Home ខេមរភាសា រោងចក្រ KEME GARMENT និងរោងចក្រ JIA GARMENT ខេត្តកំពតប្រកាសដាក់ឱ្យប្រើប្រាស់បន្ទប់បំបៅដោះកូន

រោងចក្រ KEME GARMENT និងរោងចក្រ JIA GARMENT ខេត្តកំពតប្រកាសដាក់ឱ្យប្រើប្រាស់បន្ទប់បំបៅដោះកូន

ខេត្តកំពត៖ អង្គការ ហេទ្បែន ខេលល័រ និងគម្រោង MUSEFO នៃអង្គការ GIZ  សហការជាមួយសាលាខេត្តកំពត រោងចក្រ KEME GARMENT (CAMBODIA) និង JIA GARMENT បានរៀបចំ «ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន» មានលក្ខណៈស្តង់ដារ ជាលើកដំបូងនៅខេត្តកំពត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រោមអធិបតីយភាពលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ពិធីដ៏មានសារសំខាន់នេះ មានអ្នកចូលរួមសរុបចំនួនជាង១៦០នាក់ ដោយរោងចក្រទី២ មានកម្មករ កម្មការនីសរុបចំនួន ២,៧៤៨ នាក់។

នៅក្នុងឱកាសដ៏ពិសេសនេះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានក្រើនរំលឹកបងប្អូនកម្មករ កម្មការនី និងអង្គពិធីទាំងមូលគុណតម្លៃដ៏ល្អឥតខ្ចោះរបស់ទឹកដោះម្តាយចំពោះទារកនិងកុមារ។

លោកជំទាវវេជ្ជបណ្ឌិត៖ «ខ្ញុំសូមអំពាវនាវឱ្យបងប្អូនកម្មករ កម្មការនីយើងនៅទីនេះពិចារណាឱ្យបានដិតដល់លើគុណតម្លៃទឹកដោះម្តាយសម្រាប់កូនៗ របស់យើង ព្រោះខ្ញុំដឹងច្បាស់ថា បងប្អូនទាំងអស់ពិតជាចង់ឱ្យកូនៗ មានបញ្ញាឈ្លាសវៃ មានខួរក្បាលល្អ រៀនពូកែ មានសុខភាពល្អប្រសើរ គ្មានជំងឺ រាងកាយមាំមួនសង្ហា និងកូនៗ មានអនាគតបវររុងរឿង ហើយដែលគុណភាពទាំងអស់នេះអាចសម្រេចបានដោយគ្រាន់តែអនុវត្តការបំបៅដោះកូនឱ្យបានពេញលេញតែប៉ុណ្ណោះ»។

ចំពោះទិន្នន័យដែលបង្ហាញនូវការធ្លាក់ចុះអាត្រាការបំបៅដោះកូនក្នុងឆ្នាំ២០២២ នេះ លោកជំទាវវេជ្ជបណ្ឌិតបានបង្ហាញពីក្តីបារម្មណ៏ និងប្រាប់ពីកត្តាមួយចំនួនដែលបណ្តាលឲ្យមានការធ្លាកចុះនេះ។

លោកជំទាវវេជ្ជបណ្ឌិតបន្ថែមទៀតថារបាយការណ៍អង្កេតសុខភាព និងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០២២នេះ បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជាមាននិន្នាការបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងពីអត្រា ៦៥% នៅឆ្នាំ២០១៤  មកនៅត្រឹម ៥១% នៅឆ្នាំ ២០២២នេះ។ មិនទាន់មានការសិក្សាណាបញ្ជាក់ពីមូលហេតុក្នុងការធ្លាក់ចុះយ៉ាងគំហុកនៃអាត្រាការបំបៅដោះកូននេះនៅឡើយទេ ប៉ុនែ្តខ្ញុំគិតថាមានកត្តាជាច្រើនដែលរួមចំណែកដូចជា៖ ស្ត្រី ៧៦% ធ្វើការងារនៅក្នុងប្រពន្ធ័ ហើយពួកគាត់ភាគច្រើនបានបញ្ឈប់ការបំបៅដោះកូននៅពេលត្រឡប់មកធ្វើការងារវិញ។ បញ្ហាសំខាន់មួយទៀត គឺកង្វះខាតការគាំទ្រពីស្ថាប័ន និងពីនិយោជកនៅកន្លែងធ្វើការ គ្មានការលើកទឹកចិត្តពីសំណាក់សមាជិកគ្រួសារផ្ទាល់ដូចជាប្តី ម្ដាយ និងឪពុកខ្លួនឯង ម្ដាយ និងឪពុកក្មេក ជីដូន ជីតា និងមនុស្សជុំវិញខ្លួនដោយគិតថាការបំបៅកូនដោយទឹកដោះម្ដាយជាទំនួលខុសត្រូវផ្តាច់មុខរបស់ម្តាយតែម្នាក់ឯង ដែលនេះជាការគិតប្រកបដោយគ្រោះថ្នាក់មួយដែលធ្វើឱ្យស្រ្តីងាយនឹងបោះបង់ការបំបៅដោះកូន។

ការផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្ត ក៏ជាកត្តាសំខាន់ដែលធ្វើឱ្យមានការភាន់ច្រឡំយ៉ាងខ្លាំងក្នុងចំណោមមហាជន អំពីគុណតម្លៃដ៏ល្អឥតខ្ចោះរបស់ទឹកដោះម្តាយសម្រាប់ការចិញ្ចឹមទារក និងកុមារ និងយល់ខុសថាទឹកដោះគោម្សៅផ្សំតាមរូបមន្តជាអាហារទំនើបទាន់សម័យសម្រាប់ទារក។ កង្វះខាតចំណេះដឹងអំពីការបំបៅកូនដោយទឹកដោះម្តាយ មិនយល់ស៊ីជម្រៅពីសារសំខាន់នៃទឹកដោះម្តាយសម្រាប់ការអភិវឌ្ឍរាងកាយ សតិបញ្ញា ស្មារតី ការសិក្សារៀនសូត្ររបស់ទារក និងកុមារក៏ជាកត្តាមួយធ្វើឱ្យម្តាយផ្ទាល់ និងក្រុមគ្រួសារឆាប់បោះបង់ការបំបៅកូនដោយទឹកដោះម្តាយផងដែរ។

ការមិនយល់ស៊ីជម្រៅពីហានិភ័យផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្តចំពោះកុមារដូចជា ជំងឺរាក ជំងឺសួត ជំងឺហឺត  ពិន្ទុភាពឆ្លាតវៃចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់ និងធាត់ជ្រុលជាដើម ក៏បណ្តាលឱ្យម្តាយ និងក្រុមគ្រួសារបោះបង់ការបំបៅដោះកូន ហើយជ្រើសរើសយកការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្តជំនួសវិញ។ ការមិនផ្លាស់ប្តូរទម្លាប់ និងឥរិយាបថ ក្នុងការចិញ្ចឹមទារក និងកុមារ គឺបន្តការអនុវត្តន៍តាមទម្លាប់ និងប្រពៃណី ដូចជាការច្របាច់ទឹកដោះដំបូងចោល ការផ្តល់ទឹក និងអាហារផ្សេងៗ ទៀតដល់ទារកទើបនឹងកើតក៏ជាបញ្ហារួមចំណែកទាញទម្លាក់អត្រាការបំបៅដោះកូនដែរ។ កត្តាការងារ និងការធ្វើចំណាកស្រុកក៏ជាបញ្ហាធំមួយរួមចំណែកធ្វើឱ្យមានការធ្លាក់ចុះនេះផងដែរ។

លោក ហ៊ូ ក្រើន នាយករង អង្គការ ហេទ្បែន ខេលល័រ ក៏បានលើកឡើងដែរថា៖ «ការសិក្សាស្រាវជ្រាវនៅប្រទេសផ្សេងនាពេលកន្លងមកបានរកឃើញថាគម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការមានផលចំណេញច្រើនសម្រាប់និយោជិត និងនិយោជករួមមាន ការកាត់បន្ថយថ្លៃថែទាំសុខភាពសម្រាប់ម្តាយនិងកូន កាត់បន្ថយការអវត្តមានបុគ្គលិក បង្កើនផលិតភាពការងារ ធ្វើឱ្យបរិយាកាសនៅកន្លែងធ្វើការមានលក្ខណៈល្អប្រសើរ បុគ្គលិកស្រ្តីដែលបន្តការងាររយ:ពេលយូរមានអត្រាខ្ពស់ កម្មករមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារ និងមានការកាត់បន្ថយការចំណាយលើការជ្រើសរើស និងការបណ្តុះបណ្តាលនិយោជក»។

លោកបន្ថែមថា៖ «ការសិក្សាស្រាវជ្រាវក៏បានរកឃើញថាគម្រោងដូចនេះក៏បានផ្តល់ជាវេទិកាមួយដល់ស្ត្រីដើម្បីពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជាការអប់រំអាហារូបត្ថម្ភ និងអនាម័យ ការអប់រំការចិញ្ចឹមទារក និងកុមារ ការប្រឹក្សាលើរបបអាហារ និងសុខភាពរបស់ស្រ្តី និងច្បាប់ការងារ។ ចំពោះគម្រោងសាកល្បងនៅកម្ពុជា ខ្ញុំសង្ឃឹមថាមេរៀនល្អៗ នឹងត្រូវបានប្រើប្រាស់ក្នុងការពិចារណាការសម្រួលខ្លឹមសារខ្លះៗ លើរយ​ៈពេលលំហែមាតុភាព និងតម្រូវការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ ព្រមទាំងខ្លឹមសារលើប្រាក់បៀវត្សដែលមានចែងក្នុងច្បាប់ការងារកម្ពុជា ពីព្រោះការសម្រួលខ្លឹមសារនេះពិតជានឹងផ្តល់ឱកាសដល់ស្រ្តីជាម្តាយអាចបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយ:ពេល៦ខែ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលផង និងស្របតាមការប្តេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជាផងហើយក៏ជាយុទ្ធសាស្ត្រឈ្នះ ឈ្នះសម្រាប់ទាំងនិយោជិតនិងនិយោជក»។

ចំណែកលោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ  បានលើកឡើងថា៖ «ឧបសគ្គមួយសម្រាប់ម្តាយ គឺពួកគេមានពេលសម្រាកលំហែមាតុភាពតែបីខែប៉ុណ្ណោះ ជាមួយនឹងការទូទាត់ត្រឹមតែ ៥0% នៃប្រាក់បៀវត្សរ៍របស់ពួកគេ ដែលធ្វើឱ្យមានបញ្ហាសេដ្ឋកិច្ចគ្រួសារពិបាកសម្រាប់ពួកគេទាំងក្នុងពេលលំហែមាតុភាព និងក្រោយសម្រាលកូនរួចដើម្បីធានាការបំបៅកូនដោយទឹកដោះម្តាយ និងបន្តការបំបៅកូនដោយទឹកដោះតែមួយមុខគត់រយ:ពេល៦ខែ។ បន្ទប់បំបៅដោះកូននៅកន្លែងធ្វើការអាចជួយឱ្យស្ត្រីបន្តការបំបៅកូនដោយទឹកដោះតែមួយមុខគត់រយ:ពេល៦ខែបន្ទាប់ពីត្រលប់ចូលមកធ្វើការវិញ និងបន្តបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំ និងលើសពីនេះ។ ការបំបៅកូនដោយទឹកដោះម្តាយ និងចំណងរវាងម្តាយ និងកូនមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងការលូតលាស់របស់កុមារនៅដំណាក់កាលដំបូងនៃជីវិតរបស់កុមារ។ អាហារូបត្ថម្ភរបស់ទារក និងកុមារ មិនត្រឹមតែជាទំនួលខុសត្រូវរបស់ម្តាយប៉ុណ្ណោះទេ ប៉ុន្តែជាទំនួលខុសត្រូវរបស់គ្រួសារទាំងមូល។ ស្ត្រីត្រូវការការលើកទឹកចិត្តពីប្តី គ្រួសារ អ្នកគ្រប់គ្រង បុគ្គលិក និងមិត្តរួមការងាររបស់ពួកគេ ដើម្បីធានានូវស្ថានភាពអាហារូបត្ថម្ភរបស់ពួកគេ និងលើកទឹកចិត្តឱ្យពួកគេបំបៅកូនដោយទឹកដោះម្តាយ»។

លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ ធអភិបាលរងខេត្តកំពត បានលើកឡើងថា៖ «ក្នុងនាមរដ្ឋបាលខេត្តកំពត ខ្ញុំសូមអំពាវនាវដល់កន្លែងធ្វើការដ៏ទៃទៀតក្នុងភូមិសាស្ត្រខេត្តកំពត មេត្តាពិចារណាក្នុងការរៀបចំបន្ទប់បំបៅដោះកូន ដើម្បីសម្រួលឱ្យស្ត្រីដែលត្រឡប់មកធ្វើការវិញអាចបន្តការបំបៅដោះកូនតទៅទៀតបានស្របតាមមាត្រា១៨៤ និង១៨៥ នៃច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជាយើង។ នៅពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមគាំទ្រទាំងស្រុងនូវសំនើររបស់គម្រោងការលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារគាំទ្រដោយអង្គការ ហេទ្បែន ខេលល័រ និងគម្រោង MUSEFO ដែលផ្តួចផ្តើមគំនិតជជែក និងពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងការពិចារណាការសម្រួលខ្លឹមសារខ្លះៗ លើរយៈពេលលំហែមាតុភាព និងតម្រូវការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ ព្រមទាំងខ្លឹមសារលើប្រាក់បៀវត្សដែលមានចែងក្នុងច្បាប់ការងារកម្ពុជា ពីព្រោះការសម្រួលខ្លឹមសារនេះពិតជានឹងផ្តល់ឱកាសដល់ស្រ្តីជាម្តាយអាចបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយ:ពេល៦ខែ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ផង និងស្របតាមការប្តេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជាផង»។

លោក Charles LI នាយករងរោងចក្រ KEME GARMENT (CAMBODIA) តំណាងឱ្យរោងចក្រ KEME GARMENT (CAMBODIA) និងរោងចក្រ JIA GARMENT បានលើកឡើងថា៖ «យើងខ្ញុំប្តេជ្ញាចិត្តនឹងបង្កបរិយាកាសសមស្របសម្រាប់ស្រ្តីអាចប្រើប្រាស់បន្ទប់បំបៅដោះកូន ដែលបានបង្កើតរួចនៅរោងចក្ររបស់យើងនេះ ព្រមទាំងផ្តល់ពេលវេលាសម្រាកដល់ស្រី្តក្នុងការបំបៅដោះកូននៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការច្របាច់ ឬបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅដែលបានបំពាក់រួចជាមួយនឹងការបំពាក់សម្ភារៈ និងឧបករណ៍គ្រប់គ្រាន់ ហើយយើងខ្ញុំមានការជឿជាក់ថាបុគ្គលិករបស់យើង ជាពិសេសបុគ្គលិកស្ត្រីនឹងមានការពេញចិត្ត មានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរទាំងខ្លួនគាត់ផ្ទាល់ កូន និងក្រុមគ្រួសារដែលជាបច្ច័យនាំមកនូវការកើនឡើងផលិតភាពការងារ និងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពបុគ្គលិកផងដែរ»។    

រូបភាពដោយ៖ អង្គការ ហេទ្បែន ខេលល័រ កម្ពុជា