សៀមរាប៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេត្យូខេសិន (Mengly J. Quach Education) ជាក្រុមហ៊ុនមួយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈសេវាកម្មអប់រំ ដែលមានគុណភាពខ្ពស់ឈានមុខគេនៅកម្ពុជា បានសម្រេចនូវសមិទ្ធផលដ៏ធំមួយទៀត ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ជាមួយនឹងការសម្ភោធជាផ្លូវការនូវអគារសិក្សាថ្មីសន្លាងរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំងនេះ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីសម្ពោធបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេខ្យូខេសិន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានជាច្រើននាក់។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន មានប្រសាសន៏ថា អគារសិក្សាថ្មីនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យអប់រំ ប្រកបដោយសមិទ្ធផលដ៏ធំធេង និងមានផាសុខភាពក្នុងការសិក្សា យើងមាន ២០សាខាជាង ទាំងនៅរាជធានីភ្នំពេញ និងសៀមរាប យើងបានទទួលសិស្សឱ្យចូលរៀនបានប្រមាណជាង ៥០,០០០នាក់ហើយមកទល់បច្ចុប្បន្ននេះ យើងមានសាខាខេត្តតាកែវ ខេត្តកំពង់ចាម បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង និងសាខាទួលសង្កែ ក៏នឹងគ្រោងសម្ពោធដាក់ឱ្យដំណើរការក្នុងពេលខាងមុខជាបន្តបន្ទាប់រួចមកហើយ។ ជាក់ស្តែងនៅពេលនេះ យើងបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប។ នៅតាមសាលានីមួយៗ យើងបំពាក់បរិក្ខាទំនើបៗ ក្នុងទីតាំងនីមួយៗ បានជំរុញឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដើម្បីសិក្សា និងធ្វើការក្នុងយុគ្គសម័យទំនើបជឿនលឿន ដែលអភិវឌ្ឍ និងបណ្តុះគំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញ ពិភពលោកផងដែរ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ទៀតថា៖ «បើទោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចំពោះសេវាកម្មអប់រំ យើងនឹងបន្តមានគំនិតផ្តួចផ្តើមបង្កើននូវចក្ខុវិស័យដ៏រឹងមាំបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយយើងនឹងមានគោលដៅ បំពេញតម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាពខ្ពស់នៅក្នុងខេត្តសៀមរាប ជាមួយនឹងកម្មវិធីសិក្សា ផ្អែកលើតម្រូវការរបស់សិស្ស ដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងការអប់រំនៅសតវត្សរ៍ទី២១។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយឲ្យសិស្សានុសិស្ស និងបណ្តានិស្សិត ដែលរស់នៅខេត្តសៀមរាបក្នុងការសិក្សា នឹងបង្កើនជំនាញភាសារបស់ពួកគេជាមួយនឹងកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិ និងអ្នកជំនាញខាងអប់រំប្របកដោយសមត្ថភាព និងបទពិសោធច្រើនឆ្នាំ»។
គួររម្លឹកថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០៥ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
រូបភាពដោយ៖ សហការី