ភ្នំពេញ៖ អង្គការមណ្ឌលព័ត៌មានស្ត្រីហៅកាត់ថា (WMC) មានកិត្តិយសឱ្យអ្នកសារព័ត៌មានស្ត្រីមានឱកាសបញ្ចេញមតិជុំវិញការការពារសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានស្រ្តី។
ក្នុងរយៈពេល ១០ឆ្នាំមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៃអ្នកសារព័ត៌មានស្ត្រី បើតាមរបាយការណ៍របស់ក្រសួងព័ត៌មានឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកសារព័ត៌មានកម្ពុជាសរុបប្រមាណជាង ៥,០០០នាក់ មានស្រ្តីអ្នកសារព័ត៌មានចំនួនជាង ៤៧០នាក់ស្មើនឹង ៩.៤ភាគរយ។
វេទិការអ្នកសារព័ត៌មានស្រ្តី «សម្លេងយើង» ដែលបានរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា តាមរយៈការឱ្យដឹងពីអ្នកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល អ្នកសម្របសម្រួលកម្មវិធី បានលើកឡើងថា អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានអញ្ជើញអ្នកសារព័ត៍មានស្ត្រីចំនួន ៤០នាក់ មកពីប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជា វិទ្យុ ទូរទស្សន៍ សារព័ត៌មានបោះពុម្ពផ្សាយ អនឡាញ បណ្តាយផ្សព្វផ្សាយសង្គម (Social Media) ដែលមានតួនាទីជាអ្នកគ្រប់គ្រង និពន្ធនាយក អ្នកយកព័ត៌មាន ពិធីការិនី អ្នកនិពន្ធអត្ថបទ ចូលរួមក្នុងវេទិការអ្នកសារព័ត៌មានស្ត្រី «សម្លេងយើង» នៅភោជនីយដ្ឋានទន្លេបាសាក់ II។
អ្នកស្រីបញ្ជាក់ថា៖ «វេទិកានេះធ្វើឡើងដើម្បីរកដំណោះស្រាយជុំវិញបញ្ហាប្រឈមរបស់អ្នកកាសែតស្ត្រី ហើយអ្នកស្រីបានសរសើរនូវសេចក្តីក្លាហានរបស់អ្នកកាសែតស្ត្រី ដើម្បីរកដំណោះស្រាយជុំវិញបញ្ហាប្រឈមរបស់ពួកគាត់។ អ្នកស្រីបានកោតសរសើរនូវសេចក្តីក្លាហានដែលស្រ្តីអ្នកសារព័ត៌មានមានសេចក្តីក្លាហានហ៊ានរកដំណោះស្រាយជាប្រព័ន្ធ ដើម្បីឱ្យមានការទទួលស្គាល់នូវតម្លៃរបស់ស្ត្រីជាអ្នកសារព័ត៌មាន ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល មានការរីកចម្រើន ជាពិសេសប្រព័ន្ធទូរស័ព្ទស្មាតហ្វូន ក៏អាចជាកត្តាអំណោយផលនៃការងារផងដែរ។ ព្រោះបច្ចុប្បន្ននេះស្ថាប័នរដ្ឋ ឯកជន អង្គការសង្គមស៊ីវិល បានផ្តល់ឱកាស និងលើកទឹកចិត្តស្ត្រី ស្របពេលដែលស្ត្រីមួយចំនួនមានសកម្មភាព ពេញលេញក្នុងការកាន់មុខតំណែងធំៗ និងស្ថាប័នមួយចំនួន»។
ពាក់ព័ន្ធរឿងនេះបានធ្វើឱ្យកញ្ញា នឿន ស្រីណុច អ្នករាយការណ៍ព័ត៌មានរបស់ WMC បានរៀបរាប់ថា៖ «ការរីកចម្រើននៃចំនួនស្ត្រីអ្នកយកព័ត៌មាន ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល មានការរីកចម្រើន ជាពិសេសប្រព័ន្ធទូរស័ព្ទស្មាតហ្វូនក៏អាចជាកត្តាអំណោយផលនៃការងារផងដែរ។ ព្រោះបច្ចុប្បន្ននេះស្ថាប័នរដ្ឋ ឯកជន អង្គការសង្គមស៊ីវិលមួយចំនួនតែងតែផ្តល់ឱកាស និងលើកទឹកចិត្តដល់ស្រ្តី ស្របពេលដែលស្ត្រីមួយចំនួនមានសកម្មភាពពេញលេញក្នុងការកាន់មុខតំណែងធំៗ ក្នុងស្ថាប័នមួយចំនួន»។
អ្នកស្រី ឆន សុគន្ធា នាយិការ នាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថា CCIM បានឱ្យប្រាប់ដឹងផងដែរថា៖ «យើងមិនអាចដឹងពីមូលហេតុនៅជុំវិញស្ត្រីនៅក្នុងប្រទេសយើង ស្រ្តីមានលក្ខណៈទាបជាងបុរស បើទោះបីជាស្រ្តីគ្នាឯងប្រឹងលើកកម្ពស់ស្រ្តីឱ្យចូលរួមលើគ្រប់វិស័យក្តី តែយើងនៅតែមើលឃើញថា ស្ត្រីនៅតែទាបជាងបុរសនៅក្នុងវិស័យផ្សេងៗ ជាពិសេសវិស័យសារព័ត៌មាន»។
ពាក់ព័ន្ធនឹងស្រ្តីអ្នកសារព័ត៌មានកញ្ញា ស៊ឹម សល់ម៉ា ជាប្រជាពលរដ្ឋខ្មែរឥស្លាម និងជាអ្នករាយការណ៍ព័ត៌មានមកពីស្ថាប័ន្ថខ្មែរណាស់ បានបង្ហាញការយល់ឃើញថា៖ «គួរតែបុរសៗ ដែលមានតួនាទីជានាយក នៅក្នុងស្ថាប័នសារព័ត៌មានទាំងអស់ហ្នឹងគួរតែលើកកម្ពស់ និងលើកទឹកចិត្តដល់ស្ត្រីដែលជាអ្នកសារព័ត៌មាន ព្រោះស្ត្រីមានតួនាទីសំខាន់ណាស់ ហើយស្រ្តីគឺជាដៃគូរួមចំណែកក្នុងការអភិវឌ្ឍសង្គម។ ជាពិសេសបុរសត្រូវតែជំរុញ និងលើកទឹកចិត្តដល់ស្ត្រីអ្នកយកព័ត៌មាន ដែលប្រឈមនឹងការចេញទៅរាយការណ៍ព័ត៌មាននៅខាងក្រៅ ដូច្នេះគួរតែផ្តល់តម្លៃដល់ស្រ្តីអ្នកសារព័ត៌មាន ដោយកុំមានការរើសអើងក្នុងការបំពេញការងារ និងផ្តល់សិទ្ធឱ្យស្មើនឹងបុរសផងដែរ»។
រូបភាពដោយ៖ មណ្ឌលព័ត៌មានស្ត្រី (WMC)