ប្រវត្តិខ្លះៗ ពីលោកស្រី Helen Keller សហស្ថាបនិករបស់អង្គការ Helen Keller International

អ្នកស្រី Helen Keller កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៨៨០ លោកស្រី គឺជានិមិត្តរូបនៃការតស៊ូព្យាយាមដោយបញ្ញាមិនចេះរីងស្ងួត លោកស្រីពិការភ្នែកទាំងពីរ ថ្លង់ និងគ តាំងពីគាត់មានអាយុ១៩ខែ។ ជំងឺទាំងនេះមិនធ្វើឱ្យលោកស្រីអស់សង្ឃឹមនៅក្នុងឆាកជីវិតឡើយ។ ការតស៊ូព្យាយាមគ្មានព្រំដែនធ្វើឱ្យលោកស្រីក្លាយជាវីរៈនារីដ៏អស្ចារ្យម្នាក់លើលោក។ នៅអាយុ២៤ឆ្នាំ គឺអំឡុងឆ្នាំ១៩០៤ លោកស្រីបានក្លាយជាមនុស្សពិការភ្នែក និងថ្លង់លើកដំបូងលើលោកទទួលបានសញ្ញាបត្របរិញ្ញាផ្នែកសិល្បៈ។

លោកស្រីគឺជាវាគ្មិន និងជាអ្នកនិពន្ធដ៏ល្បីល្បាញ ជាសកម្មជននយោបាយប៉ិនប្រសប់ និងជាសាស្ត្រាចារ្យស្រ្តីដ៏វាងវៃម្នាក់។ លើសពីនេះ លោកស្រីបានកាន់មុខតំណែងកិត្តិយសជាច្រើន ទទួលពានរង្វាន់ និងមេដាយជាច្រើនទៀតពីប្រធានាធិបតីសហរដ្ឋអាមេរិក។

លោកស្រី Helen Keller បានបន្សល់ទុកស្នាដៃ និងកេរ្តិ៍ដំណែលជាច្រើនសម្រាប់ពិភពលោក។ លោកស្រីបានក្លាយជាជាស្ថាបនិកមានចក្ខុវិស័យវែងឆ្ងាយដែលបានបង្កើតអង្គការ Helen Keller International ក្នុងឆ្នាំ១៩១៥ ដែលប្រវត្តិសាស្រ្តចាត់ទុកជាអង្គការចំណាស់ជាងគេបំផុតនៅសហរដ្ឋអាមេរិក។

លោកស្រីក៏ គឺជាសហស្ថាបនិកក្នុងការបង្កើតសហជីពស៊ីវិលដើម្បីសេរីភាពនៅសហរដ្ឋអាមេរិកនាឆ្នាំ១៩២០ ដែលបច្ចុប្បន្នមានសមាជិកជាង២លាននាក់ និងថវិកាប្រចាំឆ្នាំជាង ៣០០លានដុល្លារ។ លោកស្រីបាននិពន្ធសៀវភៅចំនួន ១២ក្បាលមានតម្លៃមហាសាលដែលសៀវភៅទាំងនេះមានដូចជា៖ ជីវិត គំនិត ក្ដីសង្ឃឹម ពន្លឺរស្មីក្នុងភាពងងឹតរបស់ខ្ញុំ​ និងសង្គ្រាមលោកលើកទី១ដែលខ្ញុំបានឆ្លងកាត់។ សៀវភៅ តើខ្ញុំអាចជួយពិភពលោកបានដោយរបៀបណា រឿងរ៉ាវពិតនៃជីវិតរបស់ខ្ញុំ ឥទ្ធិពលនៃសុទិដ្ឋិនិយម និងរឿងស្តេចព្រិលស ជាដើម។ ក្រៅពីនេះ លោកស្រីក៏បានសរសេរអត្ថបទជាច្រើនដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី និងឯកសារផ្សេងៗជាច្រើនទៀត។

លោកស្រី Helen Keller បានធ្វើដំណើរទៅកាន់ប្រទេសជាង ៤០នៅក្នុងពិភពលោកនេះក្នុងគោលបំណងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់មនុស្សគថ្លង់និងពិការភ្នែក។ លោកស្រីបានជួប និងសម្តែងសវនាការជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកទាំងអស់ចាប់ពីលោកប្រធានាធិបតីទី២៤ Grover Cleveland ដល់លោកប្រធានាធិបតីទី៣៦ Lyndon B. Johnson។

លោកស្រី Helen Keller ត្រូវបានជ្រើសរើសជាស្រ្តីមានស្នាដៃឆ្នើមលើការផ្លាស់ប្តូរទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងវប្បធម៌ នៅក្នុងកម្មវិធីបុណ្យពិភពលោកមួយនាទីក្រុងញូយកសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៦៥។ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៦៤ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Lyndon B. Johnson បានប្រគល់ «មេដាយសេរីភាពប្រធានាធិបតី» ដែលជាមេដាយកិត្តិយសស៊ីវិលថ្នាក់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកជូនដល់លោកស្រី Helen Keller។

លោកស្រី Helen Keller បានទទួលមរណភាពនៅក្នុងដំណេកដោយសន្តិភាពនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៦៨ នៅឯភូមិគ្រឹះរបស់គាត់នៅរដ្ឋ Connecticut ប៉ុន្មានសប្តាហ៍មុនខួបកំណើតទី ៨៨ឆ្នាំរបស់គាត់។ ដើម្បីជាកិត្តិយសដល់លោកស្រី Helen Keller ពិធីបុណ្យកាន់មរណៈទុក្ខ និងការគោរពវិញ្ញាណខ័ន្ដលោកស្រីត្រូវបានធ្វើឡើងនៅឯព្រះវិហារជាតិក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីដែលជាកន្លែងគោរពវិញ្ញាណខ័ន្ដប្រធានាធិបតីសហរដ្ឋអាមេរិកគ្រប់ៗរូបដែលបានស្លាប់ទៅ។ សាកសពរបស់លោកស្រី Helen Keller ត្រូវបានគេបូជាហើយធាតុរបស់គាត់ត្រូវបានគេបញ្ចុះនៅវិហារជាតិវ៉ាស៊ីនតុននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីជាមួយវីរបុរសផ្សេងទៀត។

ឆ្នាំ២០០៣ រដ្ឋអាឡាបាម៉ាបានផ្តល់កិត្តិយសដល់លោកស្រី Helen Keller ដោយផលិតជាកាក់ចាយសហរដ្ឋអាមេរិកមានតម្លៃ ២៥សេនក្នុងមួយកាក់ ដែលមានរូបថតរបស់លោកស្រី Helen Keller។ មន្ទីរពេទ្យ Helen Keller នៅរដ្ឋ Alabama ត្រូវបានបង្កើតឡើងដើម្បីឧទ្ទិសដល់លោកស្រី។ ផ្លូវនៅក្នុងប្រទេសមួយចំនួនបានដាក់ឈ្មោះលោកស្រី Helen Keller ដូចជានៅក្នុងប្រទេសស្វ៊ីស អាមេរិក ហ្គេអេហ្វ អេស្បាញ អ៊ីស្រាអែល បោនព័រទុយហ្កាល់ និងប្រទេសបារាំង។ ត្រាប្រៃសណីយ៍ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ សម្រាប់សេវាប្រៃសណីយ៍សហរដ្ឋអាមេរិកដែលមានរូបរបស់លោកស្រី Helen Keller និងសាស្រ្តាចារ្យរបស់គាត់គឺលោកស្រី Sullivan ដើម្បីប្រារព្ធខួបកំណើតលើកទី១០០ឆ្នាំ របស់លោកស្រី Helen Keller ។

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៩ រូបសំណាកលោកស្រី Helen Keller ធ្វើពីលង្ហិនត្រូវបង្កើតឡើង និងបញ្ចូលទៅក្នុងសាលប្រជុំវិមានជាតិសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ នៅឆ្នាំ១៩៩៩ លោកស្រី Helen Keller ត្រូវបានចុះក្នុងបញ្ជីវីរៈស្ត្រីដែលគួរឱ្យគោរពកោតសរសើរបំផុតក្នុងសតវត្សទី២០ ដោយវិទ្យាស្ថានទស្សនៈសាធារណៈអាមេរិកាំង។ សាលាមត្តេយ្យសម្រាប់មនុស្សគថ្លង់ប្រទេសឥណ្ឌាត្រូវបានគេដាក់ឈ្មោះលោកស្រី Helen Keller ដើម្បីផ្តល់កិត្តិយសដល់លោកស្រី។ ជីវិតរបស់លោកស្រីត្រូវបានតាក់តែងបង្កើតជាខ្សែភាពយន្តជាច្រើនដូចជារឿង បុគ្គលអស្ចារ្យ ការលំបាកនិងជ័យជំនះ និងបង្កើតព្យុះ ជាដើម៕

រូបភាពដោយ៖ អង្គការ ហេទ្បែន ខេលល័រ កម្ពុជា