ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា គឺលោក W. Patrick Murphy និងបុគ្គលិករបស់ស្ថានទូតបានស្វាគមន៍ភ្ញៀវចំនួនជាង ៤០០នាក់ នៅសណ្ឋាគារ Hyatt Regency នៅថ្ងៃទី៣០ ខែមិថុនា ដើម្បីអបអរខួបលើកទី២៤៦ នៃទិវាឯករាជ្យរបស់សហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត Murphy ផ្តោតលើគោលការណ៍ដើម ហើយនិងប្រពៃណីប្រជាធិបតេយ្យរបស់ប្រទេសអាមេរិក ដែលត្រូវបានចែងនៅក្នុងសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយនិងទំនាក់ទំនងដ៏យូរលង់របស់សហរដ្ឋអាមេរិក ជាមួយប្រជាជនកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «នៅរាល់ថ្ងៃទី៤ ខែកក្កដា ប្រជាជនអាមេរិកធ្វើការអបអរក្នុងនាមជាប្រជាជាតិមួយ គុណតម្លៃប្រជាធិបតេយ្យរបស់យើង និងឧត្តមគតិដែលយើងសង្ឃឹមថានឹងបំពេញបាន។ យើងចង់មានការសប្បាយផងដែរនៅថ្ងៃឈប់សម្រាកនេះ ហើយនៅក្នុងស្មារតីនេះ ការប្រារព្ធទិវាឯករាជ្យរបស់យើងគឺជាការជួបជុំគ្នានៃមិត្តភក្តិ និងដៃគូរបស់យើង»។
លោកជំទាវ បណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏បានចូលរួមផងដែរ ហើយលោកជំទាវបានថ្លែងសុន្ទរកថាតាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា។ ដោយគូសបញ្ជាក់ពីរយៈពេល ៧២ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា លោកជំទាវបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជារីករាយនឹងធ្វើការជិតស្និទ្ធថែមទៀត ជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកវិធីថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនង និងកិច្ចសហការគ្នាជាដៃគូកាន់តែមានភាពរស់រវើកថែមទៀត ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនយើងទាំងពីរ»។
កន្លងមកនេះ សហរដ្ឋអាមេរិកគឺជាដៃគូអភិវឌ្ឍន៍រឹងមាំ និងខ្ជាប់ខ្ជួនរបស់ប្រទេសកម្ពុជា ដោយបានផ្តល់ជំនួយចំនួនជាង ៣ ពាន់លានដុល្លា ក្នុងរយៈពេល ៣០មកនេះ។ សហរដ្ឋអាមេរិកថែមទាំងជាទីផ្សារនាំចេញធំជាងគេបំផុតតែមួយគាត់របស់ប្រទេសកម្ពុជា រហូតមកដល់ពេលនេះ។
សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប៉ងប្រាថ្នារបស់គេដែលចង់ឱ្យប្រទេសរបស់គេមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យជាបន្ថែមទៀត ដែលក្នុងនោះសម្លេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព។
ខ្លឹមសារនៃការអបអរទិវា ៤ កក្កដា របស់ស្ថានទូតសហរដ្ឋអាមេរិក គឺចម្រៀង និងតន្រ្តីអាមេរិក ដែលមានមកតាំងពីការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ។ ភ្ញៀវបានស្តាប់ចម្រៀងល្បីៗ របស់អាមេរិក ដែលមានតាមបែបសម័យ និងបែបប្រពៃណី និងមានចង្វាក់ដូចជា hip hop blues rock n’ roll និង R&B។ ស្ថានទូតថែមទាំងរម្លឹកពីកេរ្តិ៍ដំណែលដ៏គួរឱ្យយចាប់ចិត្តផ្នែកតន្រ្តី និងចម្រៀងដែលរួមមានបទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។
ពិធីអបអរទិវាឯករាជ្យនេះថែមទាំងមានការប្រគំតន្រ្តីរបស់ក្រុមតន្រ្តី Khmer Magic Music Bus និងក្រុមតន្រ្តី Hard Rock Band ហើយនិងការច្រៀងចម្រៀងជាតិដ៏គួរឲ្យចាប់អារម្មណ៍ នៃប្រទេសទាំងពីរ ដោយ Adda Angel ដែលជាអ្នកចម្រៀង អ្នកនិពន្ធបទចម្រៀង៕
រូបថតដោយ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ