កម្ពុជាការផ្តល់អាទិភាពលើសុវត្ថិភាពស្បៀងអាហារនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ស្បៀងចាប់ពីកសិដ្ឋានរហូតដល់តុអាហារ

នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដូចគ្នានឹងមេរោគអេដស៍ ឬជំងឺគ្រុនចាញ់ដែរ ជំងឺបណ្តាលមកពីអាហារ គឺជាបញ្ហាប្រឈមសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរមួយរបស់ពិភពលោក។ ជំងឺជាង ២០០ប្រភេទផ្សេងគ្នា មានទំនាក់ទំនងផ្ទាល់ជាមួយការបរិភោគចំណីអាហារដែលមានផ្ទុកបាក់តេរី វីរុស ប៉ារ៉ាស៊ីត និងសារធាតុគីមីជាដើម។

ទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថាជំងឺបណ្តាលមកពីអាហារបង្កឱ្យមានមនុស្សស្លាប់ប្រមាណ ៤២,០០០ នាក់នៅលើសាកលលោកក្នុងមួយឆ្នាំៗ ជាពិសេសកុមារដែលមានអាយុក្រោម ៥ឆ្នាំ និងប្រជាជនដែលមាន​ប្រាក់​ចំណូល​ទាប។ តំបន់​អាហ្រ្វិក និង​អាស៊ី​អាគ្នេយ៍​មាន​ឧប្បត្តិហេតុ​ និង​​អត្រា​ស្លាប់​ខ្ពស់​ជាង​គេ។ កត្តានេះឆ្លុះបញ្ចាំងអំពីតម្រូវការបន្ទាន់ក្នុងការធានាឱ្យបាននូវសុវត្ថិភាពស្បៀងអាហារ។

ជំងឺបណ្តាលមកពីអាហារ អាចបង្កឱ្យមានរោគសញ្ញារយៈពេលខ្លីដូចជា ក្អួតចង្អោរ និងរាក (ជាទូទៅហៅថាការពុលអាហារ) ប៉ុន្តែវា ក៏អាចបណ្តាលឱ្យមានជំងឺរយៈពេលវែងដូចជាជំងឺមហារីក ជំងឺតម្រង​នោម បញ្ហាថ្លើម ជំងឺខួរក្បាល និងជំងឺសរសៃប្រសាទ។ ជំងឺទាំងនេះ អាចមានសភាពធ្ងន់ធ្ងរចំពោះកុមារ ស្ត្រីមាន​ផ្ទៃពោះ និងមនុស្សវ័យចំណាស់ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ។ កុមារដែលធ្លាប់ឆ្លងកាត់ជំងឺ​បណ្តាលមកពីអាហារ អាចទទួលរងផលវិបាកធ្ងន់ធ្ងរដូចជា ការពន្យាការអភិវឌ្ឍ រាងកាយ និងខួរក្បាល ដែលកត្តា​នេះ​នឹង​ប៉ះពាល់​ដល់គុណភាពជីវិតរបស់ពួកគេជាអចិន្ត្រៃយ៍។

នៅឆ្នាំនេះ ប្រទេសកម្ពុជាប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២  ដែលរៀបចំដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO)  និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) សហការជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ឯកឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (CARD) និងមានការចូលរួមដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធដទៃទៀត។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមការឧបត្ថម្ភដោយ​សហភាព​អឺរ៉ុប (EU) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ ការប្រារព្ធ​ទិវា​នេះធ្វើឡើងក្នុងគោល​បំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាសុវត្ថិភាពស្បៀងអាហារ និងដើម្បីបង្កើនការ​ទទួល​ស្គាល់សារៈសំខាន់សុវត្ថិភាពស្បៀងអាហារ សំដៅធានាការការពារ ដល់​អ្នកបរិភោគ​ និងការអភិវឌ្ឍវិស័យឧស្សាហកម្មចំណីអាហារនៅក្នុងប្រទេសកម្ពុជា។

ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកនៅកម្ពុជាបានរំលេចឱ្យឃើញនូវភាពចំបាច់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបានថាអាហារមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ និងបញ្ជ្រាប សុវត្ថិភាពស្បៀង​អាហារទៅក្នុងរបៀបវារៈ​សា​ធារណៈ សំដៅកាត់បន្ថយជំងឺបង្កឡើងដោយចំណីអាហារ និងជួយដល់ការអភិវឌ្ឍឧស្សាហកម្មចំណីអាហារនៅ​កម្ពុជា។ ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកនេះ មានអ្នកចូលរួមប្រហែល ២៥០នាក់មកពី​គ្រប់​ដំ​ណាក់​​កាល​នៃខ្សែច្រវាក់ស្បៀងអាហារ រួមមានអ្នកបង្កើតគោលនយោបាយ មន្ត្រីបច្ចេកទេស តំណាងមកពីវិស័យឯកជន អ្នកលក់រាយ កសិករ សាស្រ្តាចារ្យ និស្សិតសាកលវិទ្យាល័យ និងប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

អាហារដែលមានសុវត្ថិភាពមានសារៈសំខាន់ណាស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្សម្នាក់ៗ ហើយក៏ជាផ្នែកមួយនៃការធានាដ៏សំខាន់បំផុតក្នុងការធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ ប្រធានបទនៃទិវាសុវត្ថិភាពស្បៀងអាហារនៅឆ្នាំនេះគឺ «អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» ដែលផ្តោតលើតួនាទីនៃអាហារសុវត្ថិភាពក្នុងការធានានូវសុខភាព និងសុខមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន។

កញ្ញា Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជាបានបញ្ជាក់ថា៖ «បើអាហារគ្មានសុវត្ថិភាពទេ នោះមិនមែនជាអាហារឡើយ។»

គាត់បានលើកឡើងទៀតថា៖ «យើងត្រូវការកិច្ចខិតខំប្រឹងប្រែងរួមមួយ ការប្តេជ្ញាចិត្ត និងការ​វិនិ​យោគ​ដើម្បីធ្វើឱ្យអាហារមានសុវត្ថិភាព និងជារបបអាហារសុខភាព មានតម្លៃសម្យរម្យ ដែលគ្រប់ៗ គ្នាអាចទទួល​បាន​សម្រាប់បរិភោគ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ យើងត្រូវរួមគ្នាធ្វើឱ្យប្រព័ន្ធស្បៀងអាហារកាន់​តែមាន​ប្រសិទ្ធ​ភាព មានភាពធន់ និងនិរន្តរភាពនៅគ្រប់ដំណាក់កាលទាំងអស់នៃខ្សែច្រវ៉ាក់ស្បៀងអាហារ គឺចាប់ពីការផលិត និងការកែច្នៃ រហូតដល់ទីផ្សារ ការដឹក​ជញ្ជូន និងការចែកចាយ និងកន្លែងបរិភោគ។ ស្របពេលជាមួយគ្នានេះដែរ យើងទាំងអស់គ្នាគួរកែប្រែរបៀប​ដែលយើងទទួល​ទាន​អាហារ និងជ្រើសរើសអាហារដែលធ្វើ​​ឱ្យយើងមានសុខភាពល្អជាងមុន ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង និងភពផែនដី​របស់​យើងផងដែរ។»

លោកស្រីវេជ្ជបណ្ឌិត Asheena Khalakdina ប្រធានក្រុមកម្មវិធីគ្រោះអាសន្នសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាបានលើកឡើងថា៖ «សុវត្ថិភាពចំណីអាហារ គឺជាការទទួលខុសត្រូវរួមគ្នា។ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងជាសកល ពីជំងឺបង្កឡើងដោយចំណីអាហារ រដ្ឋាភិបាល ឧស្សាហកម្មម្ហូបអាហារ និងបុគ្គលគ្រប់រូប ត្រូវ​ធ្វើ​ការ​ងារបន្ថែមទៀតដើម្បីធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព និងទប់ស្កាត់ការចម្លងរោគ។ កម្ពុជានៅតែមាន​តម្រូវ​ការចាំបាច់ចំពោះការអប់រំ និងការបណ្តុះបណ្តាលស្តីពីការការពារជំងឺបង្កឡើងដោយចំណីអាហារ ក្នុង​ចំណោម​​អ្នកផលិតម្ហូបអាហារ អ្នកផ្គត់ផ្គង់ អ្នករៀបចំទុកដាក់ និងសាធារណៈជនទូទៅ»។

តំណាងអង្គការសុខភាពពិភពលោករូបនេះបានបន្តទៀតថា៖ «យើងទាំងអស់គ្នាបានឆ្លងកាត់ការផ្លាស់ប្តូររបៀបរបបរៀបចំអាហារ​ ឬការទទួលទានអាហារ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ហើយរបៀបរបបមួយចំនួន អាចមាន​ឥទ្ធិព​ល​យូរអង្វែង​ជាងរបៀបរបបមួយផ្សេងទៀត។​ អង្គការសុខភាពពិភពលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ក្នុងគោលដៅនាំយកមកនូវចំណេះដឹងបច្ចេកទេសពីពិភពលោក ទាំង​ផ្នែក​វិទ្យាសាស្ត្រ ធុរកិច្ច និងសង្គម ដើម្បីលើកកម្ពស់ស្បៀងអាហារប្រកបដោយសុវត្ថិភាព សុខភាពល្អ និងនិរន្តរភាព​សម្រាប់មនុស្សទាំងអស់គ្នា»។

សុវត្ថិភាពស្បៀងអាហារ ជាបញ្ហាប្រឈមដ៏ស្មុគស្មាញមួយនៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ​ប្រឹង​ប្រែង និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពស្បៀងអាហារ។ ការប្រកាសដាក់ឱ្យប្រើច្បាប់ស្តី​ពីសុវត្ថិភាព​ម្ហូប​អាហារ​ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺជាជំហានដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពស្បៀងអាហារ។ ច្បាប់នេះ​កំណត់​ក្របខ័ណ្ឌ និងយន្តការសម្រាប់ការគ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់​នៃម្ហូបអាហារនៅក្នុងគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារសុខភាព និង​សុវត្ថិភាព​ស្បៀងអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។

ថ្លែងក្នុងពិធីបើកទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ​បានប្រាប់ឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ចេញយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រមទាំងរៀបចំផែនការសកម្មភាព និងយុទ្ឋសាស្ត្រតាមវិស័យនានា ក្នុងគោលបំណងធ្វើការអន្តរាគមន៍ ដើម្បីបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព សំដៅលើកកម្ពស់មូលធនមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច»។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា៖ «សន្តិសុខស្បៀង សុវត្ថិភាព​ស្បៀងអាហារ​ និងប្រព័ន្ធស្បៀង អាហារ គឺជាបញ្ហាពហុវិស័យតម្រូវឲ្យមានកិច្ចសហការល្អ ការសម្របសម្រួល ​ការអន្ត​រាគមន៍ និងការ​វិនិយោគនៅក្នុងវិស័យ​កសិកម្ម សុខាភិបាល អប់រំ ទឹកស្អាតនិងអនាម័យ គ្រប់គ្រងធនធានទឹក គាំពារសង្គម និងវិស័យពាក់ព័ន្ធនានា។»

ឯកឧត្តមបានបន្តទៀតថា៖ «ការសហការពីគ្រប់ភាគីពាក់ព័ន្ធ ទាំង​​ស្ថាប័នរដ្ឋ ដៃគូ​អភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ​សហគមន៍ យុវជន និងអ្នកសារព័ត៌មាន ដើម្បី​អនុវត្ត​គោលនយោ​បាយ​ និង​យុទ្ធសាស្រ្តតាមវិស័យ និងពហុវិស័យ​ខាងលើ គឺជា​កត្តាចាំបាច់ដើម្បីដោះស្រាយ​ភាព​ស្មុគស្មា​ញ​​​នៃ​ឫស​គល់​បញ្ហា​​អាហារូបត្ថម្ភគ្រប់ទម្រង់ បញ្ហាសន្តិសុខស្បៀងអាហារ និងបញ្ហាសុវត្ថិភាពស្បៀងអាហារ។»

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានក៏បានលើកឡើងដែរថា៖ «សុវត្ថិភាពស្បៀងអាហារ គឺជាគន្លឹះដើម្បីធានាបាននូវប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព ហើយកិច្ចការនេះ គឺជាការងារអាទិភាព ក្នុងកិច្ចព្រមព្រៀងបៃតងអឺរ៉ុប និងយុទ្ធសាស្រ្តពីកសិដ្ឋានរហូតដល់តុអាហារ។ សហភាពអឺរ៉ុបប្តេជ្ញាយ៉ាងមុតមាំធ្វើការជាមួយប្រទេសជាដៃគូក្នុងកិចុ្ចខិតខំប្រឹងប្រែងនេះ មិនសម្រាប់តែការអភិវឌ្ឍន៍មូលធនមនុស្សប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទស្សនវិស័យនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលសុវត្ថិភាពស្បៀងអាហារអាចជួយប្រទេសនានា ដូចជាកម្ពុជាដើម្បីបើកឱកាសពាណិជ្ជកម្មកាន់តែច្រើននៅក្នុងទីផ្សារតំបន់ និងពិភពលោក»។

កញ្ញា Rebekah Bell បានបន្ថែមទៀតថា៖ «អង្គការ FAO បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីចូលរួមលើកកម្ពស់ការអនុវត្តច្បាប់​ស្តី​ពីសុវត្ថិភាព​ម្ហូប​អាហារដែល​បានអនុម័ត ដោយគាំទ្រដល់ការរៀបចំបទប្បញ្ញត្តិចាំបាច់ កិច្ចពិភាក្សាគោល​នយោបាយ​ស្តីពី​សុវត្ថិភាព​ស្បៀងអាហារ ជាពិសេសការរៀបចំធ្វើការវិភាគអំពីប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារនៅកម្ពុជាដែលកំពុងតែកើតឡើងផងដែរ។ ការវិភាគអំពីប្រព័ន្ធ​ត្រួតពិនិត្យ​ស្បៀងមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនេះ​ជាការប្រមូលភស្តុតាង ការវិភាគ​លម្អិតលើ​ភស្តុតាង​ទំាងនោះ ដើម្បីរៀបចំអនុសាសន៍ជាក់លាក់ និងអាចអនុវត្តបាន ដោយភាគី​ពាក់​ព័ន្ធ​នៅក្នុងប្រព័ន្ធស្បៀងអាហារ សំដៅរួមគ្នាដោះស្រាយបញ្ហាសុវត្ថិភាពស្បៀងអាហារប្រកបដោយប្រសិទ្ធភាព។»

រូបថតដោយ៖ សហការី