សិក្ខាសាលាស្តីពីការវិភាគប្រកបដោយគុណភាពនៃប្រព័ន្ធគ្រប់គ្រងចំណីអាហារនៅកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ អង្គការ FAO តាមរយៈគម្រោង FIRST ដែលបានសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្មនិងជនបទ រៀបចំសិក្ខាសាលាស្តីពីការវិភាគប្រកបដោយគុណភាពនៃប្រព័ន្ធគ្រប់គ្រងចំណីអាហារនៅកម្ពុជា។ គោលបំណងធ្វើការវិភាគប្រកបដោយគុណភាពលើប្រព័ន្ធ​ត្រួតពិនិត្យ​​ស្បៀងអាហារនៅក្នុងប្រទេសកម្ពុជាដោយប្រើប្រាស់ឧបករណ៍វាយតម្លៃ និងវិធីសាស្ត្ររបស់អង្គការ FAO និង WHO តាមរយៈការពិគ្រោះយោបល់ជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធ ដោយផ្តោតជាពិសេសទៅលើគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិ និងហេដ្ឋារចនាសម្ព័ន្ឋដែលទាក់ទងនឹងប្រព័ន្ធ​ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពស្បៀងអាហារ ដូចជាមន្ទីរពិសោធន៍ ការចុះពិនិត្យផ្ទាល់នៅតាមទីផ្សារ កន្លែងផលិតឬនៅតាមច្រកព្រំដែនជាដើម។

បន្ទាប់មកធ្វើការចងក្រង និងវិភាគតាមបែបវិទ្យាសាស្ត្រលើព័ត៌មានដែលប្រមូលបានដើម្បីកំណត់ប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារនៅកម្ពុជាដំណើរការ ការដាក់ចេញអាទិភាពឆ្លើយតប ផ្តល់អនុសាសន៍ដើម្បីធ្វើការអន្តរាគមន៍ទៅលើគោលនយោបាយជាយុទ្ធសាស្ត្រ ព្រមទាំងគៀរគរកជំនួយបច្ចេកទេស និងការវិនិយោគបន្ថែម ដើម្បីធ្វើឱ្យប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារនៅកម្ពុជាកាន់តែប្រសើរឡើង ដើម្បីលើកកម្ពស់សុខភាពសាធារណៈនិងជីវភាពរស់នៅរបស់ប្រជាជន។

សុវត្ថិភាពស្បៀងអាហារ គឺជាសសរស្តម្ភគ្រឹះមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយប្រព័ន្ធត្រួតពិនិត្យស្បៀងអាហាររបស់ជាតិ គឺជាកត្តាសំខាន់សម្រាប់សុខភាពសាធារណៈ និងជាកត្តាទាក់ទាញសម្រាប់ការធ្វើពាណិជ្ចកម្ម ទេសចរណ៌ និងអ្នកវិនិយោគពីក្រៅប្រទេស។ អាហារដែលមានសុវត្ថិភាព មានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្សយើង។

អាហារគ្មានសុវត្ថិភាពបង្កការគំរាមកំហែងដល់សុខភាពជាសាកល ដែលបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប។ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺជាអ្នកងាយរងគ្រោះដោយសារបញ្ហាសុវត្ថិភាពស្បៀងអាហារ។ ស្បៀងអាហារគ្មានសុវត្ថិភាព គឺជាមូលហេតុបណ្តាលឱ្យមានជំងឺជាច្រើន រួមមានជំងឺមិនឆ្លង និងជំងឺឆ្លង ព្រមទាំងបានបង្កើតវដ្តដ៏កាចសាហាវនៃបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់អ្នកដែលងាយរងគ្រោះបំផុត។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ធ្វើឱ្យសុវត្ថិភាពស្បៀងអាហារក្លាយជាអាទិភាពសុខភាពសាធារណៈ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយ ច្បាប់ និងក្របខ័ណ្ឌបទប្បញ្ញត្តិ ព្រមទាំងរៀបចំបង្កើត និងអនុវត្តប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពស្បៀងអាហារប្រកបដោយគុណភាពដើម្បីធានាបាននូវសុវត្ថិភាពស្បៀងអាហារសម្រាប់អ្នកទទួលទានទាំងអស់គ្នា។ អាហារក្នុងចានរបស់យើងមានឥទ្ធិពលខ្លាំងណាស់ចំពោះសុខភាពយើង។

គ្រប់គ្នាប្រាថ្នាចង់បានអាហារដែលមានគុណភាព និងសុវត្ថិភាពដើម្បីធានាបាននូវសុខភាពល្អ។ ប៉ុន្តែអាហារអាចក្លាយទៅជាវត្ថុកខ្វក់ ឬគ្មានសុវត្ថិភាពសម្រាប់ការបរិភោគ ដោយសារតែមានកាកសំណល់សារធាតុគីមីហួសកម្រិត មានវត្តមានពពួកអតិសុខុមប្រាណបង្កជំងឺ ដូចជាបាក់តេរី ប៉ារ៉ាស៊ីត និងភ្នាក់ងារបង្ករោគផ្សេងៗ ឬមានវត្តមានលោហៈ កញ្ចក់ ឬប្លាស្ទិក  ដែលអាចកើតមានឡើងនៅចំណុចណាមួយនៃការផលិត ការកែឆ្នៃ និងការចែកចាយ និងការរក្សាទុក។ នៅក្នុងប្រទេសកម្ពុជា ប្រជាជនទូទៅមានការព្រួយបារម្ភខ្លាំងពីសុវត្តិភាពម្ហូបអាហារ ហើយតែងតែពិភាក្សាពីបញ្ហាបន្លែនិងផ្លែឈើ ព្រមទាំងផលិតផលអាហារមួយចំនូនទៀត នៅលើទីផ្សារមានសារធាតុគីមី ឬពុំមានសុវត្ថិភាពដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។

សុវត្ថិភាពស្បៀងអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការផលិត និងការទទួលទានអាហារដែលមានសុវត្ថិភាព ផ្តល់អត្ថប្រយោជន៍ភ្លាមៗ និងក្នុងរយៈពេលវែងចំពោះមនុស្ស ភពផែនដី និងសេដ្ឋកិច្ច។ សុវត្ថិភាពស្បៀងអាហារមានការពាក់ពន្ធ័ដោយផ្ទាល់លើប្រព័ន្ធស្បៀង ប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារ គឺចាប់ពីដំណាក់កាលផលិតកម្ម ការកែច្នៃ ការចែកចាយ និងរក្សាទុក រហូតដល់ការរៀបចំ និងការបរិភោគអាហារ ពោលគឺចាប់ពីកន្លែងផលិតរហូតដល់កន្លែងបរិភោគ។

ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ ការពង្រឹងប្រព័ន្ធស្បៀងអាហារ ប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារ ដើម្បីសុវត្ថិភាពស្បៀងអាហារ និងរបបអាហារសុខភាព កាន់តែមានសារៈសំខាន់ ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រព័ន្ធស្បៀងអាហារកាន់តែរឹងមាំ ផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមានចីរភាពបរិស្ថាន ចីរភាពសង្គម និងចីរភាពសេដ្ឋកិច្ច សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព៕

រូបភាពដោយ៖ អង្គការ ហេទ្បែន ខេលល័រ កម្ពុជា