ និងគោរពខ្លួនឯងជាងមុន។ ការហាត់ប្រាណពិតជាអាចបង្កើនថាមពលខ្លាំងក្លាជាងមុន បើយើងហាត់ប្រាណទៀងទាត់ យើងនឹងមានសាច់ដុំរឹងមាំ និងចេះអត់ធ្មត់ច្រើនជាងមុន។ វាជួយរាងកាយឱ្យបង្កើនអុកស៊ីហ្សែន និងនាំសារជាតិចិញ្ចឹមទៅកាន់ជាលិកាក្នុងខ្លួន ជួយសម្រួលប្រព័ន្ធសរសៃ ឈាមបេះដូង និងប្រព័ន្ធដង្ហើមដំណើរការល្អជាងមុន ព្រមទាំងធ្វើឱ្យថាមពលក្នុងខ្លួនយើងកើនជាលំដាប់»។
លោកជំទាវវេជ្ជបណ្ឌិតក៏បានរំលឹកអំពីសារសំខាន់នៃរបបអាហារសុខភាពដែលមានគុណតម្លៃស្មើនឹងការហាត់ប្រាណជាប្រចាំផងដែរថា ប្រសិនបើយើងគ្រាន់តែហាត់ប្រាណតែមួយមុខមិនគិតគូរដល់របបអាហារ ក៏យើងមិនអាចគ្រប់គ្រងទម្ងន់ និងការពារសុខភាពបានឡើយ។ អ្វីដែលយើងបរិភោគអាចប៉ះពាល់ និងជះឥទ្ធិពលដល់សមត្ថភាពរាងកាយរបស់យើងក្នុងការការពារប្រយុទ្ធប្រឆាំងការឆ្លងជំងឺផ្សេងៗ។ ខណៈពេលដែលគ្មានអាហារ ឬអាហារបំប៉នណាអាចការពារ ឬព្យាបាលការឆ្លងមេរោគកូវីដ-១៩ បាន របបអាហារសុខភាពមានសារៈសំខាន់សម្រាប់ទ្រទ្រង់ប្រព័ន្ធការពាររាងកាយរបស់យើង។ សារជាតិចិញ្ចឹមល្អអាចកាត់បន្ថយលទ្ធភាពនៃការវិវឌ្ឍន៍បញ្ហាសុខភាពផ្សេងៗ បានផងដែរដូចជាការលើសទម្ងន់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកប្រភេទមួយចំនួន។
លោកជំទាវវេជ្ជបណ្ឌិតបន្ថែមថា៖ «ចំពោះទារករបបអាហារសុខភាព មានន័យថាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខ ក្នុងរយៈពេល ៦ខែដំបូងនៃជីវិតរបស់ពួកគេ និងការផ្តល់អាហារបន្ថែមមានសុវត្ថិភាពដើម្បីបំពេញលើទឹកដោះម្តាយចាប់ពីអាយុ ៦ខែ ដល់ ២ឆ្នាំ និងលើស ពីនេះ។ សម្រាប់កុមារតូចរបបអាហារសុខភាពនិងតុល្យភាព គឺចាំបាច់សម្រាប់ការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍសតិបញ្ញាស្មារតីរបស់ពួកគាត់។ សម្រាប់មនុស្សចាស់ របបអាហារសុខភាពអាចជួយធ្វើឱ្យជីវិតពួកគាត់មានសុខភាពល្អ និងសកម្មជាងមុន។ ចំពោះមនុស្សវ័យជំទង់ និងយុវជន របបអាហារសុខភាពសំបូរទៅដោយសារជាតិចិញ្ចឹមអាចជួយដល់ការលូតលាស់ឆ្អឹង ការផ្លាស់ប្តូរអ័រម៉ូន និងការអភិវឌ្ឍសរីរាង្គ និងជាលិកា រួមទាំងខួរក្បាលផងដែរ។ ពួកគេគួរតែបរិភោគអាហារសុខភាព និងកំណត់បរិមាណសមស្របក្នុងការទទួលអាហារកែច្នៃ ភេសជ្ជៈមានជាតិស្ករ និងការញ៉ាំអាហារនៅខាងក្រៅផ្ទះ។ ទម្លាប់បរិភោគអាហារសុខភាព និងការហាត់ប្រាណអាចជួយឱ្យពួកគេបន្ថយហានិភ័យនៃបញ្ហាលើសទម្ងន់»។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទក៏បានបង្ហាញប្រាប់ដែរថា ការសម្រេចបាននូវការកាត់បន្ថយបរិមាណកាឡូរីតាមរយៈការផ្លាស់ប្តូរវិជ្ជមាននូវរបបអាហារ គឺជាគន្លឹះសម្រាប់ការទប់មិនឱ្យរាងកាយយើងឡើងទម្ងន់ខ្លាំង ដែលនាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាព ខណៈដែលការហាត់ប្រាណទៀងទាត់ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលជួយទ្រទ្រង់លទ្ធផលសុខភាពល្អប្រសើរទាំងនេះ ឱ្យចីរភាពក្នុងរយ:ពេលយូរ។ ការសិក្សាជាច្រើនបានបង្ហាញថា នៅពេលដែលរាងកាយយើងមានភាពសកម្មជាប្រចាំរួមជាមួយនឹងការអនុវត្តន៍របបអាហារសុខភាពបានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺលើសឈាម លើសជាតិស្ករនិងខ្លាញ់ ជួយបង្កើនសាច់ដុំរាងកាយ និងធ្វើឱ្យសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់យើងម្នាក់ៗ មានលក្ខណ: ប្រសើរឡើង។ អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ថា ការហាត់ប្រាណបានទៀងទាត់អាចជួយការពារ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺមហារីក និងជំងឺផ្សេងៗ ទៀតបានយ៉ាងល្អ។ ការធ្វើឱ្យរាងកាយយើងមានភាពសកម្ម ភាពក៏អាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ ព្រមទាំងពង្រឹងស្មារតី បង្កើនលទ្ធភាពរៀនសូត្រ ប្រសិទ្ឋភាពការងារ និងលើកកម្ពស់សុខុមាលភាពទូទៅរបស់យើង។
ឯកឧត្តម សុខ ស៊ីឡូ បានលើកឡើងថា៖ «ដើម្បីសុខភាព និងសុខុមាលភាពល្អប្រសើរ អង្គការសុខភាពពិភលោកបានណែនាំថាមនុស្សពេញវ័យម្នាក់គួរហាត់ប្រាណដោយការដើរ ការស្រោចទឹកដំណាំ ការលេងកីឡា ការធ្វើចលនាខ្លួនប្រាណក្នុងពេលកំពុងអង្គុយមើលទូរទស្សន៏និងកម្មវិធីផ្សងៗ ការដើរឡើងជណ្ដើរជាដើមឱ្យបានយ៉ាងហោចណាស់ពី១៥០ ទៅ៣០០នាទីក្នុងមួយសប្តាហ៍ ហើយសម្រាប់កុមារ និងយុវវ័យគួរធ្វើឱ្យរាងកាយមានសកម្មភាព ឬហាត់ប្រាណយ៉ាងហោចណាស់បានរយៈពេល៦០នាទីក្នុង១មួយថ្ងៃ។ ទោះបីមានភស្តុតាងវិទ្យាសាស្ត្រជាច្រើន បានបង្ហាញពីគុណតម្លៃនៃការហាត់ប្រាណ និងការធ្វើឱ្យរាងកាយមានភាពសកម្មក៏ដោយ ក៏មានមនុស្សពេញវ័យ ២៧,៥% និងមនុស្សវ័យជំទង់ ៨១% នៅ លើពិភពលោកមិនបានអនុវត្តតាមអនុសាសន៍ និងគោលការណ៏ណែនាំរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០១០ ក្នុងការធ្វើឱ្យរាងកាយមានភាពសកម្មជាប្រចាំ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពឡើយ។ ការហាត់ប្រាណ ឬធ្វើឱ្យរាងកាយសកម្មជាប្រចាំអាចឱ្យពិភពលោកទប់ស្កាត់មរណភាពប្រជាជនបានពី ៤ទៅ ៥លាននាក់ក្នុងមួយឆ្នាំៗ។ ឥរិយាបថមិនល្អដូចជាការអង្គុយធ្វើការក្នុងការិយាល័យយូរពេកអាចបង្កើនហានិភ័យដល់សុខភាពធ្ងន់ធ្ងរជាច្រើន។ ការកំណត់បាននូវតុល្យភាពនៃការអង្គុយធ្វើការ ពេលសម្រាកគ្មានសកម្មភាព និងការធ្វើសកម្មភាពរាងកាយ គឺជាទម្លាប់ល្អសម្រាប់សុខភាពរបស់យើង»។
រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)