ភ្នំពេញ៖ លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel J. Kritenbrink លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានធ្វើការអបអរការបញ្ជូនវត្ថុបុរាណដែលត្រូវបានលួចចេញចំនួន ២៧ដុំ ត្រឡប់មកកម្ពុជាវិញ នៅក្នុងពិធីមួយនៅសារមន្ទីរជាតិកម្ពុជានាថ្ងៃនេះ។
លោកឧបការីរដ្ឋមន្រ្តី Kritenbrink បានថ្លែងសង្កត់ធ្ងន់ពីអនុស្សារណយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយសម្របសម្រួលការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណមិនអាចកាត់ថ្លៃបានចំនួនជាង ១០០ដុំ កសាងសមត្ថភាពរបស់ប្រជាជនកម្ពុជាដែលធ្វើការងារអភិរក្សបេតិកភណ្ឌវប្បធម៌។
លោក Kritenbrink ថែមទាំងបានសរសើរដល់ការខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន ២៧ដុំនេះ។
លោក Kritenbrink បានមានប្រសាសន៍ថា៖ «ពិធីនៅថ្ងៃនេះគឺជាការបង្ហាញឱ្យយឃើញពីទំនាក់ទំនងរឹងមាំ រវាងសហរដ្ឋ អាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ គម្រោងគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ដូចជាមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ស្តែងឱ្យឃើញនូវការគាំទ្រយូរអង្វែងរបស់យើង ចំពោះការជួសជុលទីតាំងប្រវត្តិសាស្រ្ត ដែលមានសារសំខាន់ផ្នែកវប្បធម៌សម្រាប់ប្រទេសកម្ពុជា»។
នៅក្នុងពិធីនោះ លោកឯកអគ្គរដ្ឋទូត Murphy បានប្រកាសពីអំណោយថវិកាថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលមានទឹកប្រាក់ចំនួន ៣៦០,៨០០ដុល្លារ សម្រាប់ជួសជុលប្រាសាទព្រះវិហារ។ នេះជាអំណោយបន្ថែមលើថវិកាចំនួន ៤០៦,០០០ដុល្លារ ដែលត្រូវបានផ្តល់រួចហើយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់អភិរក្សប្រាសាទប្រវត្តិសាស្រ្តនេះ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួន ចំពោះការខិតខំក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងចំពោះការខិតខំរួមគ្នារបស់យើង ក្នុងការបញ្ជូនត្រឡប់មកប្រទេស កម្ពុជាវិញ នូវវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបានពីសហរដ្ឋអាមេរិក»។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានថ្លែងបិទពិធីនោះ ដោយមានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណដោយស្មោះ ចំពោះការរួមចំណែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងពេលវេលា ទាំងធនធាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌។ យើងរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការ នៅក្នុងការស៊ើបអង្កេត និងការខិតខំរបស់យើង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មានគ្នា ហើយនិងជំនាញ ក្នុងពេលដែលយើងរកឃើញវិញ នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិយើង»។
សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីឆ្នាំ២០០១ មក សម្រាប់ការងារអភិរក្សវប្បធម៌ ដែលក្នុងនោះរួមមានជាង ៣,៥លានដុល្លារសម្រាប់អភិរក្ សនិងជួសជុលប្រាសាទភ្នំបាក់ខែង នៅខេត្តសៀមរាប និងសម្រាប់ជួយដល់សារមន្ទីរទួលស្លែង៕
រូបភាពដោយ៖ ហ្វេសបុសផេក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: